ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ា​នី ស្នើ​ឲ្យ​យុវជន​ថ្លឹងថ្លែង​ទង្វើ​របស់ខ្លួន ដែល​អាច​សម្លាប់ ឬ​លើកស្ទួយ​វប្បធម៌​ជាតិ​
03, Mar 2020 , 9:58 pm        
រូបភាព
លោក ហ៊ុន ម៉ានី(កណ្តាល) នាពេលចូលរួម​ទិវាវប្បធម៌ជាតិ លើកទី២២ នាថ្ងៃទី៣ មីនា ឆ្នាំ២០២០ នៅសាលសន្និសីទកោះពេជ្រ។
លោក ហ៊ុន ម៉ានី(កណ្តាល) នាពេលចូលរួម​ទិវាវប្បធម៌ជាតិ លើកទី២២ នាថ្ងៃទី៣ មីនា ឆ្នាំ២០២០ នៅសាលសន្និសីទកោះពេជ្រ។
​ភ្នំពេញ​៖ ៣​មីនា ឆ្នាំ​២០២០ ជា​ទិវា​វប្បធម៌​ជាតិ លើក​ទី​២២​។ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានស្នើ​ឲ្យ​យុវជន​ថ្លឹងថ្លែង​អំពី​ទង្វើ​របស់ខ្លួន និង​បែងចែក​ឲ្យ​បាន​ច្បាស់​រវាង​វប្បធម៌​ជាតិ និង​វប្បធម៌​បរទេស ដើម្បី​ចៀសវាង​ការ​ភ្លេច ឬ​បាត់បង់​អ្វី​ជាម​រតក​ខ្លួនឯង​។​

 
​នៅ​ថ្ងៃ​ទិវា​វប្បធម៌​ជាតិ លើក​ទី​២២ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានលើកឡើង​ជា​សំណួរ​ថា «​តើ​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» ជា​អ្វី​? សម្រាប់​លោក ហ៊ុន ម៉ា​នី ផ្ទាល់ យុវជន​ដើម្បី​វប្បធម៌​ជាតិ គឺជា​ការចេះ​ថ្លឹងថ្លែង​រវាង​ទង្វើ​ផ្ទាល់ខ្លួន និង​ផល​ជះ​នៃ​ទង្វើ​នោះ  ចំពោះ​សិល្បៈ​វប្បធម៌​ជាតិ​ខ្លួន​។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ា​នី ក៏បាន​ស្នើ​ឲ្យ​យុវជន​ស្វែងយល់​ពី​ទង្វើ​របស់ខ្លួន និង​បែងចែក​អ្វី​ជា​វប្បធម៌​បរទេស ដើម្បី​ចៀសវាង​ការ​ភ្លេច ឬ​បាត់បង់​អ្វី​ជាម​រតក​ខ្លួនឯង​។​
 
​លោក ហ៊ុន ម៉ា​នី បន្ថែមថា​៖ «​ក្នុងនាម​ជា​ប្រជាជាតិ​ខ្មែរ យើង​អាច​ចូលរួម​អភិរក្ស​វប្បធម៌ ក្នុង​ទម្រង់​ផ្សេងៗ​គ្នា តាម​លទ្ធភាព​ដែល​យើង​មាន​។ យើងទាំងអស់គ្នា ជា​អ្នក​បន្តវេន​ក្នុងការ​ថែរក្សា និង​លើកតម្កើង​វប្បធម៌​របស់​យើង​។ ដូចនេះ​សូម​យុវជន​ទាំងអស់ ស្វែងយល់​ឲ្យ​ច្បាស់​នូវ​អ្វី​ដែលជា​ទង្វើ​របស់ខ្លួន ហើយ​អ្វី​ដែលជា​វប្បធម៌​បរទេស ដើម្បី​ចៀសវាង​ការ​ភ្លេច ឬ​បាត់បង់​អ្វី​ដែលជា​មរតក​ខ្លួនឯង​»​។ 
 
​លោក ហ៊ុន ម៉ា​នី បន្តថា ការចេះ​ថ្លឹងថ្លែង ពិចារណា​ចំពោះ​សកម្មភាព ឬ​កាយវិការ​របស់ខ្លួន​ជា​លក្ខណៈ​បុគ្គល ជាការ​ចូលរួមចំណែក​ក្នុង​រក្សា​តម្លៃ​នៃ​វប្បធម៌ ព្រោះ​ភាពអន់ថយ​នៃ​សីលធម៌ និង​គុណធម៌​សង្គម​ស្តែង​ចេញពី​ទង្វើ​បុគ្គល  នឹង​ប៉ះពាល់​និរន្ត​ភាព​នៃ​វប្បធម៌​។​
 
​ក្រៅពី​ស្នើ​ឲ្យ​ទៅ​យុវជន​ពិចារណា​ពី​សកម្មភាព​របស់ខ្លួន ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា ក៏បាន​លើកឡើង ពី​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​នាពេល​កន្លងមក ចំពោះ​សកម្មភាព​ណា​ដែល​ធ្វើ​ឲ្យ​អាប់ឱន​ដល់​វប្បធម៌​ជាតិ​។ សម្រាប់​លោក ហ៊ុន ម៉ា​នី ចំណាត់ការ​ទាំងនោះ គឺជា​ការ​ដាស់តឿន អ្នក​ដែល​កំពុង​ប្រព្រឹត្ត​ទង្វើ​មិន​សមរម្យ​ដើម្បី​ប្រយោជន៍​ខ្លួន ឲ្យ​ភ្ញាក់រឭក​ថា សកម្មភាព​របស់​ពួកគេ​ប្រាសចាក​សីលធម៌ នៃ​ការរស់នៅ​ក្នុងសង្គម​ខ្មែរ និង​អាច​ឈានដល់​ការបាត់​អត្តសញ្ញាណ​ជាតិ​ថែមទៀត​៕
 

Tag:
 ហ៊ុន ម៉ា​នី​
  វប្បធម៌​
  យុវជន​
© រក្សាសិទ្ធិដោយ thmeythmey.com