កម្មករ​នៅ​ខេត្ត​ព្រះសីហនុ ២៥០​នាក់​រង​ផលប៉ះពាល់ ដោយសារ​រោងចក្រ ២ បាន​ព្យួរការងារ ព្រោះ​ខ្វះ​វត្ថុធាតុដើម​
ជាតិ
កម្មករ​នៅ​ខេត្ត​ព្រះសីហនុ ២៥០​នាក់​រង​ផលប៉ះពាល់ ដោយសារ​រោងចក្រ ២ បាន​ព្យួរការងារ ព្រោះ​ខ្វះ​វត្ថុធាតុដើម​
02, Mar 2020 , 12:03 pm        
រូបភាព
សម្ដេច ហ៊ុន សែន ក្នុងពីធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប
សម្ដេច ហ៊ុន សែន ក្នុងពីធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប
​ភ្នំពេញ​៖ រោងចក្រ​ចំនួន​២ ដែល​ផលិត​ស្បែកជើង និង​កាបូប ក្នុង​ខេត្ត​ព្រះសីហនុ បាន​ព្យួរការងារ​រយៈពេល​២​ខែ ដោយសារ​ខ្វះ​វត្ថុធាតុដើម​។


 
​ថ្លៃ​ង​ក្នុង​ពិធី​ប្រគល់​សញ្ញា​ត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​អាស៊ី អឺរ៉ុប ថ្ងៃទី​២ មីនា ឆ្នាំ​២០២០​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ការព្យួរ​ការងារ​នេះ ដោយសារ​ការផ្ទុះ​Covid-19 ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រទេស​គ្រប់​ទ្វីប កំពុង​ដាំ​ក្បាល​ចុះ ខណៈ​សង្វាក់​ពាណិជ្ជកម្ម​នៅតាម​ប្រទេស​មួយចំនួន​ត្រូវ​ប្រឈមមុខ​បិទទ្វារ ព្រោះ​ខ្វះ​វត្ថុធាតុដើម ដែល​ភាគច្រើន​គឺ​នាំ​ពី​ប្រទេស​ចិន​។ ជាមួយគ្នា​ដែរ សម្ដេច ហ៊ុន សែន ថា ខេត្ត​ព្រះសីហនុ មាន​រោងចក្រ​២​បាន​ព្យួរការងារ និង​ប៉ះពាល់​ការងារ​ដល់ក​ម្មករ​ប្រមាណ​២៥០​នាក់​។ 
 
«​បើ​និ​យា​យា​ពី​វិស័យ​កាត់ដេរ​នៅក្នុង​ប្រទេស​យើង ផ្គត់ផ្គង់​វត្ថុធាតុដើម​៦០​ភាគរយ សាច់​កំណាត់​មកពី​ប្រទេស​ចិន នៃ​រោងចក្រ​កាត់ដេរ​។ អ៊ីចឹង​បានជា​យើង​ស្នើសុំ​ឲ្យ​មិត្ត​ចិន​ជួយ ក្នុង​ការបញ្ជូន​វត្ថុធាតុដើម​មក​កម្ពុជា​ឱ្យបាន​ឆាប់​បំផុត​តាមតែ​អាចធ្វើ​ទៅបាន ដើម្បី​ជៀសវាង​ព្យួរការងារ​កម្មករ នៅក្នុង​ដំណាក់កាល​នេះ​។ ទទួល​ព័ត៌មាន​ពី​ខាង​កំពង់សោម ប៉ុន្តែ​ដូចជា​រោងចក្រ​តូចៗ​ទេ ឃើញ​អភិបាលខេត្ត​ព្រះសីហនុ វ៉ៃ​មក​(​រាយការណ៍​)​ថា មាន​រោងចក្រ​២ មួយ​គឺ​កម្មករ​ដូចជា​១៨០​នាក់ មួយទៀត​ដូចជា​កម្មករ​១៧០​នាក់​ប៉ុណ្ណឹង​ទេ​។ ប៉ុន្តែ​គេ​ឱ្យ​បៀវត្ស​រហូតដល់​៥០​ភាគរយ នៃ​ពេលវេលា​ដែល​ព្យួរ ដែល​ខ្វះ​វត្ថុធាតុដើម​។​» នេះ​បើតាម​ប្រសាសន៍​របស់​សម្ដេច ហ៊ុន សែន​។ 
 
​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ព្រះសីហនុ លោក យ៉ូ​វ ខេមរា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា រោងចក្រ​ក្នុង​ព្រះសីហនុ​មាន​២​បាន​ព្យួរការងារ​ទាំងស្រុង រយៈពេល​២​ខែ​។ រោងចក្រ​ទាំង​២​នេះ ជា​រោងចក្រ​ផលិត​ស្បែកជើង និង​កាបូប ដែលមាន​កម្មករ​ជិត​៣០០​នាក់​។ 
 
«​រោងចក្រ​ផលិត​ស្បែកជើង និង​រោងចក្រ​កាបូប​បាន​ព្យួ​ការងារ​ទាំងស្រុង រយៈពេល​២​ខែ ហើយ​ផុតកំណត់​ថ្ងៃ​ព្យួរ​នៅ​ថ្ងៃទី​៣១​ខែមីនា​នេះ ដោយ​ខ្វះ​វត្ថុធាតុដើម​។ ក្នុង​មួយឆ្នាំ​រោងចក្រ មាន​សិទ្ធ​ព្យួរការងារ​បាន​២​លើក ក្នុង​មួយ​លើក​បាន​២​ខែ​។​» នេះ​ជាការ​លើកឡើង​របស់ លោក យ៉ូ​វ ខេមរា​។  
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការអធិប្បាយ​បន្ថែម​ពី​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជុំវិញ​ករណី​រោងចក្រ​បិទទ្វារ​បណ្ដោះអាសន្ន ដោយ​ដាក់​ស្នើសុំ​ព្យួរការងារ​នៅ​កម្ពុជា​នេះ បាន​នៅឡើយ​ទេ ៕ 

Tag:
 កម្មករ​
  រោងចក្រ​ព្យួរ​
© រក្សាសិទ្ធិដោយ thmeythmey.com