COVID-19
អន្តរជាតិ
សះស្បើយ​ម្ដង​ហើយ តែ​ជាង​២​សប្តាហ៍​ក្រោយ ស្ត្រី​ជប៉ុន​ម្នា​ក់កើត COVID-19 លើក​ទី​២
27, Feb 2020 , 9:19 pm        
រូបភាព
ស្ត្រីម្នាក់ កំពុងតថ្លៃទិញទំនិញនៅក្រុង តូក្យូ ប្រទេសជប៉ុន នៅថ្ងៃ ១៧ ខែកុម្ភៈ ឆ្នាំ២០២០ (AFP)
ស្ត្រីម្នាក់ កំពុងតថ្លៃទិញទំនិញនៅក្រុង តូក្យូ ប្រទេសជប៉ុន នៅថ្ងៃ ១៧ ខែកុម្ភៈ ឆ្នាំ២០២០ (AFP)
ដោយ:
​មន្ត្រី​សុខាភិបាល​ក្រុង អូ​សា​កា បាន​បញ្ជាក់ថា ស្ត្រី​ម្នាក់​វ័យ​៤០​ឆ្នាំ​ដែល​ទទួល​ការព្យាបាល​ជាសះស្បើយ​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19) ហើយ​បានអនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​កាលពីដើម​ខែកុម្ភៈ​នេះ បានធ្វើ​តេស្ត​ជំងឺ​នេះ​វិជ្ជមាន​ជាថ្មី​ម្ដងទៀត នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ​។ នេះ​បើតាម​ទូរទស្សន៍​ជប៉ុន NHK ។​

 
​ស្ត្រី​ជនជាតិ​ម្នាក់​នោះ គឺជា​មគ្គទេសិកា​ដែល​រស់នៅក្នុង​ទីក្រុង អូ​សា​កា (Osaka) ភាគ​ខាងលិច​នៃ​ប្រទេស​ជប៉ុន ។ នាង​បាន​ជិះ​នៅលើ​រថយន្តក្រុង​មួយ​ដែល​ដឹក​ជូន​ភ្ញៀវទេសចរ​មកពី​ក្រុង វូ​ហាន ប្រទេស​ចិន កាលពី​ពាក់កណ្ដាល​ខែមករា ឆ្នាំ​២០២០ ហើយ​បានធ្វើ​តេស្ត​ជំងឺ COVID-19 ដោយមាន​លទ្ធផល​វិជ្ជមាន កាលពី​ថ្ងៃទី​២៩ ខែមករា​។ 
 
​ក្រោយមក ស្ត្រី​ជប៉ុន​រូបនេះ  បានអនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​០១ ខែកុម្ភៈ ហើយ​បាន​បញ្ជាក់ថា លែងមាន​ផ្ទុក​វីរុស​នេះ នៅ​ថ្ងៃ​០៦ ខែកុម្ភៈ​។ ក៏ប៉ុន្តែ​នៅ​ថ្ងៃទី ១៩ ខែកុម្ភៈ រូបនាង បាន​មាន​រោគសញ្ញា​ឈឹ​បំពង់ក និង​ឈឹ​ដើមទ្រូង​។ មួយ​សប្តាហ៍​ក្រោយមក ស្ត្រី​រូបនេះ ត្រូវបាន​ពេទ្យ​ឲ្យ​ធ្វើតេស្ត ហើយ​បាន​រកឃើញថា​ឆ្លង​ជាថ្មី​។  នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ NHK ។ 
 
​ស្ត្រី​រូបនេះ ត្រូវបាន​រាយការណ៍​ថា ពាក់​ម៉ាស់​ជាប់​ជានិច្ច ពេល​ដើរចេញ​ក្រៅ ហើយ​តែង​សម្ងំ​នៅផ្ទះ​ក្រោយ​ចាក​ចេញពី​ពេទ្យ​មក​។ នាង​លែង​ទៅធ្វើ​ការ ហើយ​គ្មាន​ប៉ះ​ផ្ទាល់​ជាមួយ​នរណាម្នាក់​ឡើយ​។ បច្ចុប្បន្ន នាង​កំពុង​សម្រាក​ព្យាបាល​ក្នុង​ទីក្រុង​នោះ​។ តាម​ទូរទស្សន៍ NHK មន្ត្រី​សុខាភិបាល​ក្រុង​នេះ ជឿថា វីរុស​កូ​រ៉ូ​ណា ទំនង​មាន​ច្រើន​ក្នុង​ខ្លួន​របស់​ស្ត្រី​នោះ ឬក៏​ស្ត្រី​នេះ ទំនង​ឆ្លង COVID-19 ជាថ្មីទៀត​។ 
 
​តាម​កាសែត​ជប៉ុន Nikkei Asian Review ក្រសួងសុខាភិបាល​ជប៉ុន បាន​បញ្ជាក់ថា ករណី​ស្ត្រី​វ័យ​៤០​ឆ្នាំនេះ គឺជា​ករណី​ដំបូង​ក្នុងប្រទេស​ជប៉ុន ដែល​អ្នកជំងឺ​រូបនេះ​ធ្វើតេស្ត​វិជ្ជមាន​ជា​លើក​ទី​២ ក្រោយ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​។ ទោះបីជា​លើកដំបូង​ក្នុងប្រទេស​ជប៉ុន ករណី​ធ្វើតេស្ត​វិជ្ជមាន​ជា​លើក​ទី​២​បែបនេះ ធ្លាប់​ត្រូវបាន​រកឃើញ​ក្នុងប្រទេស​ចិន​ផងដែរ ទី​ដែល​ជំងឺ​នេះ​ផ្ទុះ​រីក​រាលដាល កាលពី​ចុង​ឆ្នាំមុន​។​
 
​សូមបញ្ជាក់ថា ការរីក​រាលដាល​នៃ​ជំងឺ COVID-19 នេះ បាន​ឆ្លង​មនុស្ស​ប្រមាណ​៨​ម៉ឺន​ហើយ​ជា​សាកល ហើយ​បានសម្លាប់​មនុស្ស​ជិត​២៨០០​នាក់ ហើយ​ភាគច្រើន​ក្នុងប្រទេស​ចិន​។ សម្រាប់​ប្រទេស​ជប៉ុន ករណី​ឆ្លង COVID-19 មាន​សរុប ១៨៩​ករណី ហើយ​មាន​អ្នកស្លាប់​៣​នាក់​៕

Tag:
 ជប៉ុន​
  COVID-19
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com