COVID-19
អន្តរជាតិ
៥​ប្រទេស​ទៀត​មាន COVID-19៖ រូ​ម៉ា​នី ន័​រវេ​ស ហ្ស​ក​ហ្ស៊ី ម៉ា​សេ​ដ្វា​ន​ខាងជើង និង​ប៉ា​គី​ស្ថាន​
27, Feb 2020 , 7:04 am        
រូបភាព
រដ្ឋមន្ត្រី​សុខាភិបាលម៉ាសេដ្វានខាងជើង លោក Venko Filipce
រដ្ឋមន្ត្រី​សុខាភិបាលម៉ាសេដ្វានខាងជើង លោក Venko Filipce
ដោយ: រួបរួម
ការរកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស ឡើងដល់​៤៥​ប្រទេស​ហើយ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ទី​២៧ ខែកុម្ភៈ​នេះ​។ ប្រទេស​ដែល​ទើប​រកឃើញ​រួមមាន រូ​ម៉ា​នី ន័​រវេ​ស ហ្ស​ក​ហ្ស៊ី ម៉ា​សេ​ដ្វា​ន​ខាងជើង និង​ប៉ា​គី​ស្ថាន​។​



​នៅ​រូ​ម៉ា​នី លោក Victor Costache រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អះអាង​ពី​ការរកឃើញ​ករណី​ដំបូង​នៅ​ខេត្ត Gorj ខណៈ​សមាជិកគ្រួសារ​រ​បស់​បុរស​នោះ​យ៉ាងហោចណាស់​៧​នាក់ ត្រូវ​ស្ថិតក្រោម​វិធាន​ច​ត្តា​ឡី​ស័ក​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ Digi24.ro​។​

​ប្រធាន​ភ្នាក់ងារ​សុខភាព​សាធារណ​ន័​រវេ​ស (FHI) លោក Line Vold បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ពី​ការ​តេស្ត​ឃើញ COVID-19 លើកដំបូង​ក្នុង​ទឹកដី​របស់ខ្លួន ដោយ​អ្នកជំងឺ​ទើប​វិលត្រឡប់​ពី​ប្រទេស​ចិន កាលពី​ចុង​សប្តាហ៍​មុន​។​

​នៅ​ហ្ស​ក​ហ្ស៊ី អ្នកជំងឺ​ដំបូង​គឺជា​បុរស​វ័យ​៥០​ឆ្នាំ​ម្នាក់​ដែលជា​ជនជាតិ​ហ្ស​ក​ហ្ស៊ី​ផ្ទាល់ ដែល​ទើប​វិល​ពី​អ៊ីរ៉ង់ ដោយ​ឆ្លងកាត់​អា​សែ​បៃ​ហ្ស​ង់​។ រដ្ឋមន្ត្រី​សុខាភិបាល​ហ្ស​ក​ហ្ស៊ី លោកស្រី Ekaterine Tikaradze អះអាងថា ស្ថានភាព​អ្នកជំងឺ​មិនមាន​បញ្ហា​ឡើយ​។​

​នៅឯ​ម៉ា​សេ​ដ្វា​ន​ខាងជើង រដ្ឋមន្ត្រី​សុខាភិបាល លោក Venko Filipce បានបញ្ជាក់​ពី​ករណី COVID-19 លើ​ស្ត្រី​ម្នាក់​ដែល​កើត​នៅ​ឆ្នាំ​១៩៧០ នៅ​ក្រុង Skopje​។ យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន Makfax ស្ត្រី​នោះ​ទើប​វិលត្រឡប់​ពី​អ៊ីតាលី​។​

​នៅ​ប៉ា​គី​ស្ថាន ពីរ​ករណី​ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់​។ វេជ្ជបណ្ឌិត Zafar Mirza ជំនួញ​ការ​ពិសេស​របស់​នាយករដ្ឋមន្ត្រី ដែល​ទទួលបន្ទុក​ផ្នែក​សុខាភិបាល បាន​អះអាង​បែបនេះ​នៅក្នុង Twitter របស់ខ្លួន ដោយ​អ្នកជំងឺ​ទាំងពីរ​សុទ្ធ​តែមាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​អ៊ីរ៉ង់​។​

​ប្រទេស​៤០​ទៀត​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (+​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា និង​ស្រីលង្កា​។​
 
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អ៊ីស្រាអែល អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស និង​ក្រិ​ក​។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេ​ហ្ស៊ី​ប អាល់​ហ្សេ​រី និង​ប្រេ​ស៊ី​ល​៕



Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com