តំណាង​កម្ពុជា​ប្រចាំ​UN ប្រាប់​គណៈប្រតិភូ​អឺរ៉ុប​ថា សិទ្ធិមនុស្ស និង​សេរីភាព​ព័ត៌មាន​នៅ​កម្ពុជា​ល្អប្រសើរ​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាង​កម្ពុជា​ប្រចាំ​UN ប្រាប់​គណៈប្រតិភូ​អឺរ៉ុប​ថា សិទ្ធិមនុស្ស និង​សេរីភាព​ព័ត៌មាន​នៅ​កម្ពុជា​ល្អប្រសើរ​
29, Feb 2020 , 4:30 pm        
រូបភាព
លោក អាន សុខខឿន តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ (មានអក្ស Cambodge ពីមុខ)
លោក អាន សុខខឿន តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ (មានអក្ស Cambodge ពីមុខ)
 
​ភ្នំពេញ​៖ តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ហ្សឺ​ណែវ អះអាង​ប្រាប់​គណៈប្រតិភូ​សហភាព​អឺរ៉ុប ​ថា សិទ្ធិមនុស្ស និង​សេរីភាព​ព័ត៌មាន​នៅ​កម្ពុជា​ល្អប្រសើរ​។ តំណាង​កម្ពុជា អះអាង​បែបនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​គណៈប្រតិភូ​អឺរ៉ុប (​តំណាង​ក្រូ​អាស៊ី​) អូស្ត្រាលី និង​បារាំង ដែល​វាយតម្លៃថា ស្ថានភាព​សិទ្ធិមនុស្ស និង​សារព័ត៌​មាននៅ​កម្ពុជា នៅតែ​រង​ការគំរាមកំហែង ក្រោម​សម្ពាធ​រដ្ឋាភិបាល​។​



​លោក អាន សុខ​ខឿន តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ហ្សឺ​ណែវ ចាត់ទុក​ការវាយតម្លៃ​របស់​គណៈ​ប្រតិភូ​អឺរ៉ុប​នេះ ជាការ​បរិយាយ​មិន​ត្រឹមត្រូវ​ពី​ស្ថានភាព​កម្ពុជា តាមរយៈ​សេចក្តីថ្លែងការណ៍​លម្អៀង​ជ្រើសរើស​តែមួយ​ជ្រុង ក្រោម​ហេតុផល​នយោបាយ និង​ស្ដង់ដារ​ពីរ​។​
 
​ច្រានចោល​ការលើកឡើង​របស់​អឺរ៉ុប​ហើយ លោក អាន សុខ​ខឿន បាន​បន្ត​អះអាងថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា មាន​ភាពល្អប្រសើរ តាមរយៈ​ការអនុគ្រោះ​របស់​រដ្ឋាភិបាល ដល់​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​បម្រាម​ធ្វើ​នយោបាយ ហើយ​ចង់​បន្ត​អាជីព​ខ្លួន​វិញ ពោលគឺ​រដ្ឋាភិបាល​បានស្នើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ផ្ដល់​សម្បទារ​នយោបាយ​ដល់​ពួកគេ​។ មកដល់ពេលនេះ មាន​អតីត​សមាជិក​៩​រូប​នៃ​គណបក្សប្រឆាំង ត្រូវ​បានផ្ដល់​នីតិសម្បទារ​ឡើងវិញ ដោយបាន​បង្កើត​គណបក្ស​ថ្មី​ហើយ​។​
 
​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​រូបនេះ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖« ស្ថានភាព​ជាក់ស្ដែង គឺ​ថ លំហ​នយោបាយ​បើកទូលាយ​នៅ​កម្ពុជា ត្រូវបាន​លើ​កក​ម្ដើ​ង​យ៉ាង​ប្រសើរ​»​។​
 
​ងាក​មក​និយាយ​ពី​បញ្ហា​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការបញ្ចេញមតិ​វិញ លោក អាន សុខ​ខឿន បាន​អះអាងថា រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រហែល​១០០០​ស្ថាប័ន បើក​ដំណើរការ​នៅ​កម្ពុជា ខណៈ​វិទ្យុ​សំឡេង​អាមេរិក​(VOA) និង​វិទ្យុ​អាស៊ីសេរី​(RFA)​ផ្សាយ​ជា​ភាសា​ខ្មែរ អាច​ស្ដាប់​តាម​អន​ឡាញ ដោយ​ពុំមាន​ការត្រួតពិនិត្យ​ជាមុន​។ ដោយឡែក​រដ្ឋាភិបាល ក៏បាន​អនុញ្ញាតឱ្យ​ការិយាល័យ​វិ​ទ្យ​សំឡេង​អាមេរិក​(VOA) ចុះ​បញ្ជិកា កាលពី​ឆ្នាំ​២០១៩​ដែរ​។ តំណាង​កម្ពុជា​រូបនេះ បាន​បន្ថែមថា រដ្ឋាភិបាល​ក៏​បើកចំហ​សេរីភាព​ឱ្យ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​កជាង​៧,៨​លាន​គណនី ដែលជា​វេទិកា​ដ៏​មាន​ឥទ្ធិពល សម្រាប់​បញ្ចេញមតិ​យោបល់​ជា​សាធារណៈ​ទៀតផង ។​
 
«​ការ​ថ្លែង​សារ​នយោបាយ និង​ការបញ្ចេញមតិ​លើ​កិច្ចការ​សាធារណ​ជាមួយនឹង​ការ​ជេរប្រទេច ញុះញង់​ឱ្យមាន​អំពើហិង្សា ការរើសអើង​ពូជសាសន៍ និង​ការអំពាវនាវ​ឱ្យមាន​ការបះបោរ​ប្រឆាំងនឹង​រដ្ឋាភិបាល ដែល​កើតចេញពី​ការបោះឆ្នោត​ជ្រើសរើស​ដោយ​ប្រជាជន ពុំមែន​មានន័យ​ស្មើនឹង​សេរីភាព​នៃ​ការបញ្ចេញមតិ​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អាន សុខ​ខឿន​។​
 
​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ហ្សឺ​ណែវ អ្នកស្រី Michelle Bachelet  បាន​លើកឡើងថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​រង​ការបំភិតបំភ័យ​។ លោកស្រី ដែល​ទទួលបាន​របាយ​ការណ៍​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​សង្កត់ធ្ងន់ថា អង្គការ​សិ​ទិ្ធ​មនុស្ស​ខ្លះ ត្រូវបាន​អាជ្ញាធរ​រារាំង​សកម្មភាព​ពួកគេ ដោយ​មិនឱ្យ​ឃ្លាំមើល និង​រាយការណ៍​ពី​បញ្ហា​នៅ​កម្ពុជា​ឡើយ​។ បើតាម​លោកស្រី Michelle Bachelet គណបក្សនយោបាយ និង​អ្នកប្រឆាំង​រដ្ឋាភិបាល ក៏​ប្រឈមមុខ​នឹង​ការចាប់​ឃុំខ្លួន ក្រោម​ហេតុផល​អនុវត្ត​ច្បាប់​ដោយ​មិន​ត្រឹមត្រូវ​ជាដើម​។​
 
​ដោយសារ​មើលឃើញ​ពី​បញ្ហា​នេះ ទើប​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​រូបនេះ ស្នើឱ្យ​មេដឹកនាំ​កម្ពុជា​លើកស្ទួយ​សិទ្ធិមនុស្ស សេរីភាព​សារព័ត៌មាន និង​ប្រព័ន្ធ​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ដោយ​ឈរលើ​ការ​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​កន្លងមក​។​
 
​ឆ្លើយតប​នឹង​ការលើកឡើង​ខាងលើនេះ លោក អាន សុខ​ខឿន អះអាង​ក្នុងន័យនេះ​ថា រដ្ឋាភិបាល​ចាត់វិធានការ​ច្បាប់ តែ​លើ​មន្ត្រី​ស្ថាប័ន និង​គណបក្សនយោបាយ​ណា ដែល​អនុវត្ត​ខុសច្បាប់​ប៉ុណ្ណោះ​។​«​នៅ​កម្ពុជា​គ្រប់​គណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ដែល​គោរព​ច្បាប់​អាចធ្វើ​ប្រតិបត្តិការ​ដោយ​សេរី លើកលែងតែ​ស្ថាប័ន​ប្រព្រឹត្ត​ខុសច្បាប់​ទេ ដែល​ត្រូវ​ហាមឃាត់​។ ករណីនេះ ក៏​ដូចគ្នា​ទៅនឹង​ប្រទេស​ដទៃទៀត ដែលមាន​វត្តមាន​នៅក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នេះដែរ​។​បទល្មើស​គឺជា​បទល្មើស ហើយ​មិនអាច​ប្រើ​ជា​ទឡ្ហីករណ៍ សម្រាប់​គោលបំណង​ផ្សេង​ណាមួយ​ទៀតឡើយ​»​។ នេះ​ជាការ​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ ។​
 
​លោក អាន សុខ​ខឿន ក៏​ស្នើឱ្យ​គណៈប្រតិភូ​សហភាព​អឺរ៉ុប និង​បណ្ដា​ប្រទេស​ខ្លះ កុំ​ប្រើប្រាស់​យន្តការ​សិទ្ធិមនុស្ស ធ្វើជា​ឧបករណ៍​នយោបាយ ដើម្បី​ជ្រៀត​ជ្រែកចូល​ផ្ទៃក្នុង​កម្ពុជា​។ លោក សុខ​ខឿន សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​គណៈប្រតិភូ​យើងខ្ញុំ​កត់សម្គាល់​ឃើញថា បណ្ដា​ប្រទេស​ខ្លះ​មាន​កំណត់ត្រា​មិនទាន់​ល្អ​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅឡើយ មានដូចជា​ការវាយប្រហា​រ​ទៅលើ​សេរីភាព​សារព័ត៌មាន ច្បាប់​ប្រឆាំងនឹង​ការធ្វើ​បាតុកម្ម គោលនយោបាយ​រើសអើង​ជនអន្តោប្រវេសន៍ និង​ការមិន​អត់ឱន​ចំពោះ​ជនជាតិភាគតិច​។ បញ្ជី​នៃ​បញ្ហា​នេះ​នៅមាន​បន្តទៀត​។ តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ កម្ពុជា​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​នៃ​ការមិនធ្វើ​នយោបាយ​ភាវូបនីយកម្ម​បញ្ហា​សិទ្ធិមនុស្ស​។ ក្នុងន័យនេះ​ប្រទេស​ទាំងនោះ គួរ​ជៀសវាង​ការប្រើប្រាស់​សិទ្ធិមនុស្ស​ជា​ឧបករណ៍​នយោបាយ និង​អនុវត្ត​ស្ដង់ដារ​ពីរ ប្រសិនបើ​យើង​ចង់​បង្កើត​បរិយាកាស​នៃ​ទំនុកចិត្ត និង​ភាពជឿជាក់​បាន​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នេះ​»៕

Tag:
 សិទ្ធិមនុស្ស​
  សេរីភាព​ព័ត៌មាន​
  នយោបាយ​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com