អន្តរជាតិ
នាយករដ្ឋមន្ត្រី​និង​យោធា​ថៃ​បដិសេធ​យុទ្ធនាការ​បណ្តាញ​សង្គម​ប្រឆាំង​ក្រុម​នយោបាយ​ប្រឆាំង​
27, Feb 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha ដើរឆ្ពោះទៅកាន់វិមានរដ្ឋាភិបាល នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha ដើរឆ្ពោះទៅកាន់វិមានរដ្ឋាភិបាល នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។
ដោយ: VOA
​នាយករដ្ឋមន្ត្រី​ថៃ លោក Prayuth Chan-ocha និង​យោធា​ថៃ កាលពី​ថ្ងៃ​ពុធ បាន​បដិសេធ ការ​ចោទ​របស់​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដែលថា យោធា​កំពុង​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក និង Twitter ក្លែង​ក្លាយជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការឃោសនា​តាម​បណ្តាញ​សង្គម ដើម្បី​វាយប្រហារ​អ្នកនយោបាយ​ប្រឆាំង​និង​សកម្មជន​សិទ្ធិមនុស្ស​។​

 
​ការចោទប្រកាន់​នេះ​បាន​នាំ​ឲ្យ​លោក Prayuth ដើរ​ចេញពី​ការជជែក​តឹងតែង​មួយ​ក្នុង​សភា​កាលពី​ថ្ងៃ​អង្គារ​ក្រោយពី​តំណាងរាស្ត្រ​ម្នាក់​ពី​គណបក្សប្រឆាំង អនាគត​ថ្មី ឬ Future Forward បានបង្ហាញ​ឯកសារ​ផ្ទៃក្នុង​យោធា​ដែល​បញ្ជា​ឲ្យ​មន្ត្រី​ទាហាន​ធ្វើ​ដូច្នេះ​។​
 
​លោកនាយក​រដ្ឋមន្ត្រី​ថៃ បាន​ថ្លែង​ទៅកាន់​អ្នកកាសែត​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​ថៃ​មិនមាន​គោលនយោបាយ​បែបនេះ​ទេ​ហើយ​ថា​លោក​នឹងធ្វើ​ការស៊ើបអង្កេត​។​
 
​មកទល់នឹង​ពេលនេះ​មិនទាន់មាន​ការឆ្លើយតប​អ្វី​ពី​ក្រុមហ៊ុន​បណ្តាញ​សង្គម Facebook និង Twitter ឡើយ​។​
 
​សម្ព័ន្ធភាព​រដ្ឋាភិបាល​ចម្រុះ​របស់លោក Prayuth កាន់​តែមាន​ភាពរឹងមាំ​ក្រោយពី​គណបក្ស​អនាគត​ថ្មី Future Forward កាលពី​សប្តាហ៍​មុន​ត្រូវបាន​រំលាយ ដោយហេតុ​ផល​ថា​គណបក្ស​នេះ​បានធ្វើ​ខុសច្បាប់​ដែល​យក​ឥណទាន​ពី​ស្ថាបនិក​មហាសេដ្ឋី​របស់ខ្លួន​។ គណបក្ស Future Forward ជា​គណបក្ស​មាន​តំណាងរាស្ត្រ​ច្រើនជាងគេ​ទី​៣​ក្នុង​សភា​ថៃ​។​
 
​ការរំលាយ​គណបក្ស​អនាគត​ថ្មី បាន​នាំ​ឲ្យ​មាន​បាតុកម្ម​រាល់ថ្ងៃ​ពី​និស្សិត​ថៃ ដែលជា​ក្រុម​អ្នកគាំទ្រ​គណបក្ស​នេះ​ច្រើនជាងគេ​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com