COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី បញ្ជាក់​ករណី​ឆ្លង COVID-19 ដំបូង​របស់ខ្លួន​
02, Mar 2020 , 12:11 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ - ប្រភពរូប៖ afp
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ - ប្រភពរូប៖ afp
ដោយ:
ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ បានបញ្ជាក់​នៅ​ថ្ងៃ​ចន្ទ ទី​២ មីនា​ថា ជនជាតិ​ឥណ្ឌូណេស៊ី​ចំនួន ២ នាក់ បានធ្វើ​តេស្ត​វិជ្ជមាន​សម្រាប់​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19) ។ នេះ​គឺជា​ករណី​ឆ្លង​ដែល​ត្រូវបាន​បញ្ជាក់​លើកដំបូង​បង្អស់ ក្នុងប្រទេស​ដែលមាន​ប្រជាជន​ច្រើន​លំដាប់​ទី​បួន​របស់​ពិភពលោក​នេះ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​


ប្រាប់​អ្នកសារព័ត៌មាន​នៅ​វិមាន​ប្រធានាធិបតី លោក វី​ដូ​ដូ បាន​អះអាងថា អ្នកជំងឺ​ទាំងពីរ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយកន្លែង​។ លោក​ប្រធានាធិបតី អះអាង​ទៀតថា អ្នកជំងឺ​ទាំងពីរ គឺជា​ម្ដាយ និង​កូនស្រី ដែល​ម្ដាយ​អាយុ ៦៤​ឆ្នាំ និង​កូនស្រី​អាយុ ៣១​ឆ្នាំ​។ អ្នក​ទាំងពីរ​បាន​ប៉ះ​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​ធ្វើតេស្ត​វិជ្ជមាន​ក្នុងប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​២៧ ខែកុម្ភៈ ក្រោយ​ធ្វើដំណើរ​ទៅកាន់​ឥណ្ឌូណេស៊ី កាលពីដើម​ខែកុម្ភៈ​។ 
 
​លោក ចូ​កូ​វី សង្កត់ធ្ងន់​ទៀតថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​ត្រៀមលក្ខណៈ​យ៉ាង​ល្អ​សម្រាប់​ទប់ទល់​នឹង​ករ​ណី COVID-19​។ ត្រង់នេះ លោក​និយាយ​ដូច្នេះ​ថា​៖«​យើង​បាន​ត្រៀម​រៀបចំ​មន្ទីរពេទ្យ​ជាង​១០០ ទីតាំង ជាមួយ​បន្ទប់​ច​ត្តា​ឡី​ស័ក​ប្រកបដោយ​បទដ្ឋាន​ត្រឹមត្រូវ​។ យើង​ក៏មាន​សម្ភារ​ដែល​ត្រូវ​តាម​បទដ្ឋាន​អន្តរជាតិ​ផងដែរ​»​។ នេះ​បើតាម កាសែត The Jakarta Post ។

ឥណ្ឌូណេស៊ី ក្លាយជា​ប្រទេស​ទី​៦៥​លើ​ពិភពលោក និង​ជា​ប្រទេស​ទី​៥​នៅ​តំបន់​អាស៊ាន​ដែល​រកឃើញ​ករណី​ឆ្លង COVID-19​។ ប្រទេស​៦៤​កន្លងមក​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន​៖
-​អាស៊ី​៖ ចិន (​បញ្ចូល​ទាំង ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន កាតា ។​
 
-​អឺរ៉ុប​៖ អ៊ីតាលី បារាំង ចក្រភព​អង់គ្លេស (​មាន​ករណី​នៅ​អង់គ្លេស វេ​លស៍ ស្កុ​ត​ឡេ​ន និង​អៀរ​ឡង់​ខាងជើង​) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ដា​ណឺ​ម៉ាក អេ​ស្តូ​នី ហូ​ឡង់ និង​សាំង​ម៉ា​រាំង លី​ទុយ​អា​នី បេឡា​រុស អ៊ី​ស្លង់ ម៉ូ​ណា​កូ អៀរ​ឡង់ លុច​សំបួ អា​មេ​នី និង​សាធារណរដ្ឋ​ឆេ​ក​។

​អាមេរិក​ខាងជើង​៖ សហរដ្ឋអាមេរិក កាណាដា ម៉ិ​ក​ស៊ិ​ក​។​
​អាមេរិក​ឡាទីន​៖ ប្រេ​ស៊ី​ល​, អេ​ក្វា​ឌ័​រ​។​
​អាហ្វ្រិក​៖ អេ​ហ្ស៊ី​ប​, អាល់​ហ្សេ​រី​, នី​ហ្សេ​រី​យ៉ា​។​
​អូ​សេ​អា​នី​៖ អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់​។​
​ផ្សេងៗ​៖ អា​ស៊ែ​បៃ​ហ្ស​ង់​, ហ្ស​ក​ហ្ស៊ី​, អ៊ីស្រាអែល​, សាធារណរដ្ឋ​ដូ​មី​និក​៕

 

© រក្សាសិទ្ធិដោយ thmeythmey.com