អន្តរជាតិ
ចិន​៖ ក្រុង​មួយ​នៅ​ខេត្ត​ហ៊ូ​ប៉ី ឲ្យ​លុយ​១៤០០​ដុល្លារ​ដល់​អ្នកជំងឺ COVID-19 ដែល​រាយការណ៍​ជូន​អាជ្ញាធរ​
28, Feb 2020 , 8:19 am        
រូបភាព
បុរសម្នាក់ជិះម៉ូតូមួយគ្រឿងលើដងផ្លូវក្នុងក្រុង វូហាន កាលពីថ្ងៃ ២៦ កុម្ភៈ ឆ្នាំ២០២០ (Reuters)
បុរសម្នាក់ជិះម៉ូតូមួយគ្រឿងលើដងផ្លូវក្នុងក្រុង វូហាន កាលពីថ្ងៃ ២៦ កុម្ភៈ ឆ្នាំ២០២០ (Reuters)
ដោយ:
​ទីក្រុង​មួយ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី ភាគ​កណ្ដាល​នៃ​ប្រទេស​ចិន​ដែលជា​ចំណុច​ផ្ដើម​នៃ​ការផ្ទុះ​រាលដាល​ជំងឺឆ្លង​កូ​រ៉ូ​ណា នឹង​ផ្ដល់​ប្រាក់រង្វាន់​ដល់​ទៅ ១​ម៉ឺន​យ័ន (១៤២៥​ដុល្លារ​) ជូន​ពលរដ្ឋ​ខ្លួន ប្រសិនបើ​ពួកគេ​រាយការណ៍​រោគសញ្ញា​នៃ​ជំងឺ COVID-19 ហើយ​លទ្ធផល​ធ្វើតេស្ត​បង្ហាញថា​វិជ្ជមាន​។

 
​ក្រុមការងារ​នៃ​ទីក្រុង Qianjiang ដែល​ទទួលបន្ទុក​ការឆ្លង​កូ​រ៉ូ​ណាវី​រុស បានបញ្ជាក់​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា ពលរដ្ឋ​នឹង​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត ១​ម៉ឺន​យ័ន ឬ​ស្មើ​ជាង​១៤០០​ដុល្លារ ប្រសិន​ជំងឺ COVID-19 ពួកគេ ត្រូវបាន​បញ្ជាក់ថា​វិជ្ជមាន​។ សម្រាប់​អ្នក​ដែល​ធ្លាប់​កើត​ជំងឺ​នេះ​រួចហើយ នឹង​ពុំ​គ្មាន​សិទ្ធិ​ទទួល​ប្រាក់រង្វាន់​នេះឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​ព័ត៌មាន Reuters ។​
 
​ក្រុង Qianjiang ដែលមាន​ចម្ងាយ​១៥០​គីឡូម៉ែត្រ​ពី​ក្រុង​វូ​ហាន មាន​មនុស្ស​រស់នៅ​ជិត​មួយ​លាន​នាក់​។ គិត​មក​ត្រឹម​ពេលនេះ ទីក្រុង​នេះ បាន​រកឃើញ​ករណី​ឆ្លង COVID-19 ចំនួន ១៩៧ នាក់ ហើយ​អាជ្ញាធរ​ប្រឹងប្រែង​ទប់ស្កាត់​ការឆ្លង និង​ធានាថា ពលរដ្ឋ​ខ្លួន​ទទួល​ការព្យាបាល​សមរម្យ​។ 
 
​ក្រៅពី​ទីក្រុង​នេះ បណ្ដា​ផ្នែក​ផ្សេងទៀត​នៃ​ខេត្ត ហ៊ូ​ប៉ី រួមមាន ស្រុក Hanyang នៃ​ក្រុង វូ​ហាន និង​ទីក្រុង Huangguang ក៏បាន​ប្រកាស​ផ្ដល់ប្រាក់​រង្វាន់​ជូន​អ្នក​ដែល​ស្ម័គ្រចិត្ត​ត្រួតពិនិត្យ​សុខភាព​ផងដែរ ក៏ប៉ុន្តែ​ត្រឹមតែ ៥០០​យ័ន​ប៉ុណ្ណោះ ឬ​៧១​ដុល្លារ​។ 
 
​សូមបញ្ជាក់ថា ខេត្ត ហ៊ូ​ប៉ី បានបញ្ជាក់​ពី​ការរកឃើញ​ករណី​ឆ្លង​សរុប ៦៥០០០​ករណី និង​អ្នកស្លាប់​ជាង​២៦០០​នាក់ ដោយសារ​ជំងឺ COVID-19​។ នៅ​ទូទាំង​ពិភពលោក អ្នកស្លាប់​សរុប មាន​ចំនួន​ប្រមាណ ២៨០០​នាក់ និង​អ្នកជំងឺ​ប្រមាណ​៨​ម៉ឺន​នាក់​។ 
 
​មកដល់ពេលនេះ ៤៧​ប្រទេស​ហើយ​ដែល​រកឃើញ​អ្នក​ឆ្លង COVID-19​។ អេ​ស្តូ​នី និង​ដា​ណឺ​ម៉ា​កនៅ​ថ្ងៃទី​២៧ ខែកុម្ភៈ នេះ បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) រៀងៗ​ខ្លួន​។ 
 
​កន្លងមក ប្រទេស​៤៧​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន​។ បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អ៊ីស្រាអែល អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ហ្ស​ក​ហ្ស៊ី ដា​ណឺ​ម៉ាក និង​អេ​ស្តូ​នី​។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេ​ហ្ស៊ី​ប អាល់​ហ្សេ​រី និង​ប្រេ​ស៊ី​ល​៕

Tag:
 ចិន​
  ហូ​ប៉ី​
  COVID-19
  កូ​រ៉ា​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com