COVID-19
អន្តរជាតិ
​នី​ហ្សេ​រី​យ៉ា ជា​ប្រទេស​ទី​៥០​ដែល​រកឃើញ​ករណី​ឆ្លង COVID-19
28, Feb 2020 , 8:55 am        
រូបភាព
ដោយ: រួបរួម
​ក្រសួងសុខាភិបាល​នី​ហ្សេ​រី​យ៉ា តាមរយៈ​បណ្តាញ​សង្គម Twitter របស់ខ្លួន បាន​អះអាង​ពី​ការរកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19) ដំបូង នៅក្នុង​រដ្ឋ Lagos នា​ថ្ងៃទី​២៧ ខែកុម្ភៈ​។ នី​ហ្សេ​រី​យ៉ា បាន​ក្លាយជា​ប្រទេស​ទី​៥០ ដែល​រកឃើញ​ករណី​ឆ្លង COVID-19 និង​ជា​ប្រទេស​អាហ្វ្រិក​ទី​៣ បន្ទាប់ពី​អេ​ហ្ស៊ី​ប និង​អាល់​ហ្សេ​រី​។​

 
​ស្នងការ​ទទួលបន្ទុក​ផ្នែក​សុខាភិបាល​នី​ហ្សេ​រី​យ៉ា សាស្ត្រាចារ្យ Akin Abayomi បាន​បញ្ជាក់ថា ករណី​ដំបូង​នៅ​នី​ហ្សេ​រី​យ៉ា គឺជា​ជនជាតិ​អ៊ីតាលី​ម្នាក់ ដែល​បាន​ទៅដល់​រដ្ឋ Lagos កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ក្នុង​បេសកកម្ម​ជំនួញ​របស់ខ្លួន​។​
 
​កន្លងមក ប្រទេស​៤៩​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន​។​
 
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង ចក្រភព​អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អ៊ីស្រាអែល អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ហ្ស​ក​ហ្ស៊ី ដា​ណឺ​ម៉ាក អេ​ស្តូ​នី ហូ​ឡង់ និង​សាំង​ម៉ា​រាំង​។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេ​ហ្ស៊ី​ប អាល់​ហ្សេ​រី និង​ប្រេ​ស៊ី​ល​៕

© រក្សាសិទ្ធិដោយ thmeythmey.com