អន្តរជាតិ
អឺរ៉ុប និង​ចក្រភព​អង់គ្លេស​ចាប់ផ្ដើម​ចរចា​កំណត់​ទំនាក់ទំនង​ថ្មី ក្រោយ​ការ​លែងលះ​
02, Mar 2020 , 9:19 pm        
រូបភាព
លោក Michel Barnier ប្រធានក្រុមចរចារបស់សហភាពអឺរ៉ុប។ រូបភាព AFP
លោក Michel Barnier ប្រធានក្រុមចរចារបស់សហភាពអឺរ៉ុប។ រូបភាព AFP
​មួយខែ​ក្រោយ​ការចែក​ផ្លូវ​គ្នា​ជា​ផ្លូវការ សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី​២ ខែមីនា ចាប់ផ្ដើម​ការចរចា​ដើម្បី​កំណត់​ទំនាក់ទំនង​គ្នា​ឡើងវិញ​។ ដូចគ្នា​នឹង​ការចរចា​ដើម្បី​លែងលះគ្នា​នេះ ការចរចា​ពី​ទំនាក់ទំនង​អនាគត​នេះ ក៏​មិនមែនជា​រឿង​ងាយស្រួល​ឡើយ ខណៈ​ទាំង​អង់គ្លេស ទាំង​អឺរ៉ុប​សុទ្ធតែ​ប្រកាន់​ជំហរ​ការពារ​ប្រយោជន៍​រៀងៗ​ខ្លួន​។ បើ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​នោះ ទំនាក់ទំនង រវាង​ភាគី​ទាំងពីរ ពិសេស​វិស័យ​ពាណិជ្ជកម្ម នឹងរង​ផលប៉ះពាល់​ខ្លាំង​។​

 
​ពាណិជ្ជកម្ម​, បទដ្ឋាន​ពាណិជ្ជកម្ម​, នេសាទ​, កសិកម្ម​, សន្តិសុខ​, ការដឹកជញ្ជូន​, ថាមពល នឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ប៉ូលិស គឺជា​ចំណុច​ធំៗ​ក្នុងការ​ចរចា​រវាង​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២ ខែមីនា​។ លោក Michel Barnier ដែលជា​ប្រធាន​ក្រុម​ចរចា​របស់​អឺរ៉ុប​ពេល​បង្កើត​កិច្ចព្រមព្រៀង​ចាកចេញ​របស​អង់គ្លេស នឹង​ចរចា​ទល់មុខ​ជាមួយ​ទីប្រឹក្សា​រដ្ឋាភិបាល​អង់គ្លេស David Frost ។​
 
​ជំនួប​ចរចា​ដែល​ធ្វើឡើង​មួយខែ​ក្រោយ​អង់គ្លេស​លែង​ជា​សមាជិក​សហភាព​អឺរ៉ុប រំពឹងថា នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ​២០២០ យ៉ាងយូរបំផុត​។ បច្ចុប្បន្ន ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ ស្ថិតក្នុង​លក្ខខណ្ឌ​អន្តរកាល​សិន គឺ​អ្វីៗ​មាន​សភាព​ដូច​កាល​មុនពេល​ចាកចេញ​របស់​អង់គ្លេស ដោយ​អង់គ្លេស​អាច​បន្ត​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ដោយ​មិនមាន​ឧបសគ្គ​ពន្ធគយ​អ្វី​ឡើយ​។ រយៈពេល​អន្តរកាល​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែធ្នូ​ខាងមុខ​។​
 
​អ្វីដែល​គេ​រំពឹងទុក​នោះ ការចរចា​នេះ នឹងមិន​ងាយស្រួល​ឡើយ​។ មុន​ការចរចា​ទាំង​អង់គ្លេស ទាំង​អឺរ៉ុប បានប្រកាស​ពី​ជំហរ​តឹងរ៉ឹង​រៀងៗ​ខ្លួន​ស្រេច​ទៅហើយ​។ ចំណុច​ដែល​ខ្ទាស់​គ្នា​ខ្លាំង គឺ​អឺរ៉ុប​ចង់​ឲ្យ​អង់គ្លេស​គោរព​តាម​គោលការណ៍​របស់ខ្លួន​លើ​វិស័យ​មួយចំនួន​ដូចជា​ការងារ ពន្ធដារ បរិស្ថាន និង​ការឧបត្ថម្ភ​ធន​ដោយ​រដ្ឋ​លើ​ក្រុមហ៊ុន​នានា​។ ប៉ុន្តែ​ទីក្រុង​ឡុង​ចង់បាន​ស្តង់ដា​មួយ​របស់ខ្លួន​ដោយ​អនុវត្តតាម​គោលការណ៍​ឯករាជ្យ​សេដ្ឋកិច្ច និង​នយោបាយ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Barnier បាន​ប្រាប់​អង់គ្លេស​រួចហើយ ឲ្យ​គោរព​តាម​កិច្ចព្រមព្រៀង​បញ្ចប់​សមាជិកភាព​ដែលមាន​ចំណង​ផ្លូវច្បាប់​។ ត្រង់ចំណុច​នេះ អឺរ៉ុប​ទទូច​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​ទំនិញ​អង់គ្លេស​ដែល​ដឹក​ឆ្លងកាត់​សមុទ្រ​អៀរ​ឡង់​ចូល​ទឹកដី​អៀរ​ឡង់​ខាងជើង​ដែល​ផ្នែក​មួយ​របស់​ចក្រភព​អង់គ្លេស ប៉ុន្តែ​ក៏​ស្ថិត​ជា​ផ្នែក​មួយ​នៃ​ទីផ្សារ​រួម​របស់​អង់គ្លេស​ដែរ​។ នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន និយាយថា វិធានការ​នេះ​មិនមែនជា​រឿង​ចាំបាច់​ឡើយ​។​
 
​បើ​ការចរចា​មិន​ទទួលបាន​ផល​អ្វី​នោះ ទាំង​អង់គ្លេស ទាំង​អឺរ៉ុប សុទ្ធតែ​ជួប​បញ្ហា​ដូចគ្នា​។ អៀរ​ឡង់ ដែលជា​សមាជិក​អឺរ៉ុប​នៅជាប់​ចក្រភព​អង់គ្លេស និង​ពឹងផ្អែក​ខ្លាំង​លើ​ពាណិជ្ជកម្ម​ជាមួយ​អ្នកជិតខាង​របស់ខ្លួន ក៏​រងគ្រោះ​ធ្ងន់​ដែរ​។ បើតាម​ការ​គន់គូរ​រ​បស់​អ្នកជំនាញ​អង្គការសហប្រជាជាតិ ផលប៉ះពាល់​សេដ្ឋកិច្ច​លើ​អង់គ្លេស អាចមាន​ទំហំ​ដល់​ទៅ​៣២​ពាន់​លាន​ដុល្លារ ព្រោះ​អឺរ៉ុប​ជា​អ្នកទិញ​ទំនិញ​អង់គ្លេស​ពាក់កណ្ដាល​នៃ​ការ​នាំចូល​ទាំងអស់​៕  

Tag:
 អឺរ៉ុប​
  អង់គ្លេស​
  Brexit
© រក្សាសិទ្ធិដោយ thmeythmey.com