ជាតិ
សាលា​រាជធានី​ភ្នំពេញ​ប្រជុំ​វាយតម្លៃ​ការងារ​ឆ្នាំ​២០១៩
26, Feb 2020 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ
​មន្ត្រី​ចំណុះ​សាលា​រាជធានី​ភ្នំពេញ​ទាំង​១៤​ខណ្ឌ​កំពុង​ជួបប្រជុំគ្នា​រយៈពេល​ពីរ​ថ្ងៃ​ដើម្បី​វាយតម្លៃ​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩​កន្លងទៅ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០​នេះ​។ ការបើក​សន្និបាត​បូកសរុប​ការងារ​បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​របស់លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

 
​ការពង្រីក​ដែនដី​រដ្ឋបាល​របស់​សាលា​រាជធានី សកម្មភាព​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ការពង្រីក​ទំនាក់ទំនង​អន្តរជាតិ​ជាមួយ​បណ្តា​ក្រុង​បរទេស ក៏ដូចជា​កំណើន​នៃ​ការវិនិយោគ​ក្នុង​វិស័យ​សំណង់​ជាដើម ទាំងនេះ​គឺ​ស្ថានភាព​ដែល​ត្រូវបាន​លើកឡើង​ដោយ​លោក​អភិបាល​រាជធានី ឃួ​ង ស្រេង នៅក្នុង​សុន្ទរកថា​បើក​សន្និបាត​បូកសរុប​ការងារ​របស់​សាលា​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​២៦​ខែកុម្ភៈ​នេះ​។ សន្និបាត​នេះ​នឹងត្រូវ​បិទ​បញ្ចប់​នៅ​រសៀល​ថ្ងៃទី​២៧​ខែកុម្ភៈ​។​
 
​កំណើន​សំណង់​តែង​ធ្វើឱ្យ​ភ្នំពេញ​ផ្លាស់ប្តូរ​ទិដ្ឋភាព​ខ្លាំង​។ យោងតាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​លោក​អភិបាល​រាជធានី គិត​ត្រឹម​ដំណាច់ឆ្នាំ ២០១៩ រាជធានី​ភ្នំពេញ​មាន​សំណង់​បុរី​ចំនួន ២៣៧ កន្លែង អគារ​ខ្ពស់ៗ​ចាប់ពី​៥​ជាន់​ឡើងទៅ​មាន​ចំនួន ១២៤៧​អគារ និង​បាន​ពិនិត្យ​ផ្តល់យោបល់​លើ​ប្លង់​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​ចំនួន ១០៣០​គម្រោង ដែលមាន​ទំហំ​វិនិយោគ​ប៉ាន់ស្មាន ៣,៤​ពាន់​លាន​ដុល្លារ​។​
 
​សមិទ្ធផល​ថ្មី​ចុងក្រោយ​របស់​សាលា​រាជធានី​ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​លើក​ទី​៣៩​របស់​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​កាលពី​ចុងឆ្នាំ​២០១៩ ក៏ត្រូវ​បានលើកឡើង​ដោយ​លោក​អភិបាល​រាជធានី​ដែល​ថ្លែង​ចាត់ទុកថា មោទនភាព​របស់​រាជ​ធានី​ភ្នំពេញ​ផងដែរ​។​
 
​នៅ​ចំពោះមុខ​មន្ត្រី​របស់លោក​ជាច្រើន​រយ​នាក់ លោក ឃួ​ង ស្រេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​សមិទ្ធផល និង​ស្នាដៃ​សំខាន់ៗ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៩ សុទ្ធសឹងតែ​បានមកពី​ការចូលរួមចំណែក​យ៉ាងសកម្ម​ពី​ក្រុមការងារ​ថ្នាក់​ចុះ​មូលដ្ឋាន ក្រុមប្រឹក្សា គណៈ​អភិបាល ថ្នាក់ដឹកនាំ​មន្ត្រីរាជការ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​»​។​
 
​គួរបញ្ជាក់​ឱ្យដឹងថា សព្វថ្ងៃនេះ​រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​ចំនួន​១៤ ស្មើនឹង​១០៥​សង្កាត់ និង​៩៥៣​ភូមិ នៅលើ​ផ្ទៃក្រឡា ៦៩២,៦៤ គីឡូម៉ែត្រ​ក្រឡា​។ រាជធានី​ភ្នំពេញ​មាន​ប្រជាពលរដ្ឋ​រស់នៅ​អចិន្ត្រៃយ៍​ចំនួន ២,២​លាន​នាក់ និង​មាន​ប្រជាជន​ស្នាក់នៅ​បម្រើ​ការងារ​ប្រមាណ​១​លាន​នាក់​ផ្សេងទៀត​៕

រូបថតពីហ្វេសប៊ុកសាលារាជធានីភ្នំពេញ៖















© រក្សាសិទ្ធិដោយ thmeythmey.com