COVID-19
ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល ស្នើឱ្យ​ពលរដ្ឋ​ជឿជាក់​លើ​ខ្លួន ខណៈ​ក្រសួង​ព័ត៌មាន ចាត់វិធានការ​អ្នក​ផ្សព្វផ្សាយ​ប្រឌិត​ពី​COVID-19
01, Mar 2020 , 4:30 pm        
រូបភាព
គណនីហ្វេសប៊ុក ដែលចេញផ្សាយព័ត៌មានមិនពិត
គណនីហ្វេសប៊ុក ដែលចេញផ្សាយព័ត៌មានមិនពិត
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល ស្នើឱ្យ​ពលរដ្ឋ​ជឿជាក់​លើ​មន្ត្រី​ជំនាញ​សុខាភិបាល ជាង​ការជឿ​លើ​ការ​ព័ត៌មាន​នៅតាម​បណ្ដាញ​សង្គម ដែល​កំពុង​យក​ករណី​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) មក​ផ្សព្វផ្សាយ​បំពុល និង​ធ្វើឱ្យ​ពលរដ្ឋ​យល់ច្រឡំ​។ ដោយឡែក​ក្រសួង​ព័ត៌មាន ក៏​កំពុងមាន​ចំណាត់ការ​លើ​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​ពី​ជំងឺ​នេះ​ផងដែរ​។​


«​ដើម្បី​ដឹងថា​ព័ត៌មាន​ណា​ពិត​ឬ​មិន ពលរដ្ឋ​ត្រូវ​ជឿ​ឬ​មើល​លើ​ព័ត៌មាន​ដែល​ចេញពី​ក្រសួងសុខាភិបាល​តែមួយគត់ ជុំវិញ​ជំងឺ​Covid-19»​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក លី សូ​វ៉ាន់ ដែល​ស្នើឱ្យ​ពលរដ្ឋ​កុំ​ជឿ​លើ​ការផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​កនា​អំឡុង​ពេលនេះ ព្រោះ​មាន​ជនខិលខូច​មួយចំនួន ដែល​បំណង​មិនល្អ កំពុង​ប្រឌិត​រឿង​ដែល​ធ្វើឱ្យ​ពលរដ្ឋ​កាន់តែ​ព្រួយបារម្ភ​។​
​ត្រង់ចំណុច​នេះ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ពន្យល់ថា ជនខិលខូច​ខ្លះ បាន​យក​ករណី​ដួលសន្លប់ និង​ស្លាប់ ដោយសារ​គាំងបេះដូង និង​ដា​ច់ស​សៃ​ឈាម ឬ​ខ្វះ​អុកស៊ីសែន​ខួរក្បាល ខ្វះ​ជាតិ​ទឹក និង​ស្រ​វឺ​ង​ជាដើម មក​ផ្សារភ្ជាប់​ជាមួយនឹង​មេរោគ​កូ​រ៉ូ​ណា​ថ្មី​Covid-19​ទៅវិញ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក លី សូ​វ៉ាន់ បានបញ្ជាក់​ដូច្នេះ​ថា​៖«​កន្លងមក​ក៏មាន​មនុស្ស​សន្លប់​ដែរ តែ​មិនមាន​អ្នក​ផ្សាយ ប៉ុន្តែ​ស្របពេល​មាន​មេរោគ​កូ​រ៉ូ​ណា​កើតឡើង​នៅ​បណ្ដាល​ប្រទេស​ផ្សេងៗ គេ​ទាញ​ភ្ជាប់​គ្នា ចេះតែ​ដើរ​ថត​គ្រប់​អ្នកសន្លប់ ឬ​រូបភាព​ផ្សេង​មក​ផ្សាយ​លើ​បណ្ដាល​សង្គម​។ ចំពោះ​ជំងឺឆ្លង​ផ្សេងៗ ឬ​Covid-19​នេះ មិនអាច​ដួល​សម្ល​ប់​ភ្លាមៗ​បាន​នោះទេ​។ »​។ 
​បើតាម​អ្នកនាំពាក្យ​សុខាភិបាល​រូបនេះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​ចែកចាយ​ព័ត៌មាន​មិន​ពិត​ពី​វីរុស​កូ​រ៉ូ​ណា​នេះ ភាគច្រើន​រស់នៅ​ក្រៅប្រទេស ដូច្នេះ​ក្រសួង​ក៏​ពិបាក​ចាត់វិធានការ​លើ​បុគ្គល​ទាំងនោះ​។ 
 
​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​៧ ដែល​បាន​ផ្សព្វផ្សាយ​ពី​ករណី​ដួលសន្លប់ និង​ស្លាប់ ដោយ​ផ្សាភ្ជាប់​ជាមួយ​ជំងឺ​រលាក​សួត​នៃ​វីរុស​កូ​រ៉ូ​ណា​នេះ រួមមាន ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sdam Husen, Sovannara Som, កូន​នាគ​អហិង្សា ស្វ​.​រ​, សំលេង ពលករ​ចង់បាន​ការផ្លាស់ប្ដូរ​, សឹម សុភា Some Sophea, Ah Song Ha និង វិ​ទ្ធី​វង្ស ឡុង​។ 
 
​លោក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ថា កំពុង​ស្រាវជ្រាវ​លើ​គ្រប់​ទំព័រ​ឬ​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​ចេញផ្សាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​ករណី​ជំងឺ​Covid-19 ដើម្បី​នាំខ្លួន​ជន​ទាំងនោះ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕ 

Tag:
 Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com