ជាតិ
សេដ្ឋកិច្ច
ចំណូល​ជិត​៥​ពាន់​លាន​ដុល្លារ​ពី​វិស័យ​ទេសចរណ៍ បាន​បញ្ចូល​ទៅក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ នៅ​ឆ្នាំ​២០១៩
01, Mar 2020 , 10:59 pm        
រូបភាព
ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើន កំពុងដើរទស្សនាប្រាសាទអង្គវត្ត។
ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើន កំពុងដើរទស្សនាប្រាសាទអង្គវត្ត។
​ភ្នំពេញ​៖ ចំណូល​ជិត​៥​ពាន់លាន​ដុល្លារ​ពី​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​កន្លងមក បាន​បញ្ចូល​ទៅក្នុង​ចរន្ត​សេដ្ឋកិច្ច ។ ចំណូល​នេះ គឺ​កើន​១២,៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងទេសចរណ៍​។

 
​ទិន្នន័យ​ពី​ក្រសួងទេសចរណ៍​ដែល​ចេញផ្សាយ​កាលពី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​បញ្ជាក់ថា កម្ពុជា​ទទួល​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​អន្តរជាតិ​ចំនួន​៤៩១៩​លាន​ដុល្លារ​។ ចំនួន​នេះ បានរួម​ចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប (​ផសស ឬ GDP) ជាង​១២​ភាគរយ ក្នុង​ឆ្នាំ​២០១៩​។​
 
​ឆ្នាំ​២០១៩ ភ្ញៀវទេសចរ​អន្តរជាតិ ដែល​បានមក​ដំណើរ​កម្សាន្ត​នៅ​កម្ពុ​ជាមាន​ចំនួន​៦,៦១​លាន​នាក់ កើនឡើង ៦,៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​កម្ពុជា​ច្រើនជាង​គេ គឺ​ជន​ជាតិចិន ដែលមាន​ចំនួន​រហូតដល់​២,៣៦​លាន​នាក់​។ លំដាប់​លេខ​២ គឺ​ជនជាតិ​វៀតណាម មាន​ជាង​៩០​ម៉ឺន​នាក់​, លេខ​៣ គឺ​ជនជាតិ​ថៃ មាន​ជាង​៤៦​ម៉ឺន​នាក់​, លេខ​៤ គឺ​ជនជាតិ​ឡាវ មាន​ជាង​៣៦​ម៉ឺន​នាក់ និង លេខ​៥ គឺ​ភ្ញៀវទេសចរ​ជនជាតិ​កូរ៉េខាងត្បូង មាន​ជាង​២៥​ម៉ឺន​នាក់​។ តាមរយៈ​វិស័យ​ទេសចរណ៍​កម្ពុជា​បាន​បង្កើត​ការងារ​ដល់​មនុស្ស​ចំនួន​៦៣​ម៉ឺន​នាក់​។ នេះ​បើតាម​ទិន្នន័យ​ដដែល​។​
 
​ដោយឡែក​ចំនួន​ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក បានធ្វើ​ដំណើរ​កម្សាន្ត​នៅតាម​ប្រទេស​នានា​វិញ​មាន ចំនួន​ជាង​២​លាន​នាក់ ដែល​បាន​កើនឡើង​ជាង​២​ភាគរយ​ផងដែរ​។ សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​នៅ​ដើមឆ្នាំ​២០២០​នេះ​វិញ ពិសេស​ខែ​ក្នុង​ខែកុម្ភៈ ភ្ញៀវទេសចរ​បរទេស​សរុប​ដែល​មក​កម្ពុជា បាន​ធ្លាក់ចុះ​ជាង​៦០​ភាគរយ​។ ជាពិសេស​ភ្ញៀវទេសចរ​ជនជាតិចិន ធ្លាក់ចុះ​រហូតដល់​៩០​ភាគរយ  ដោយសារតែ ការរីក​រាលដាល​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (COVID-19)​។ 
 
​សូម​រម្លឹកថា កាលពី​ឆ្នាំ​២០១៨ កម្ពុ​ជាមាន​ភ្ញៀវទេសចរ​ជាង​៦,២​លាន​នាក់ ដោយ​ទទួល​ប្រាក់ចំណូល​ចំនួន​៤,៣៥៦​លាន​ដុល្លារ បាន​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ ហើយ​រំពឹង​នៅក្នុង​ឆ្នាំ​២០២០​នេះ កម្ពុជា​នឹង​រកចំណូលបាន​ជាង ៥​ពាន់​លាន​ដុ​លា្ល​រ ពី​ភ្ញៀវទេសចរ​ជាង​៧​លាន​នាក់ និង​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០៣០ ពី​ភ្ញៀវទេសចរ​អន្តរជាតិ​១៥​លាន​នាក់​៕
 
 

Tag:
 ទេសចរណ៍​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com