កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool បញ្ចប់ភាពមិនចាញ់ក្រោមថ្វីជើងក្រុមបាតតារាង Watford
× ភាពមិនចាញ់របស់ Liverpool ក្នុងក្របខណ្ឌ Premier League រដូវកាលនេះត្រូវបញ្ចប់ត្រឹមសប្តាហ៍ទី២៨ តាមរយៈការចាញ់ក្រុមបាតតារាង Watford ដោយលទ្ធផល ៣-០។
នាជំនួបក្នុងកីឡដ្ឋាន Vicarage Road យប់ថ្ងៃទី២៩ កុម្ភៈ ខ្សែប្រយុទ្ធ Ismaila Sarr ស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯង និង Troy Deeney រកបានមួយគ្រាប់ ដើម្បីជួយ Watford ទទួលបាន៣ពិន្ទុ។
មិនត្រឹមតែទទួលបាន៣ពិន្ទុ ដើម្បីគេចផុតពីតំបន់ត្រូវកាត់ចោលនោះទេ Watford ថែមទាំងបានបញ្ចប់ភាពមិនចាញ់សោះរបស់ហង្សក្រហមសម្រាប់រដូវកាល២០១៩-២០ ផង។ Watford បានរំកិលខ្លួនពីលេខរៀងទី១៩ ឡើងទៅកាន់ចំណាត់ថ្នាក់ទី១៧ ដែលជាតំបន់សុវត្ថិភាពក្នុងតារាងលីគកំពូលអង់គ្លេសបណ្តោះអាសន្នគិតត្រឹមការប្រកួតសប្តាហ៍ទី២៨។
ដោយឡែកក្រុមរបស់លោក Jurgen Klopp វិញ បើទោះបរាជ័យក្នុងជំនួបនេះក៏ដោយ ប៉ុន្តែដំណើរឆ្ពោះទៅរកការលើកពានជាលើកដំបូងក្នុងរយៈពេល៣០ចុងក្រោយនៅតែរក្សាបានក្នុងភាគរយខ្ពស់ដដែល។ ឆ្លងកាត់២៨ប្រកួត Liverpool ទើបចាញ់១ប្រកួតនេះប៉ុណ្ណោះ និងស្មើម្តង មាន៧៩ពិន្ទុ នាំមុខក្រុមលេខពីរ Manchester City ២២ពិន្ទុ៕
© រក្សាសិទ្ធិដោយ thmeythmey.com