COVID-19
ជាតិ
ករណីជប៉ុននៅ Nagoya ដែលឆ្លងកាត់ហ្វីលីពីន ថៃ កម្ពុជា វៀតណាម សុទ្ធតែអវិជ្ជមាន COVID-19 លោក ទៀ សីហា អភិបាលខេត្តសៀមរាប
× ភ្នំពេញ៖ ជនជាតិជប៉ុនម្នាក់ ត្រូវបានក្រសួងសុខាភិបាលជប៉ុន រកឃើញវីរុសកូរ៉ូណាប្រភេទថ្មី COVID-19 នៅពេលទៅដល់អាកាសយានដ្ឋាន Nagoya Airport តាមជើងហោះហើរពីវៀតណាម។ ភ្លាមៗនោះ កាសែតវៀតណាម បានអះអាងជនជាតិជប៉ុនរូបនោះ ចាកចេញពីខេត្តសៀមរាប ហើយដូរជើងយន្តហោះនៅវៀតណាម មុនបន្តដំណើរទៅជប៉ុន។ អភិបាលខេត្តសៀមរាប បានអះអាងថា ជនជាតិជប៉ុនរូបនោះ បានធ្វើដំណើរទៅមកជាច្រើនកន្លែងក្នុងនោះមានហ្វីលីពីន ថៃ កម្ពុជា វៀតណាម ហើយលទ្ធផលនៃការត្រួតពិនិត្យសុខភាព សុទ្ធតែអវិជ្ជមាន COVID-19។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ លោក ទៀ សីហា បានពន្យល់ថា មុនពេលចាកចេញពីកម្ពុជា ជនជាតិជប៉ុននេះ ត្រូវបានពិនិត្យសុខភាព ហើយរកមិនឃើញវត្តមានកូរ៉ូណាវីរុស (COVID-19) អ្វីឡើយ។
មិនត្រឹមតែកម្ពុជាទេ សូម្បីតែបណ្ដាប្រទេសផ្សេងទៀត ដែលជនជាតិជប៉ុនរូបនោះឆ្លងកាត់ ក៏គេរកមិនឃើញពីករណីវីរុសកូរ៉ូណានេះដែរ រួមមាន ហ្វីលីពីន ថៃ និងវៀតណាមជាដើម ។ នេះជាការបញ្ជាក់របស់អភិបាលខេត្តសៀមរាប។
ត្រង់ចំណុចនេះ លោក ទៀ សីហា បានពន្យល់ថាដូច្នេះថា៖«ក្នុងអំឡុងពេលដែលគាត់(ជប៉ុន)នៅប្រទេសខ្មែរ នៅសៀមរាបយើងនេះ គឺគាត់អត់មានអាការៈអីទេ។ ខាងសុខាភិបាលក៏បានបញ្ជាក់ដែរថា ខាងម៉ាស៊ីនស្គែនរបស់ហ្វីលីពីន ម៉ាស៊ីនស្គែនរបស់ថៃ និងម៉ាស៊ីនស្កែនរបស់កម្ពុជា គឺអត់មានបានចាប់(ឃើញរោគសញ្ញា)អីទេ អត់មានអ្វីគួរឱ្យកត់សម្គាល់ទេ។ ហើយវៀតណាម ក៏អត់មានបញ្ជាក់(វិជ្ជមានវីរុសCOVID-19) ដែរ តែបញ្ជាក់ពេលទៅដល់ជប៉ុនទេ ពេលដែលគាត់(ជប៉ុន)ទៅពិនិត្យ(សុខភាព)»។
ជនជាតិជប៉ុននេះ បានមកដល់កម្ពុជា កាលពីថ្ងៃទី១៦ កុម្ភៈ កន្លងមក។ មុនមកដល់កម្ពុជា ជនជាតិជប៉ុននេះ បានធ្វើដំណើរទៅវៀតណាម ហើយឆ្ពោះទៅជប៉ុនម្ដងហើយ ប៉ុន្តែគ្មានបញ្ហាសុខភាពអ្វីទេ។ ក្រោយមកជនជាតិជប៉ុននេះ ក៏បានចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយបានបន្តដំណើរទៅប្រទេសថៃ មុននឹងចូលកម្ពុជាវិញ។ បន្ទាប់មកជនជាតិជប៉ុននេះ ចាកចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី៣ មីនា មុននឹងបន្តដំណើរទៅដល់ជប៉ុន ហើយត្រូវបានជប៉ុនរកឃើញថា មានផ្ទុកវីរុសCOVID-19។ នេះបើតាមការរៀបរាប់របស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប។
អភិបាលខេត្តសៀមរាបរូបនេះ បានបកស្រាយដូច្នេះថា៖«គាត់ហោះ(ធ្វើដំណើរ)ច្រើនតង់ (ពីប្រទេសមួយទៅប្រទេសមួយ) ហើយមិនមានអ្វីកត់សម្គាល់ ហើយយើងក៏បានភ្ញាក់ផ្អើលដែរ នៅពេលគាត់ផ្ទុកមេរោគCOVID-19 នៅជប៉ុននេះ។ ហើយក៏យើងមិនទាន់អាចថាបានដែរ បើសិនជាគាត់មាន(វីរុស)មែន តើវាឆ្លងពីខ្មែរ ឬឆ្លងពីម៉ានីឡា (ប្រទេសហ្វីលីពីន) ក៏យើងអត់ទាន់ដឹងដែរ។ ឥឡូវយើងកំពុងចាត់វិធានការពិនិត្យឱ្យបានច្បាស់លាស់នូវដំណើររបស់គាត់ តាំងពីចូលកម្ពុជា និងចេញពីកម្ពុជា ទើបចាំយើងបញ្ជាក់រឿងហ្នឹង»។
កម្ពុជា កំពុងរង់ចាំលទ្ធផលរបស់អគ្គកុងស៊ុលជប៉ុនប្រចាំកម្ពុជា ជុំវិញករណីវីរុសកូរ៉ូណា ដែលកើតមានលើជនជាតិជប៉ុននេះ។ ក្រៅពីនេះ រដ្ឋបាលខេត្តសៀមរាប ក៏កំពុងចាត់វិធានការបង្ការ និងការពារវីរុសកូរ៉ូណានេះ តាមរយៈការបាញ់ថ្នាំបង្ការមេរោគ នៅតាមទីកន្លែងដែលជនជាតិជប៉ុននោះ ឆ្លងកាត់ និងស្នាក់នៅ រួមទាំងស៊ើបសួររកអ្នកដែលធ្លាប់ប្រាស័យទាក់ទងជាមួយជនជាតិជប៉ុននេះ ដើម្បីយកមកពិនិត្យសុខភាពផងដែរ។ រាល់ការវិវត្តផ្សេងៗទាក់ទងនឹង COVID-19 មានតែក្រសួងសុខាភិបាលប៉ុណ្ណោះ ដែលមានសិទ្ធិអះអាង។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក៕
Tag:
ទៀ សីហា
COVID-19
Coronavirus
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com