Stamp បាត់​ខ្សែក្រវាត់​លំដាប់​ពិភពលោក​របស់ខ្លួន ប៉ុន្តែ Sam-A ឈ្នះ​ខ្សែក្រវាត់​ទី​២
ONE Championship
កីឡាជាតិ
ជាតិ
Stamp បាត់​ខ្សែក្រវាត់​លំដាប់​ពិភពលោក​របស់ខ្លួន ប៉ុន្តែ Sam-A ឈ្នះ​ខ្សែក្រវាត់​ទី​២
03, Mar 2020 , 9:19 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​នៅក្នុង​កម្មវិធី ONE: KING OF THE JUNGLE នា​ល្ងាច​ថ្ងៃទី ២៨ កុម្ភៈ ដែល​រៀបចំ​នៅ​សង្វៀន Singapore Indoor Stadium នា​ប្រទេស​សិង្ហ​បុរី Stamp Fairtex របូត​ខ្សែក្រវាត់  ONE Atomweight Kickboxing World Champion របស់ខ្លួន​ក្នុងនាម​ជា​គូ​ឯក ស្របពេល វីរបុរស Sam-A  របស់​ថៃ​ឈ្នះ​ខ្សែក្រវាត់ ONE Strawweight Muay Thai World Title ដែល​ទើប​សម្ពោធ​ឲ្យ​ប្រកួត​លើកដំបូង​នៅ​សង្វៀន​ជាមួយគ្នានេះ​។


 
#1 Stamp Fairtex របូត​ខ្សែក្រវាត់​ពេល​តតាំង​នឹង Janet Todd

 
 
​កីឡាការិនី​អាមេរិក Janet Todd ឬ ឈ្មោះ​ហៅ​ក្រៅ JT បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ថ្មី ONE Atomweight Kickboxing World Champion បន្ទាប់ពី​សងសឹក​បាន​សម្រេច​ពេល​ឈ្នះ Stamp Fairtex ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​ក្នុងការ​ប្រកួត​គូ​ឯកនៃ​កម្មវិធី​ខាងលើ​។ ចូល​ពីរ​ទឹក​ដំបូង កីឡាការិនី​ទាំងពីរ​ប្រើ​ជំហរ​រឹង​ដើម្បី​វាយ​ចេញ​ដូចគ្នា ប៉ុន្តែ​មិនសូវមាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះឡើយ​។ បែបណា​ក្ដី ម្ចាស់​ខ្សែក្រវាត់ Stamp ព្យាយាម​ចូល​ដើម្បី​វាយយក​ពិន្ទុ ប៉ុន្តែ​ត្រូវ JT ស្វាគមន៍​ដោយ​ជើង​ផង និង ម៉ាត់​ដៃ​ផង​ចំ​គោលដៅ​ល្អៗ​។  ចូល​ទឹក​ទី​៤ កីឡាការិនី​វ័យ ២២ ឆ្នាំ​របស់​ថៃ​ក៏​កញ្ជ្រោល​ខ្លាំង​ដែរ​ដើម្បី​ស្តារ​ពិន្ទុ​មកវិញ ប៉ុន្តែ  កីឡាការិនី​ជើងចាស់​អាមេរិក​វ័យ​៣៤ ឆ្នាំ​ក៏​មិន​ណ​យ​ព្រោះ​រក្សា​ជំហរ​បានល្អ​ហើយ​ទាត់​ចំក្បាល និង​វ៉ៃ​ចេញ​ឆ្វេង​ស្ដាំ​ចំ​គោលដៅ​ជាង Stamp ដែល​ដើរចូល​។ នៅ​ទឹក​ចុងក្រោយ​ដ្បិត Stamp ចេញ​ដៃជើង​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ​មិនសូវ​ត្រូវចំ​គោលដៅ​ជាង JT នោះទេ​។ ទីបំផុត Janet Todd ដណ្ដើមបាន​ខ្សែក្រវាត់ ONE Atomweight Kickboxing World Champion  ពេល​ឈ្នះ​ពិន្ទុ​មិន​ឯកច្ឆន្ទ​លើ​ម្ចាស់​ខ្សែក្រវាត់ Stamp​។ 
 
JT បាន​ថ្លែងថា​៖«​ខ្ញុំ​រក​អ្វី​ថ្លែង​ពុំបាន​។ ខ្ញុំ​សូម​អរគុណ​ដល់​ប្ដី​របស់ខ្ញុំ​។ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុម​គ្រូបង្វឹក​ដែល​បាន​ត្រៀមខ្លួន​ល្អ​សម្រាប់​ការប្រកួត​នេះ និង​បាន​ទស្សនា​វីដេអូ​មុន​ប្រកួត​។ ខ្ញុំ​ពិបាក​ថ្លែង​ណាស់​។ ខ្ញុំ​សូម​អរគុណ​អ្នក​ទាំងអស់គ្នា​»​។ 
 
#2 ខ្សែក្រវាត់​ថ្មី ONE Strawweight Muay Thai World Title បាន​ទៅលើ Sam-A

 
 
​នៅក្នុង​ការប្រកួត​គូ​ឯក​រង ម្ចាស់​ខ្សែក្រវាត់ ONE Strawweight Kickboxing World Champion វីរបុរស Sam-A Gaiyanghadao របស់​ថៃ បន្ថែម​ខ្សែក្រវាត់​មួយ​ខ្សែ​ទៀត​ពេល​ឈ្នះ​កីឡាករ​អូស្ត្រាលី Rocky Ogden ។ Sam-A គ្រង​ខ្សែក្រវាត់ ONE Strawweight Muay Thai World Championship ដែល​គេ​ទើប​ដាក់​ឲ្យ​សម្ពោធ​នៅក្នុង​កម្មវិធី​ខាងលើ​។  កីឡាករ​ថៃ​ប្រើ​បម្លាស់​ទី​ល្អ និង​ប្រើ​កម្លាំង​ល្អ​ក្នុងការ​ប្រកួត​ទល់នឹង​យុវជន​វ័យក្មេង​មកពី​អូស្ត្រាលី​។ ក្នុង​ពីរ​បី​ទឹក​ដំបូង​កីឡាករ​មកពី​ខេត្ត​សុរិន្ទ​បាន​ប្រើ​បច្ចេកទេស​ល្អ​វ៉ៃ និង​ទាត់​ចំ​គោលដៅ មុនពេល​សម្រុកចូល​យ៉ាង​គឃ្លើន​នៅ​ទឹក​ទី ៤ និង ទី​៥ អមដោយ​ការ​ទាត់​ខ្លាំងៗ និង ម៉ាត់​ចំៗ​គោលដៅ​ទៀតផង​។ ក្រោយ​ចប់​៥​ទឹក ចៅក្រម​ទាំងបី​បានផ្ដល់​ពិន្ទុ​ឈ្នះ​ដល់ Sam-A និង​ក្លាយជា​កីឡាករ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ឈ្នះ​ខ្សែក្រវាត់​ពីរ​ផ្សេងគ្នា​នៅ​សង្វៀន​ពិភពលោក ONE Championship​។ 
 
#3 Akiyama ឈ្នះ​លើកដំបូង​នៅ ONE
 
 
​កីឡាករ​ជើងចាស់​គុន​ចម្រុះ​កូនកាត់​កូរ៉េ​-​ជប៉ុន Yoshihiro “Sexy Yama” Akiyama បាន​ប្រើ​កម្លាំង​របស់ខ្លួន​ផ្ដួល​កីឡាករ​អេ​ហ្ស៊ី​ប Sherif “The Shark” Mohamed ឲ្យ​សន្លប់​នៅ​ទឹក​ទី​១​។ ស្នូរ​ជួង​ចាប់ផ្ដើម Mohamed បាន​រុញច្រាន និង​ម៉ាត់​ឆ្វេង​ស្ដាំ​ឲ្យ Akiyama ខ្ទាត​ទៅ​ខ្សែ​រេញ​។ យ៉ាងណាក្ដី Akiyama  បាន​ប្រើ​ភាព​វៃឆ្លាត​ដើម្បី​បង្កើត​ចលនា​រើ​បម្រាស់ ហើយ​គេច​ចេញពី​ការ​ម៉ាត់​ច្រើន​ដៃ​របស់ Mohamed​។ មុនពេល​បញ្ចប់​ទឹក​ទី​១ Akiyama បាន​ប្រើ​បច្ចេកទេស​វាយ​ថ្ពក់​ដៃស្ដាំ​លើ Mohamed ឲ្យ​ដួល និង ហក់​ទៅ​ម៉ាត់​ថែមទៀត​មុនពេល​អាជ្ញាកណ្ដាល​ចូល​ឃាត់​។  ទីបំផុត កីឡាករ​ជើងចាស់​មកពី​ជប៉ុន​ឈ្នះ​នៅ​សង្វៀន ONE លើកដំបូង​បន្ទាប់​ឡើង​សង្វៀន​អន្តរជាតិ​មួយ​បាន​ពីរលើក​។ 
 
#4 Tiffany Teo ឈ្នះ​ការប្រកួត​ក្នុង​ទម្ងន់ Strawweight World Title ដោយ​វ៉ៃ​គូប្រកួត​ឲ្យ​សន្លប់​

 
 
​នេះ​ជាការ​ប្រកួត​កម្រិត​កំពូល​សម្រាប់​កីឡាការិនី​ក្នុង​ទម្ងន់ strawweights​។  អតីត​កីឡាការិនី​ប្រជែង​ខ្សែក្រវាត់ ONE World Title កីឡាការិនី​ជប៉ុន Ayaka Miura  និង ម្ចាស់​ខ្សែក្រវាត់​ប្រដាល់សកល​សញ្ជាតិ​សិង្ហ​បុរី Tiffany “No Chill” Teo បានបង្ហាញ​ការប្រកួត​ដ៏​ជក់ចិត្ត​។  Teo បាន​ផ្ដួល​កីឡាការិនី​ជប៉ុន Ayaka Miura មិន​ឲ្យ​ងើបមុខ​រួច​និង​សន្លប់​នៅ​ទឹក​ទី​៣​។  Miura បង្កើត​ភាព​ទាក់ទាញ​នៅ​ទឹក​ដំបូង​ដោយ​ប្រើ​បច្ចេកទេស​កីឡា​យូ​ដូ​កម្រិត​ខ្សែក្រវាត់​ខ្មៅ​របស់ខ្លួន និង ស្វែងរក​ចំណុច​ដើម្បី​បញ្ចប់​គូប្រកួត​ទៀតផង​។ ប៉ុន្តែ Teo បាន​ទប់​ជាប់ និង​បង្វែរ​ទៅប្រើ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ដ៏​មាន​ប្រសិទ្ធភាព​ទៅវិញ​លើ Miura ជាពិសេស​ការប្រើ​ក្បាច់​លើ​ក្ដារ​រេញ​។ នៅ​ទឹក​ទី​២ Teo គ្រប់គ្រង​ការប្រកួត​បានល្អ និង​មិន​ឲ្យ Miura ចាប់​ផ្ដួល​បានឡើយ​។ ទីបំផុត នៅ​ទឹក​ចុងក្រោយ Tiffany Teo ធ្វើបាន​ល្អ​ដោយ​វ៉ៃ​ពីលើ Miura ដូច​ព្យុះ​អីចឹង​រហូតដល់​អាជ្ញាកណ្ដាល​បញ្ឈប់​តែម្ដង​នៅ​ចុង​ទឹក​ចុង​ក្រោយនេះ​។  
 
​ម្ចាស់​ខ្សែក្រវាត់ ONE Women’s Strawweight World Champion កីឡាការិនី “The Panda” Xiong Jing Nan កំពុង​សម្លឹងមើល​ការប្រកួត​រវាង Tiffany “No Chill” Teo និង Ayaka Miura ហើយ​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នេះ​នឹង​ឡើងទៅ​ជួប ម្ចាស់​ខ្សែក្រវាត់​សញ្ជាតិ​ចិន​ជាក់​ជាមិនខាន​។ 
 
​ក្រោយ​ចាញ់​លើ​ថ្វីដៃ Xiong កាល​ខែមករា ឆ្នាំ ២០១៨ ក្នុង​ការដណ្ដើម​ខ្សែក្រវាត់ ONE Women’s Strawweight World Title កីឡាការិនី Teo ត្រលប់​មកវិញ​ដោយ​យកឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​ម្ចាស់​ខ្សែក្រវាត់ Brazilian Jiu-Jitsu World Champion ៨​សម័យ កីឡាការិនី Michelle Nicolini​។ 
 
​កីឡាការិនី​សិង្ហ​បុរី កំពុង​ស្វែងរក​ជ័យជម្នះ​ម្ដងទៀត​ដើម្បី​យកឈ្នះ Miura​។ បែបណា​ក្ដី Miura ឈ្នះ​រហូតដល់​៦​លើក​ជាប់​គ្នា រួមទាំង​ការ​ឈ្នះ​៣​លើក​ជាប់​គ្នា ONE Championship​។  Teo នៅ​បារម្ភ​ចំពោះ​ក្បាច់​បញ្ចប់​របស់​កីឡាការិនី​ជប៉ុន​។ តើ​កីឡាការិនី​រូប​ណា​អាច​ឈានទៅ​ដណ្ដើម​ខ្សែក្រវាត់​នាពេលខាងមុខ​? 
 






© រក្សាសិទ្ធិដោយ thmeythmey.com