COVID-19
ជាតិ
COVID-19៖ កម្ពុជា វៀតណាម ណេ​ប៉ាល់ និង​ស្រីលង្កា មិនទាន់មាន​ករណី​ឆ្លង​ថ្មី​
03, Mar 2020 , 3:10 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នា​សន្និសីទសារព័ត៌មាន​កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ២០២០។ រូបថត ThmeyThmey
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នា​សន្និសីទសារព័ត៌មាន​កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ២០២០។ រូបថត ThmeyThmey
ដោយ: រួបរួម
​កម្ពុជា វៀតណាម ណេ​ប៉ាល់ ស្រីលង្កា និង​ហ្វីលីពីន ស្ថិតក្នុង​ចំណោម​ជាង​៧០​ប្រទេស​ដែល​បាន​រកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19) ប៉ុន្តែ​ប្រទេស​ទាំងនេះ បាន​ព្យាបាល​ជាសះស្បើយ​ករណី​រៀងៗ​ខ្លួន ហើយ​មិនទាន់មាន​ករណី​ឆ្លង​ថ្មី​នោះឡើយ​។​

 
​នា​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល  បាន​អះអាងថា កម្ពុជា​មិនទាន់មាន​ករណី​ឆ្លង​ថ្មី​នោះឡើយ ខណៈ​មនុស្ស​១៣៥​នាក់ ទាំង​ខ្មែរ និង​បរទេស បន្ថែម​ពីលើ​អ្នកដំណើរ​ប្រមាណ​២០០០​នាក់​នៅ​នាវា Westerdam សុទ្ធ​តែមាន​លទ្ធផល​អ​វិជ្ជមាន​។​
 
​កម្ពុជា​រកឃើញ​ករណី​ឆ្លង COVID-19 ដំបូង​លើ​ជនជាតិ​ចិន​អាយុ​៦០​ឆ្នាំ​ម្នា​ក់នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៧ ខែមករា​។ អ្នកជំងឺ​នោះបាន​ជាសះស្បើយ ហើយ​បាន​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ​។ បើទោះជា​រក​មិនទាន់​ឃើញ​ករណី​ឆ្លង​ថ្មី​ក៏ដោយ ក៏​រដ្ឋមន្ត្រី​សុខាភិបាល បាន​អះអាងថា កម្ពុជា​ចាត់វិធានការ និង​ត្រៀមលក្ខណៈ​រួចរាល់​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ជាពិសេស​ការទប់ស្កាត់​មិន​ឲ្យ​មានការ​រាលដាល​នៅក្នុង​ប្រទេស​។​
 
​វៀតណាម ក្លាយជា​ប្រទេស​ដ៏​គួរ​ឲ្យ​ស្ងើចសរសើរ​ចំពោះ​ប្រព័ន្ធ​សុខាភិបាល​។ ករណី​ឆ្លង​ដល់​ទៅ​១៦​នាក់ បាន​សះស្បើយ និង​ចេញពី​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់ ដែល​ក្នុងនោះ​មាន​ចិន​២​នាក់ វៀតណាម​៦​នាក់​ពី​ក្រុង​វូ​ហាន វៀតណាម​៦​នាក់​ដែល​ឆ្លងតាម​គ្នា អាមេរិក​១​នាក់ រួមទាំង​ទារិកា​វៀតណាម​១​នាក់​ដែល​ឆ្លង​ពី​ជីដូន​។  បើ​គិត​ចាប់តាំងពី​ថ្ងៃទី​១៣ ខែកុម្ភៈ មក វៀតណាម មិនទាន់មាន​ករណី​ឆ្លង​ថ្មី​ទៀត​នោះឡើយ​។​
 
​នៅ​ណេ​ប៉ាល់ និស្សិត​អាយុ​៣២​ឆ្នាំ​ម្នាក់​ដែល​បាន​ត្រឡប់​ពី​សាកលវិទ្យាល័យ Wuhan University of Technology ក្លាយជា​អ្នកជំងឺ​ដំបូង​ដែល​តេស្ត​ឃើញ​នៅ​អាស៊ី​ខាងត្បូង​។ ក្រោយ​ចូល​សម្រាក​នៅពេលនា​ថ្ងៃទី​១៣ ខែមករា ស្ថានភាព​ជំងឺ​របស់​និស្សិត​ណេ​ប៉ាល់​រូបនេះ បាន​ធូរស្រាល​ជា​បន្តបន្ទាប់ ហើយ​ក្រោយមក​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ និង​បន្ត​រស់នៅ​ដាច់ដោយឡែក​ក្នុងផ្ទះ​។ ក្រោយ​ការតាមដាន និង​ពិនិត្យ​បន្ថែមទៀត អ្នកជំងឺ​មាន​តេស្ត​អវិជ្ជមាន COVID-19​។​
 
​នៅ​ស្រីលង្កា ស្ត្រី​ទេសចរ​ចិន​អាយុ​៤៧​ឆ្នាំ ម្នាក់ ក្លាយជា​ករណី​តែមួយគត់​ដែល​បាន​ពិនិត្យឃើញ​វិជ្ជមាន COVID-19 កាលពី​ថ្ងៃទី​២៧ ខែមករា​។ ក្រោយមក ស្ត្រី​នោះបាន​សះស្បើយ និង​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ​។ ស្រីលង្កា បានដាក់​ទេសចរ និង​និស្សិត​ជាច្រើន​នាក់​ពី​វូ​ហាន ក្រោម​វិធាន​ច​ត្តា​ឡី​ស័ក ប៉ុន្តែ​មិនទាន់មាន​ករណី​ថ្មី​ឡើយ​។​
 
​ដោយឡែក​នៅ​ហ្វីលីពីន ការឆ្លង​៣​ករណី​សុទ្ធតែ​កើត​លើ​ជនជាតិ​ចិន​។ ស្ត្រី​អាយុ​៣៨​ឆ្នាំ ម្នាក់​ត្រូវបាន​ពិនិត្យឃើញ​នៅ​ថ្ងៃទី​៣០ ខែមករា ហើយ​សះស្បើយ និង​ចេញពី​ពេទ្យ​វិញ​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ​។ ប៉ុន្តែ​ករណី​ទី​ពីរ បុរស​វ័យ​៤៤​ឆ្នាំ បាន​ស្លាប់​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ និង​ជា​ករណី​ស្លាប់​ដំបូង​នៅក្រៅ​ប្រទេស​ចិន​។ រីឯ​ករណី​ទី​បី ស្ត្រី​វ័យ​៦០​ឆ្នាំ បាន​សះស្បើយ និង​ត្រឡប់​ទៅ​ចិន​វិញ​នៅ​ថ្ងៃទី​៣១ ខែមករា​។​
 
​ប្រទេស​មួយចំនួនទៀត ដូចជា ឥណ្ឌា រុស្ស៊ី ហ្វាំ​ង​ឡង់ ចក្រភព​អង់គ្លេស និង​អេ​ហ្ស៊ី​ប ជាដើម បាន​ស្ងប់ស្ងាត់​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្រោយ​ព្យាបាល​សះស្បើយ​អ្នកជំងឺ​ដំបូងៗ ប៉ុន្តែ​ក្រោយមក ប្រទេស​ទាំងនោះ បាន​កើន​ករណី​ឆ្លង​ជា​បន្តបន្ទាប់​៕

© រក្សាសិទ្ធិដោយ thmeythmey.com