COVID-19
អន្តរជាតិ
COVID-19 ឆ្លង​ដល់​៤៩​ប្រទេស​ហើយ ក្រោយ​ហូ​ឡង់ និង​សាំងម៉ារ៉ាំង រកឃើញ​ករណី​ដំបូង​
28, Feb 2020 , 6:50 am        
រូបភាព
មន្ត្រីសុខាភិបាលសាន់ម៉ារីណូ ពិភាក្សាគ្នា​លើករណី COVID-19។ រូបថត tuttoggi
មន្ត្រីសុខាភិបាលសាន់ម៉ារីណូ ពិភាក្សាគ្នា​លើករណី COVID-19។ រូបថត tuttoggi
ដោយ: រួបរួម
គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ ទី​២៨ ខែកុម្ភៈ នេះ ប្រទេស​ដែល​ឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19) ឡើងដល់​៤៩​ប្រទេស​ហើយ បន្ទាប់ពី​ហូ​ឡង់ និង​សាធារណរដ្ឋ​សាំងម៉ារ៉ាំង បានប្រកាស​ពី​ការរកឃើញ​ករណី​ដំបូង​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន​។​



​ក្រសួងសុខាភិបាល​ហូ​ឡង់​តាមរយៈ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន បាន​អះអាង​ពី​ការរកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19) របស់ខ្លួន​នា​ថ្ងៃទី​២៧ ខែកុម្ភៈ ដោយ​អ្នកជំងឺ​ទើបតែ​បាន​ទៅកាន់​តំបន់ Lombardy ប្រទេស​អ៊ីតាលី​។ ចំពោះ​ករណីនេះ វិទ្យាស្ថាន​ជាតិ​សម្រាប់​សុខភាព​សាធារណៈ និង​បរិស្ថាន ហូ​ឡង់ អំពាវនាវ​ដល់​អ្នក​ដែល​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​តាមដាន​សុខភាព​ខ្លួនឯង ឬ​ទៅពិនិត្យ​សុខភាព ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៅក្នុង​ប្រទេស​។

​ស្របពេល​ជាមួយគ្នានេះ សាធារណរដ្ឋ​សាំងម៉ារ៉ាំង ដែល​ស្ថិត​ក្នុងចំណោម​ប្រទេស​ដ៏​តូច​ជាងគេ​លើ​ពិភពលោក បាន​តេស្ត​ឃើញ​វិជ្ជមាន​បុរស​វ័យ​៨៨​ឆ្នាំ​ម្នាក់ ដែល​បាន​ចូល​មន្ទីរពេទ្យ Rimini Infermi កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ​។ បច្ចុប្បន្ន​អ្នកជំងឺ​ស្ថិតក្នុង​ស្ថានភាព​មិនសូវ​ល្អ​ឡើយ ដោយសារតែ​គាត់​មាន​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងទៀត រីឯ​វេជ្ជបណ្ឌិត​ដែល​តេស្ត​រកឃើញ​មេរោគ និង​ក្រុមគ្រួសារ​បុរស​នោះ ត្រូវដាក់​ក្រោម​វិធាន​ច​ត្តា​ឡី​ស័ក​។​

​ដោយឡែក​នៅ​ចក្រភព​អង់គ្លេស BBC បាន​ផ្សាយ​ពី​ការរកឃើញ​ករណី​ដំបូង​នៅ​អៀរ​ឡង់​ខាងជើង ដែល​ស្ត្រី​ម្នាក់ បានធ្វើ​ដំណើរ​ពី​ភាគ​ខាង​អ៊ីតាលី​ទៅកាន់​ក្រុង Dublin​។
.
​កន្លងមក ប្រទេស​៤៧​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន​។

​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង ចក្រភព​អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អ៊ីស្រាអែល អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ហ្ស​ក​ហ្ស៊ី ដា​ណឺ​ម៉ាក និង​អេ​ស្តូ​នី​។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេ​ហ្ស៊ី​ប អាល់​ហ្សេ​រី និង​ប្រេ​ស៊ី​ល​៕


Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com