COVID-19
ជាតិ
រដ្ឋមន្ត្រី​កសិកម្ម ប្រាប់​ឱ្យ​មន្ត្រី​ខ្លួន ប្រើប្រាស់​ថវិកា​ប្រយ័ត្នប្រយែង ខណៈ​សេដ្ឋកិច្ច​កំពុង​ប្រឈម​បញ្ហា​EBA និង​COVID-19
03, Mar 2020 , 11:40 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រាប់​ឱ្យ​មន្ត្រី​ខ្លួន ចេះ​ប្រើប្រាស់​ថវិកា​ដោយ​តម្លាភាព និង​ប្រយ័ត្នប្រយែង ស្របពេល​សេដ្ឋកិច្ចកម្ពុជា កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (Everything But Arms ) និង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19)​។ លោក វេ​ង សាខុន ថ្លែង​បែបនេះ នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​នីតិកម្ម​កសិកម្ម​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ កាលពី​ថ្ងៃទី​២ មីនា​។​


 
​ក្នុងចំណោម​ទិសដៅ​ការងារ​ចំនួន​៨ ចំណុច​ដែល​លោក វេ​ង សាខុន បាន​ណែនាំ​ឱ្យ​មន្ត្រី​ខ្លួន​អនុវត្ត​នោះ លោក​បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖« ស្ថិតក្នុង​កាល​:​ទេស​:​ដែល​ប្រទេស​យើង ក៏ដូចជា​ពិភពលោក កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​បញ្ហា​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (COVID-19) និង​បញ្ហា EBA ,​ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏ដូចជា​នាយកដ្ឋាន រដ្ឋបាល និង​អគ្គនាយកដ្ឋាន​ក្រោម​ឱវាទ ត្រូវ​គិតគូ​យកចិត្តទុកដាក់​ប្រើប្រាស់​ថវិកាជាតិ​ដោយ​ប្រយ័ត្នប្រយែង ចំ​គោលដៅ តម្លាភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។​
 
​បើតាម​ច្បាប់​ស្តីពី​ថវិកាជាតិ​ឆ្នាំ​២០២០​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទទួលបាន​ថវិកា​សម្រាប់​ប្រើប្រាស់ មាន​ចំនួន​៦២២,៧៨៤​ដុល្លារ​អាមេរិក ដែល​កើនឡើង​ប្រមាណ​ជា​៤​ដង បើ​ធៀប​នឹង​ឆ្នាំ​២០១៣ ដែលមាន​ថវិកា​១៤៣,៣៤៩​ដុល្លារ​។​
 
​កម្ពុជា ត្រូវបាន​គណៈកម្មការ​អឺរ៉ុប សម្រេច​កាត់ផ្តាច់​ផ្នែក​ខ្លះ​នៃ EBA ដែល​ស្មើនឹង​ប្រមាណ​២០​ភាគរយ​។​ការ​កាត់​ផ្នែក​ខ្លះ​នេះ គឺ​តម្រូវឱ្យ​កម្ពុជា​បង់ពន្ធ​លើ​មុខទំនិញ​៤០​មុខ ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១​ពាន់​លាន​អឺរ៉ូ ឬ​ប្រហាក់ប្រហែល​នឹង ១,១ ពាន់​លាន​ដុល្លារ​អាមេរិក​។ យ៉ាងណា​វា​មិនមាន​ការវាយតម្លៃ​ជាក់លាក់​ណាមួយ​ពី​ការខាតបង់​ដែល​កម្ពុជា​នឹង​ជួបប្រទះ ក្រោយ​ការអនុវត្ត​ពន្ធ​លើ​ទំនិញ​នាំចេញ​នេះឡើយ ប៉ុន្តែ​កន្លងមក​ការវាយតម្លៃ​ជាបឋម​ថា កម្រិត​ពន្ធ ១២ ភាគរយ​អាច​នឹងធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​រហូតដល់​ជាង ១២០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​។​ការសម្រេច​យកពន្ធ​នេះ នឹង​ចូល​ជាធរ​មាននៅ​រយៈពេល​៦​ខែក្រោយ ដែល​មានន័យថា ទាល់តែ​ដល់​ខែសីហា ឆ្នាំ​២០២០ ទើប​កម្ពុជា ចាប់ផ្តើម​បង់ពន្ធ ពេល​នាំ​ទំនិញ​ចូលទៅ​ទីផ្សារ​អឺរ៉ុប​។​
 
​ក្រៅពី​បញ្ហា​EBA នេះ ក៏មាន​បញ្ហា​វីរុស​កូ​រ៉ូ​ណា (COVID-19) ដែល​កំពុង​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​ទូទាំង​ពិភពលោក រួមទាំង​កម្ពុជា​ផងដែរ​។ ក្នុងនោះ​រោងចក្រ​ជិត​២០០​នៅ​កម្ពុជា ត្រូវបាន​រដ្ឋាភិបាល សន្និដ្ឋានថា អាច​ប្រឈមមុខ​នឹង​ការបិទទ្វារ​បណ្ដោះអាសន្ន ដោយសារ​ខ្វះ​វត្ថុធាតុដើម​ប្រើប្រាស់ ខណៈ​ចិន​ដែលជា​ប្រទេស​ផ្គត់ផ្គង់​សម្ភារ​នោះ កំពុង​ប្រយុទ្ធប្រឆាំង​វីរុស​ប្រភេទ​ថ្មី​នេះ​។ ដោយសារតែ​បញ្ហា​នេះហើយ ទើប​រដ្ឋមន្ត្រី​កសិកម្ម លោក វេ​ង សាខុន ស្នើឱ្យ​ប្រើប្រាស់​ថវិកាជាតិ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ធានា​សុវត្ថិភាព​ដល់​វិស័យ​កសិកម្ម​។​
 
​បន្ថែម​ពីនេះ​លោក វេ​ង សាខុន ក៏បាន​ណែនាំ​ឱ្យ​មន្ត្រី​ខ្លួន ពង្រឹង​ការងារ​លើកកម្ពស់​កសិក​ម្ម​ជាតិ តាមរយៈ​ការបន្ត​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​ក្រោម​ច្បាប់ ដោយ​សហការ​ជាមួយ​អង្គភាព​ជំនាញ​។ ជាពិសេស​ជំរុញ​ការធ្វើ​អធិការកិច្ច និង​ពង្រឹង​ការ​អនុវត្ដ​ច្បាប់ ហើយ​ត្រូវ​យកចិត្តទុកដាក់​ទប់​ស្កាត់​ចំពោះ​ការហូរចូល​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​ខុសច្បាប់ ក្លែងបន្លំ​សំបក​វេច​ខ្ចប់ ស្លាក​សញ្ញា​ព័ត៌មាន ទម្ងន់ និង​គុណភាព​ជាដើម​។​
 
«​ដើម្បី​សម្រេច​ចក្ខុ​វិស័យនេះ នាយកដ្ឋាន​នីតិកម្ម​កសិកម្ម​ត្រូវខិតខំ​អនុវត្ត​ច្បាប់ រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត ការគ្រប់គ្រង សេវាសាធារណៈ ចុះ​ត្រួតពិនិត្យ​លើ​ការផ្គត់ផ្គង់ ចែកចាយ លក់ដុំ​លក់រាយ​ថ្នាំ និង​ជី​កសិកម្ម​ដោយបាន​ចាត់វិធានការ​ចំពោះ​បទល្មើស និង​បាន​ប្រមូលប្រាក់​ពិន័យ​ជូន​រដ្ឋ​។ ជំរុញ​កម្មវិធី​ផ្សព្វផ្សាយ​អំពី​សារៈប្រយោជន៍ និង​ហានិភ័យ​នៃ​សម្ភារ​កសិកម្ម ដល់​អ្នកប្រើប្រាស់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វេ​ង សាខុន​។​
 
​គួរ​បញ្ជាក់ថា យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ បានកំណត់​ចក្ខុវិស័យ​យ៉ាងច្បាស់​ដោយ​តម្រង់ទិស​ឆ្ពោះទៅរក​ការធ្វើ​ទំនើបកម្ម​កសិកម្ម​ដែលមាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព ដើម្បី​កំណើន​សេដ្ឋកិច្ចជាតិ​៕

Tag:
 វេ​ង សាខុន​
  កសិកម្ម​
  EBA
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com