កីឡាជាតិ
ជាតិ
កីឡាករ​ប្រដាល់សកល​កម្ពុជា អាចមាន​ទីផ្សារ​ទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន
27, Feb 2020 , 8:29 am        
រូបភាព
លោក​ ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា(អាវខ្មៅ)
លោក​ ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា(អាវខ្មៅ)
ដោយ:
​កីឡាករ​កីឡាការិនី​ប្រដាល់សកល​អាច​នឹងត្រូវ​បាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បញ្ជូន​ទៅ​ហ្វឹកហាត់​និង​ប្រកួត​នៅលើ​ទឹកដី​ជប៉ុន បើ​បន្ត​គ្មាន​សង្វៀន​ប្រកួត​នៅលើ​ទឹកដី​កម្ពុជា​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​គណៈកម្មការ​ប្រដាល់សកល​អាជីព​(Cambodia Professional Boxing Commission)​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ​២០២០​។

 
​ស្របពេល​ប្រដាល់សកល​នៅ​កម្ពុជា​ពុំ​សូវ​មាន​សង្វៀន​ប្រកួត សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បា​នស​ម្រ​ច​បង្កើត​គណៈកម្មការ​ប្រដាល់សកល​អាជីព ដើម្បី​សម្របសម្រួល​និង​ស្វែងរក​ទីផ្សារ​ប្រកួត​នៅក្រៅ​ប្រទេស​ជូន​កីឡាករ​កម្ពុជា​។ បើតាម​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ ក្រោយ​គណៈកម្មការ​នេះ ដាក់​ឲ្យ​ដំណើរការ កីឡាករ​អាច​នឹងមាន​ទីផ្សារ​ប្រកួត​ច្រើន​នៅក្រៅ​ប្រទេស ជាពិសេស​ប្រទេស​ជប៉ុន​តែម្តង​។   
 
​គោលបំណង​នៃ​ការបង្កើត​គណៈកម្មការ​ប្រដាល់សកល​អាជីព​នេះ គឺ​ដើម្បី​គ្រប់គ្រង​ការរៀបចំ​ការប្រកួត​កីឡាប្រដាល់​សកល​នៅ​កម្ពុជា​។ ជាពិសេស​ជួយ​សម្របសម្រួល​ក្នុងការ​បញ្ជូន​កីឡាករ​កីឡាការិនី​អាជីព​ទៅ​ហ្វឹកហាត់ និង​ប្រកួត​នៅក្រៅ​ប្រទេស​។ នេះ​ជា​ជំហាន​វិជ្ជមាន​មួយ​ក្នុង​ការជួយ​អភិវឌ្ឍន៍​វិស័យ​កីឡាប្រដាល់​សកល​នៅ​កម្ពុជា ដើម្បី​ឈាន​ឆ្ពោះទៅ​ដណ្តើម​មេដាយ​នៅ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។  


 
«​បើ​ប្រដាល់សកល​អាជីព​នៅតែ​គ្មាន​សង្វៀន​ប្រកួត​នៅក្នុង​ស្រុក សហព័ន្ធ និង​គណៈកម្មការ​ប្រដាល់សកល​អាជីព​កម្ពុជា នឹង​បញ្ជូន​កីឡាករ​ឲ្យ​ទៅ​ហ្វឹកហាត់ និង​ប្រកួត​នៅ​ប្រទេស​ជប៉ុន​។ គណៈកម្មការ​ប្រដាល់សកល​អាជីព​កម្ពុជា គឺជា​ស្ថាប័ន​តែមួយគត់​ដែលមាន​សិទ្ធិ​គ្រប់គ្រង​រៀបចំ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ប្រដាល់សកល​អាជីព​នៅ​កម្ពុជា ក៏ដូចជា​គ្រប់គ្រង និង​ដឹកនាំ​កីឡាករ​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប៊ុ​យ សុ​ភ័​ណ្ឌ​។ 
 
​គណៈកម្មការ​ប្រដាល់សកល​អាជីព​កម្ពុជា​ដែល​ដាក់​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ​២០២០ មាន​សមាជិក​១០​រូប​ក្នុងនោះ​ជនជាតិ​៨​រូប​។ សមាជិក​ទាំងនោះ​រួមមាន លោក ប៊ុ​យ សុភ័ណ ជា​ប្រធាន​, លោក Motohashi Yukiharu អនុប្រធាន​, លោក Isobe Masahiro នាយក​ប្រតិបត្តិ​, លោក ហ៊ុន ដាវី​រតនា នាយករង​ប្រតិបត្តិ​, លោកស្រី Motohashi Yuko, លោក Motohashi Ryotaro, លោក Motohashi Taiga, លោក Kamehashi Nagakazu, លោក Fukuda Akira និង​លោក Takamori Jou​។ 
 
​បច្ចុប្បន្ន​យើង​សង្កេតឃើញថា ស្ទើរ​គ្រប់​សង្វៀន​ប្រដាល់​នៅតាម​ស្ថានីយទូរទស្សន៍​ពុំមាន​ការប្រកួត​ប្រដាល់សកល​នោះទេ ភាគច្រើន​មានតែ​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​។ កត្តា​នេះ​បាន​ជះឥទ្ធិពល​អាក្រក់​ដល់​ដំណើរការ​អភិវឌ្ឍន៍​វិស័យ​កីឡាប្រដាល់​សកល​នៅ​កម្ពុជា​។ កីឡាករ​ប្រដាល់សកល​មួយចំនួន​បាន​ផ្លាស់​ទៅ​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ ដោយសារ​កីឡា​នេះ​មាន​ទីផ្សារ​ប្រកួត​ច្រើន​៕  



Tag:
 ប្រដាល់សកល​
  ប៊ុ​យ សុ​ភ័​ណ្ឌ​
  គណៈកម្មការ​ប្រដាល់សកល​អាជីព
© រក្សាសិទ្ធិដោយ thmeythmey.com