ជាតិ
សិល្បករ​៩​រូប​តាំង​បង្ហាញ​ស្នាដៃ «​ដំណើរ​ត្រាច់ចរ​សិល្បៈ​» លើក​ទី​២ នៅ​សួន​ស្ថានទូត​បារាំង​
27, Feb 2020 , 4:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សិល្បករ ក៏ដូចជា​អ្នកជំនាញ​ថតរូប​ចំនួន​៩​រូប នឹងដាក់​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍ «​ដំណើរ​ត្រាច់ចរ​សិល្បៈ​» លើក​ទី​២ នៅក្នុង​ឧទ្យាន​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែមីនា ខាងមុខនេះ​។​

 
​ជា​កន្លែង​ចងចាំ​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ជា​លំហ​បៃតង​ដ៏​ធំជាងគេ​មួយ​នៅ​រាជធានី​ភ្នំពេញ ឧទ្យាន​ស្ថានទូត​បារាំង នឹង​ក្លាយជា​ទីតាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​ដ៏​អស្ចារ្យ​របស់ លោក​អ៊ុក ជឹម​វិចិត្រ​, លោក​រៀម មុនី​ស៊ី​ឡុង​, លោក​ម៉ក់ រ៉េមី​ស្សា​, លោក​លាង ស៊ី​កន​, លោកស្រី បណ្តូល​, លោក​មាស សុឃន​, លោក ពេជ្រ សុភាព លោក​ទិ​ត្យ វាសនា និង​ជនជាតិ​បារាំង លោក​ក្រេ​ហ្កូ​រី ហ្គោ​សឡាំង​។​
 
​ស្នាដៃ​របស់​សិល្ប​ករទាំង​៩​រូប ដែលជា​សិល្បៈ​សហ​សម័យ ត្រូវបាន​រចនា​ឡើងជា​ពិសេស​សម្រាប់​ព្រឹ​ត្ត​ការណ៍ «​ដំណើរ​ត្រាច់ចរ​សិល្បៈ​» លើក​ទី​២ នេះ ដោយមាន​លក្ខណៈ​សមសួន​ជាមួយនឹង​បរិស្ថាន ដើមឈើ​ធំៗ ពោលគឺ​ធម្មជាតិ​របស់​ស្ថានទូត​។ 
 
​អ្នកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា បាន​យល់ឃើញថា ក្រៅពី​លក្ខណៈ​លម្អ ដើមឈើ​ទាំងនេះ បាន​ក្លាយជា​តួអង្គ​ពិតៗ​របស់​ពិព័រណ៍​ទាំងមូល​។ អ្នកស្រី​មានប្រសាសន៍ថា ៖ «​តាមរយៈ​ការ​រចនា​របស់​សិល្បក​រ       ដើមឈើ​ទាំងនេះ​បានក្លាយ​ទៅ​ជាស​ភាវរស់​ម្យ៉ាង​ប្រកបដោយ​រូបឆោម​លោមព័ណ៌​ល្អ​ដែល​យើង​ត្រូវ​ថែរក្សា​ផង  ជាទី​ជម្រក និង​ជា​សាក្សី​នៃ​ការចងចាំ​ផង​។ ដើមឈើ​ទាំងនេះ​ហាក់ដូចជា​វត្ថុ​នឹងថ្កល់ ដែល​ផ្តល់​អត្ថន័យ​ដល់​ជីវិត​»​។​
 
​ស្ថានទូត​បារាំង ដោយ​រួមសហការ​ជាមួយ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា បាន​ផ្តួចផ្តើម​គម្រោង​នេះ​ឡើង​ដើម្បី​លើកស្ទួយ​តម្លៃ​នៃ​ការបង្កើត​ស្នាដៃ​សិល្បៈ   និង​កិច្ចសហប្រតិបត្តិការ​វប្បធម៌​បារាំង​-​កម្ពុជា​។ ព្រឹ​តិ្ត​ការណ៍​នេះ​បើក​ឱ្យ​សាធារណជន​ចូលរួម​ដោយ​សេរី ដោយ​ពុំ​ចាំបាច់​ចុះឈ្មោះ​ជាមុន​នោះទេ​៕

















































Tag:
 (​ទូត​បារាំង​
 ​សិល្បករ​
 ​ដំណើរ​ត្រាច់ចរ​សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com