COVID-19
អន្តរជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី ព្រមាន​អ្នក​ស្តុក​ម៉ាស់​ទុក​លក់​ក្នុងតម្លៃ​ថ្លៃ​
05, Mar 2020 , 8:29 am        
រូបភាព
លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ។ រូបភាព៖ Reuters
លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ។ រូបភាព៖ Reuters
​ប្រមុខរដ្ឋ​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ នៅ​ថ្ងៃទី​៣ ខែមីនា បាន​បញ្ជា​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​រាល់​ឈ្មួញ ឬ​អ្នកលក់​ទាំងអស់​ណា ដែល​ស្តុក​ម៉ាស់​ទុក​លក់​ក្នុងតម្លៃ​ថ្លៃ​។ ការចេញ​បញ្ជា​របស់​ប្រធានាធិបតី​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ឥណ្ឌូណេស៊ី​រកឃើញ COVID-19 ពីរ​ករណី​ដំបូងបង្អស់​នៅក្នុង​ប្រទេស​។


 
​បន្ទាប់ពី​ឥណ្ឌូណេស៊ី​រកឃើញ​អ្នក​ផ្ទុក COVID-19 ចំនួន​ពីរ​ករណី​ដំបូង ប្រជាជន​ជាច្រើន​បាន​សម្រុក​ទៅ​ផ្សារ ដើម្បី​ទិញ​ឥ​វ៉ាន់​ស្តុក​ទុក​។ ការណ៍​នេះ វា​បានធ្វើ​ឲ្យ​ទំនិញ​ជាច្រើន ត្រូវគេ​ទិញ​ស្ទើរតែ​ទាំងអស់​។ ក្នុង​មុន​ទំនិញ​ទាំងនោះ ម៉ាស់ និង​ទឹក​លាងដៃ ត្រូវបាន​លក់​អស់​គ្មាន​សល់​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មាន​ឈ្មួញ ឬ​អ្នកលក់​ខ្លះ មាន​ស្តុក​ម៉ាស់​លក់ ក្នុង​គោលបំណង​ទទួលបាន​តម្លៃ​ថ្លៃ​។ ក្នុង​ថ្ងៃ​ធម្មតា ម៉ាស់​ប្រភេទ N95 តម្លៃ​២៥​ដុល្លារ​ប៉ុណ្ណោះ រហូតដល់​ឥណ្ឌូណេស៊ី​រកឃើញ COVID-19 តម្លៃ​ម៉ាស់​បាន​កើនឡើង​រហូតដល់​ជាង ១០០​ដុល្លារ​ឯណោះ​។ ចំណែក​ម៉ាស់​ធម្មតា គឺ​កើន​ដល់ ២៨​ដុល្លារ ក្នុង​មួយ​ប្រអប់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Jakarta Globe​។   
 
​ដើម្បី​ទប់ស្កាត់​ការទាញយក​ប្រយោជន៍​ក្នុងពេល​ខ្វះខាត​បែបនេះ លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ បាន​បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក Idham Azis ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ​។ «​ខ្ញុំ​បាន​បញ្ជា​ឲ្យ​មេប៉ូលីស​ជាតិ​ចាត់វិធានការ​ជា​បន្ទាប់​មួយ ដើម្បី​ទប់ស្កាត់​ក្រុមមនុស្ស ដែល​មិន​ទទួលខុសត្រូវ ហ៊ាន​ទាញយក​ប្រយោជន៍ តាមរយៈ​ការ​ស្តុក​ម៉ាស់​ទុក និង​លក់​ចេញ​ក្នុងតម្លៃ​ថ្លៃ​»​។ នេះ​ជាស​ម្ដី​លោក វី​ដូ​ដូ ។ 
 
​ក្នុងន័យនេះ លោក វី​ដូ​ដូ បាន​អំពាវនាវ​អ្នក​ស្តុក​ម៉ាស់​លក់​ក្នុងតម្លៃ​ថ្លៃ មានការ​ប្រុងប្រយ័ត្ន​ជាង​មុន បន្ទាប់ពី​ការព្រមាន​នេះ​។ តាមច្បាប់​របស់​ឥណ្ឌូណេស៊ី រាល់​អ្នកជំនួញ​ទាំងឡាយណា ដែល​ស្តុក​ផលិតផល​ទុក ក្នុងពេល​មាន​តម្រូវការ ឬ​ពេល​ខ្វះខាត ដើម្បី​ទុក​លក់​ក្នុងតម្លៃ​ថ្លៃ នឹងត្រូវ​ជាប់ពន្ធនាគា​រ​រហូតដល់ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូតដល់​ជាង ៣៥​ម៉ឺន​ដុល្លារ​។ 
 
​សូមបញ្ជាក់ថា នា​ថ្ងៃទី​២៨ ខែកុម្ភៈ​កន្លងទៅ ប៉ូលិស​ក្រុង​ហ្សា​ការ​តា បាន​ចុះទៅ​បង្ក្រាប​ទីតាំង​ផលិត​ម៉ាស់​ខុសច្បាប់​មួយកន្លែង​នា​សង្កាត់ Cilincing ទីក្រុង​ហ្សា​ការ​តា ដោយ​ចាប់បាន​ជនសង្ស័យ​យ៉ាងហោចណាស់ ១០​នាក់ និង​ម៉ាស់​ប្រមាណ​ជា ៣០​ម៉ឺន​សន្លឹក​។ តាម​ការត្រួត​ពិនិត្យមើល​ម៉ាស់​ទាំងនោះ គឺ​ខ្វះ​ស្តង់ដារ​សុខាភិបាល និង​ផលិតឡើង​មិន​ត្រឹមត្រូវ​៕  

Tag:
 ឥណ្ឌូណេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com