កីឡាជាតិ
ជាតិ
រដ្ឋាភិបាល​គ្រោង​ចំណាយ​មួយ​សហព័ន្ធ ១​លាន​ដុល្លារ ដើម្បី​រៀបចំ​ទីលាន​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
29, Feb 2020 , 2:01 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​កញ្ចប់​ថវិកា​រួចរាល់​ហើយ ដើម្បី​ចំណាយ​លើ​ការសាងសង់ ជួសជុល និង​កែលម្អ​ទីលាន​តាម​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ​ឲ្យ​ស្រម​តាម​ស្តង់ដា​អន្តរជាតិ សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម (CAMSOC) បាន​បញ្ជាក់ថា គម្រោង​សាងសង់ ជួសជុល​និង​កែលម្អ​ទីលាន​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០២០​។ CAMSOC កាលពី​ថ្ងៃទី​២៥ កុម្ភៈ បាន​ជួប​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ដើម្បី​ឲ្យ​ពួកគេ​លើក​ពី​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​ទីលាន​ប្រកួត និង​ធនធានមនុស្ស​។​

 
​បញ្ហា​ទីលាន​ប្រកួត​ជា​បញ្ហា​ចម្បង​មួយ​ក្នុងចំណោម​បញ្ហាសំខាន់ៗ​ជាច្រើន ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ត្រូវ​យកចិត្តទុកដាក់​និង​ដោះស្រាយ​មុនគេ មុន​ឈានទៅ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣​។ បញ្ហា​អភិវឌ្ឍន៍​ធនធាន​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស​អាជ្ញាកណ្តាល​ចៅក្រម ក៏​ជា​បញ្ហា​ចម្បង​ដែល CAMSOC ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ផងដែរ​។ ដ្បិត​ម្ចាស់ផ្ទះ តែងតែ​ចង់បាន​មេដាយ​ច្រើន បន្ថែម​លើ​ការរៀបចំ​មានដំណើរ​ការល្អ​។ 
 
​ជាក់ស្តែង​កាលពី​ថ្ងៃទី​២៥ កុម្ភៈ CAMSOC បានរៀបចំ​កិច្ចប្រជុំ​មួយ ដោយមាន​ការចូលរួម​ពី​តំណាង​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ដែល​គ្រោង​ដាក់​ឲ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ក្នុង​កិច្ចប្រជុំ​នោះ​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គ​នាយ​នៃ​អគ្គនាយដ្ឋាន​កីឡា និង​ជា​អគ្គលេខាធិការរង​នៃ CAMSOC បានធ្វើ​បទ​បង្ហាញ​ពី​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​អភិវឌ្ឍ​ធនធាន​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស​។ ចំណែក​លោក ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​ទីលាន​ប្រកួត​នៃ CAMSOC បានធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​លក្ខណៈ​ស្តង់ដា​នៃ​ទីលាន​ប្រកួត​។​
 
​នា​កិច្ចប្រជុំ​នោះដែរ CAMSOC ផ្តល់ឱកាស​ឲ្យ​តំណាង​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ​លើក​ពី​បញ្ហា​ប្រឈម​និង​សំណើរ​នានា​ពាក់ព័ន្ធ​ទីលាន​ប្រកួត និង​ការអភិវឌ្ឍ​ធនធានមនុស្ស​។ តាម​ការលើកឡើង​រប​ស់​តំណាង​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ បញ្ហា​ដែល​សហព័ន្ធ​កីឡា​ជាតិ​ភាគច្រើន​កំពុង​ប្រឈម គឺពាក់ព័ន្ធ​ភាព​ស្តង់ដា​នៃ​ទីលាន ដ្បិត​បច្ចុប្បន្ន​ទីលានរ​បស់​ពួកគេ​ពុំទាន់​ស្របតាម​ស្តង់ដា​នោះទេ​។   
 
​ក្រោយ​ស្តាប់​ការលើកឡើង​ពី​តំណាង​សហព័ន្ធ​កីឡា​ជាតិ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់ថា ទីលាន​របស់​សហព័ន្ធ​មួយចំនួន​ត្រូវ​សាងសង់​ថ្មី និង​មួយចំនួន​ត្រូវ​ជួសជុល​កែលម្អ និង​បំពាក់​សម្ភារ​បច្ចេកទេស​បន្ថែម ដើម្បី​ឲ្យ​ស្របតាម​ស្តង់ដា​អន្តរជាតិ​។ ពាក់ព័ន្ធ​ការរៀបចំ​ទីលាន​ឲ្យ​មាន​ស្តង់ដា​នេះ លោក វ៉ា​ត់ ចំរើន អះអាងថា ការរៀបចំ​នឹង​បញ្ចប់​ជា​ស្ថាពរ​ត្រឹម​ដំណាច់ឆ្នាំ​២០២០​នេះ​។  
 
​ដើម្បី​គាំទ្រ​ដល់​ដំណើរការ​សាងសង់ ជួលជុល កែលម្អ និង​បំពាក់​សម្ភារ​បច្ចេកទេស​តាម​ទីលាន​នេះ រដ្ឋាភិបាល​បាន​ត្រៀម​កញ្ចប់​ថវិកា​រួចរាល់​ហើយ​។ បើតាម​លោក វ៉ា​ត់ ចំរើន រដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​១​លាន​ដុល្លារ​ក្នុង​មួយ​សហព័ន្ធ ក្នុងការ​រៀបចំ​ទីលាន​ឲ្យ​មាន​គុណភាព​ស្របតាម​ស្តង់ដា​អន្តរជាតិ​នេះ​។ 
 
​អគ្គលេខាធិការ CAMSOC រូបនេះ​បន្តថា ទោះបី​រដ្ឋាភិបាល​បាន​ត្រៀម​កញ្ចប់​ថវិកា​១​លាន​ដុល្លារ​ក្នុង​មួយ​សហព័ន្ធ​ក៏ដោយ តែ​ពុំ​មានន័យថា រដ្ឋាភិបាល​ត្រូវតែ​ចំណាយ​១​លាន​ដុល្លារ​រាល់​ការសាងសង់ ជួសជុល​កែលម្អ​ទីលាន​មួយ​នោះទេ ព្រោះ​មាន​ទីលាន​ខ្លះ​គ្រាន់តែ​បំពាក់​ឧបករណ៍​បច្ចេកទេស​ប​ន្ថែ​ម និង​ជួសជុល​កែលម្អ​តិចតួច​ប៉ុណ្ណោះ​។ ការរៀបចំ​ទាំងអស់​ក្នុងការ​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នឹង​រួចរាល់​ជា​ស្ថាពរ​ត្រឹម​ដំណាច់ឆ្នាំ​២០២២​។​
 
​កិច្ចប្រជុំ​ខាងលើ​ធ្វើឡើង​ដើម្បី​ជំរុញ​និង​ព​ន្លឿ​ន​ដំណើរ​ការរៀបចំ​ទីលាន​ប្រកួត និង​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​អភិវឌ្ឍន៍​ធនធាន​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ កិច្ចប្រជុំ​នេះ ក៏​ធ្វើឡើង​ដើម្បី​ប្រមូល​ធាតុ​ចូល​ផ្សេងៗ​ពី​សហព័ន្ធ ដើម្បី​ដាក់​ក្នុង​អង្គ​មហាសន្និបាទ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា នាពេលខាងមុខ​ផងដែរ​៕ 
 

Tag:
 CAMSOC
  វ៉ា​ត់ ចំរើន​
  SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com