COVID-19
អន្តរជាតិ
​កូរ៉េខាងត្បូង​មាន​អ្នក​ឆ្លង​ដល់​ជាង​៤៨០០​ករណី និង​ស្លាប់​៣៤​នាក់​
03, Mar 2020 , 9:33 am        
រូបភាព
លោក Lee Man-hee ប្រធានវិហារ Shincheonji Church of Jesus លុតជង្គង់សុំទោស មុនសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ។ រូបថត AFP
លោក Lee Man-hee ប្រធានវិហារ Shincheonji Church of Jesus លុតជង្គង់សុំទោស មុនសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ។ រូបថត AFP
​លោកស្រី Eun-Kyung Jung ប្រធាន​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង នៅ​ថ្ងៃទី​៣ ខែមីនា បាន​អះអាងថា កូរ៉េខាងត្បូង បន្ត​រកឃើញ​អ្នក​ផ្ទុក COVID-19 ថ្មី ចំនួន ៤៧៧​ករណី និង​ស្លាប់ ៦​ករណី​បន្ថែមទៀត​។ ការណ៍​នេះ ធ្វើ​ឲ្យ​តួលេខ​អ្នក​ឆ្លង​សរុប​នៅ​កូរ៉េខាងត្បូង​កើនឡើង​ដល់ ៤៨១២​ករណី និង​ស្លាប់ ៣៤​ករណី​។ ចំនួន​អ្នក​ផ្ទុក COVID-19 បែបនេះ បាន​ទាញ​កូរ៉េខាងត្បូង​ឲ្យ​ឈរ​នៅ​លំដាប់​ទី​ពី​រលើ​ពិភពលោក បន្ទាប់ពី​ចិន​។


 
​ទីក្រុង Daegu នៅតែ​ជា​តំបន់​ក្តៅ​បំផុត ដែលមាន​អ្នកជំងឺ​ផ្ទុក​COVID-19 ច្រើនជាងគេ​។ បើតាម​ការអះអាង​រប​ស់លោក​ស្រី Eun-Kyung Jung ប្រធាន​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង ក្នុងចំណោម​ករណី​ថ្មី​ចំនួន ៤៧៧​ករណីនេះ មាន​ប្រមាណ​ជាជាង ៤០០​គឺ​រកឃើញ​មាននៅ​ក្នុង​ទីក្រុង Daegu​។ ប្រភព​ចម្លង​ដំបូង​បំផុត​គឺ ព្រះវិហារ shincheonji​។ ចំណែក​ករណី​ផ្សេងទៀត ត្រូវបាន​គេ​រកឃើញ​មាននៅ​ក្នុង​ខេត្ត  North Gyeongsang​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​ក្រៅពី​តួលេខ​អ្នក​ឆ្លង ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត ដែល​បណ្តាលមកពី COVID-19 នៅ​កូរ៉េខាងត្បូង ក៏​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។ សម្រាប់​ព្រឹក​ថ្ងៃទី​៣ ខែមីនា​នេះ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹងថា មាន​៦​ករណី​បន្ថែមទៀត បាន​បាត់​បង់ជីវិត​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ករណី​ស្លាប់​នៅ​កូរ៉េខាងត្បូង​បន្ត​កើន​ដល់ ៣៤​ករណី​ឯណោះ​។ 
 
​សូមបញ្ជាក់ថា ដោយសារ​មាន​ករណី​ឆ្លង​នៅក្នុង​ប្រទេស​បែបនេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​ពន្យារ​ឆ្នាំ​សិក្សា​ថ្មី​រយៈពេល ២​សប្តាហ៍​ទៀត ដើម្បី​ការពារ​ក្មេងៗ​សិស្សសាលា​។ បន្ថែម​ពីលើ​នេះ រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល បាន​ប្តឹង​ថ្នាក់ដឹកនាំ​ព្រះវិហារ shincheonji ដែល​មិន​ជួយ​សហការ​ជាមួយ​អាជ្ញាធរ ក្នុងការ​ទប់ស្កាត់​ករ​ណី​ឆ្លង និង​រាយការណ៍​ប្រាប់​អាជ្ញាធរ​៕

Tag:
 ​កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com