អន្តរជាតិ
រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ប្តឹង​ថ្នាក់ដឹកនាំ​ព្រះវិហារ Shincheonji ជុំវិញ​ករណី​COVID-19
02, Mar 2020 , 5:13 pm        
រូបភាព
បុរសម្នាក់ ដើរកាត់ពីមុខព្រះវិហារShincheonji ក្នុងក្រុងDaegu។ រូបភាព៖ Reuters
បុរសម្នាក់ ដើរកាត់ពីមុខព្រះវិហារShincheonji ក្នុងក្រុងDaegu។ រូបភាព៖ Reuters
​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បានដាក់​ពាក្យ​ប្តឹង មេដឹកនាំ​សាសនា លោក Lee Man-hee ស្ថាបនិក​ព្រះវិហារ Shincheonji និង​មនុស្ស​ចំនួន ១២​រូប​ទៀត ពីបទ​ឃាតកម្ម និង​ការបំពានច្បាប់​ស្តីពី​ការគ្រប់គ្រង​ជំងឺឆ្លង ដែល​ទាក់ទង​ទៅនឹង COVID-19 ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​២ ខែមីនា​។​


 
​បន្ទាប់ពី​ករណី​ឆ្លង​COVID-19 និង​ករណី​ស្លាប់ នៅ​កូរ៉េខាងត្បូង ជាពិសេស​ក្នុង​ក្រុង Daegu បាន​កើន​យ៉ាងគំហុក រហូតដល់​លើស ៤០០០​ករណី និង​ស្លាប់ ២២​ករណី​។ ដោយ​មើលឃើញ​ពី​បញ្ហា​នេះ រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បានដាក់​ពាក្យបណ្តឹង​ព្រហ្មទណ្ឌ​មួយ​ទៅ​ការិយាល័យ​រដ្ឋអាជ្ញា នៃ​មជ្ឈមណ្ឌល​កណ្តាល​ទីក្រុង​សេ​អ៊ូ​ល ឲ្យ​ស៊ើបអង្កេត​ពីបទ​ឃាតកម្ម និង​ការបំពានច្បាប់​ស្តីពី​ការគ្រប់គ្រង​ជំងឺឆ្លង​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ រដ្ឋអាជ្ញា នឹង​ស៊ើបអង្កេត​លើ​មេដឹកនាំ​សាសនា លោក Lee Man-hee ស្ថាបនិក​ព្រះវិហារ Shincheonji និង​មនុស្ស​ចំនួន ១២​នាក់​ទៀត ដែល​មិនបាន​សហការ​ជាមួយ​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង ក្នុងការ​ផ្តល់ព័ត៌មាន​ជុំវិញ​ករណី​ឆ្លង COVID-19​។ ការមិន​សហការ​បែបនេះ បានធ្វើ​ឲ្យ​មនុស្ស​នៅក្នុង​ទីក្រុង Daegu ជាច្រើន​នាក់ បាន​ឆ្លង និង​ស្លាប់ ដោយសារ​COVID-19​។ 
 
​ដើម្បី​ចាប់ផ្តើម​នីតិ​វិធិ​ស៊ើបអង្កេត​លើ​មនុ​ស្សទាំង ១៣​រូប​ខាងលើ​ទៅបាន រដ្ឋអាជ្ញា ត្រូវ​ត្រួតពិនិត្យ​ពាក្យបណ្តឹង​ជាមុនសិន ហើយ​ពេលនេះ​ពាក្យបណ្តឹង​បានមក​ដល់ដៃ​រដ្ឋអាជ្ញា​ហើយ​។ 
​បើតាម​ការអះអាង​រប​ស់​អភិបាលក្រុង​សេ​អ៊ូ​ល លោក Park Won-soon ប្រសិនបើ​លោក Lee និង​មនុ​ស្សទាំង ១២​រូប បាន​សហការ​ជាមួយ​អាជ្ញាធរ​សុខាភិបាល ជនរងគ្រោះ​ជាច្រើន នឹងត្រូវ​បានការ​ពារ តាមរយៈ​ចំណាត់ការ​ដ៏​មាន​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង​។ ជាមួយគ្នានេះ លោក Park បាន​បន្តថា ស្ថានភាព​ពេលនេះ គឺ​ធ្ងន់ធ្ងរ និង​បន្ទាន់​ជាទីបំផុត ប៉ុន្តែ​មេដឹកនាំ​ព្រះវិហារ Shincheonji ទាំងនោះ​មិនដឹង​នៅទីណា​។ 
 
​ជាការ​ឆ្លើយតប​ទៅនឹង​ពាក្យបណ្តឹង​របស់​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល មេដឹកនាំ​សាសនា Lee បាន​និយាយ​សុំទោស​យ៉ាង​ដូច្នេះ​ថា ៖ «​ខ្ញុំ​សូម​ថ្លែងសេចក្តី​សូមទោស​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​ប្រជាជន​ទាំងអស់ ក្នុងនាម​តំណាង​ឲ្យ​សមាជិក​ព្រះវិហារ​សាសនា Shincheonji​។ បើទោះបីជា​វា​ជា​កំហុស​អ​ចេតនា​ក៏ដោយ មនុស្ស​ជាច្រើន​បាន​ឆ្លង​ជំងឺ​ថ្មី​នេះ​»​។ លោក Lee បាន​និយាយ​បែបនេះ មុនពេល​លុតជង្គង់​សុំទោស​សាធារណជន​នៅ​ពីមុន​អ្នកកាសែត​ទាំងអស់​។ ក្នុងន័យនេះ មេដឹកនាំ​សាសនា បាន​ទទូច​ឲ្យ​ប្រជាជន និង​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល លើកលែងទោស​កំហុស​អ​ចេតនា​មួយ​នេះ​។​
 
​សូមបញ្ជាក់ថា ក្នុងករណី​ឆ្លង​នៅ​កូរ៉េខាងត្បូង​ជាង ៤​ពាន់​ករណីនេះ មាន​ជាង ៣​ពាន់ បាន​កើតឡើង​នៅក្នុង​ទីក្រុង Daegu​។ ភាគច្រើន​នៃ​អ្នកជំងឺ គឺមាន​ពាក់ព័ន្ធ​ទៅនឹង​ព្រះវិហារ​សាសនា Shincheonji ដែល​បាន​បង្កដោយ​ស្ត្រី​ផ្ទុក​COVID-19 ករណី​ទី​៣១៕  

Tag:
 កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com