COVID-19
អន្តរជាតិ
កីឡាករ​បាល់ទាត់​ម្នាក់​នៅ​ក្របខណ្ឌ Serie C អ៊ីតាលី មាន COVID-19
28, Feb 2020 , 9:37 am        
រូបភាព
ដោយ: រួបរួម
King Udoh ដែល​លេង​នៅ​ក្លិប Pianese ក្នុង​ក្របខណ្ឌ Serie C អ៊ីតាលី បាន​ក្លាយជា​កីឡាករ​អាជីព​ដំបូង​ដែល​ឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​អ៊ីតាលី La Gazzetta dello Sport និង La Nazione​។​

 
Udoh អាយុ​២២​ឆ្នាំ សញ្ជាតិ​អ៊ីតាលី​-​នី​ហ្សេ​រី​យ៉ា មាន​អាការ​មិនសូវ​ស្រួលខ្លួន នា​ការប្រកួត​ចុង​សប្តាហ៍​កន្លងមក​ជាមួយ​ក្លិប U23 Juventus​។ ក្រោយមក​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ Sienne មុននឹង​ពិនិត្យឃើញ​វិជ្ជមាន​កូ​រ៉ូ​ណាវី​រុស​។​
 
​ក្រោយ​ករណីនេះ សមាជិក​ក្លិប Pianese ទាំងមូល​ត្រូវ​បានដាក់​ក្រោម​វិធាន​ច​ត្តា​ឡី​ស័ក ដោយ​បច្ចុប្បន្ន មិនមាន​អ្នកណាម្នាក់​កើតរោគ​សញ្ញា​សង្ស័យ​ឡើយ​។ ស្របពេល​ជាមួយគ្នា ក្លិប Juventus បាន​ហាមប្រាម​ឈុត U23 របស់ខ្លួន ទៅ​ទំនាក់​ទំនងជា​មួយឈុត​ធំ​។​
 
​គិត​មកដល់ពេលនេះ អ៊ីតាលី មាន​អ្នក​ឆ្លង​ដល់​៦៥៥​ករណី ដែល​ក្នុងនោះ​១៧​ករណី​បាន​ស្លាប់ ៤៥​ករណី​ជាសះស្បើយ និង​១៩​ករណី​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com