កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ Man City, Leicester ឡើងទៅ​វគ្គ​បន្ត ឯ Spurs ធ្លាក់​ដោយសារ​ក្រុម​បាត​តារាង Norwich
05, Mar 2020 , 11:43 am        
រូបភាព
Manchester City និង Leicester City សុទ្ធតែ​ទទួល​ជ័យជម្នះ​រៀងខ្លួន​ដើម្បី​ឈានទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ FA Cup​។ ចំណែក Tottenham Hotspur បាន​ធ្លាក់​ចេញពី​ពាន​នេះ​ត្រឹម​វគ្គ​១៦​ក្រុម ក្រោយ​ចាញ់​ក្រុម Norwich City ដោយ​ការទា​ត់បាល់​កាត់សេចក្តី​១១​ម៉ែត្រ​។​


 
​ខ្សែប្រយុទ្ធ Sergio Aguero ជា​អ្នកសម្រេច​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​មេឃ​ខៀវ​ដើម្បី​យកឈ្នះ Sheffield Wednesday ក្នុង​លទ្ធផល ១-០ នា​ជំនួប​វគ្គ​១៦​ក្រុម នៅ​រាត្រី​ថ្ងៃទី​៤ ខែមីនា​។ លទ្ធផល ១-០ គ្រប់គ្រាន់​ក្នុង​ការជួយ​ក្រុម​លោក Pep Guardiola ដែលជា​ម្ចាស់​ការពារ​តំណែង​ជើងឯក បន្តទៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​។​
 
​ខ្សែការពារ Ricardo Pereira ស៊ុត​បញ្ចូល​ទី​១​គ្រាប់​នៅ​ចុង​ម៉ោង​នាទី​៨២ ដើម្បី​ជួយ Leicester យកឈ្នះ Birmingham City ១-០ នា​កីឡដ្ឋាន King Power​។ ជ័យជម្នះ​នេះ បាន​នាំ​ក្រុម​រហស្សនាម​កញ្ជ្រោង​ឡើងទៅ​វគ្គ​៨​ក្រុម​នៃ​ពានរង្វាន់ FA Cup រដូវ​កាល​២០១៩-២០​នេះ​។​
 
​ដោយឡែក Spurs ឯណោះ​វិញ ទទួលបាន​ត្រឹម​ខកចិត្ត​ប៉ុណ្ណោះ បន្ទាប់ពី​ធ្លាក់​ចេញពី FA Cup នេះ​ត្រឹម​វគ្គ​១៦​ក្រុម ក្រោយ​ចាញ់ Norwich City ដែលជា​ក្រុម​នៅ​បាត​តារាង Premier League ដោយ​ការទា​ត់បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​។ ក្រោយ​ប្រកួត​ស្មើគ្នា ១-១ ក្នុង​ម៉ោង​ផ្លូវការ ក្រុម​ទាំងពីរ​ត្រូវ​បន្ត​ដល់​វគ្គ​ប៉េ​ណា​ល់​ទី ដោយ Spurs ចាញ់ Norwich ក្នុង​លទ្ធផល ៣-២​។​
 
​ក្រុម​ដែល​ត្រូវ​ប៉ះគ្នា​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ FA Cup រួមមាន​, Leicester City Vs Chelsea, Sheffield United Vs Arsenal, Newcastle United Vs Man City, Norwich City ត្រូវ​ជួប Man Utd ឬ Derby County ខណៈដែល​ក្រុម​ទាំងពីរ​ត្រូវ​ប្រជែង​គ្នា​នៅ​រាត្រី​ថ្ងៃទី​៥ ខែមីនា​នេះ វេលា​ម៉ោង ២:៤៥​នាទី [​ម៉ោង​នៅ​កម្ពុជា​]៕
 


Tag:
 FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com