COVID-19
អន្តរជាតិ
ថៃ រកឃើញ​អ្នក​ផ្ទុក COVID-19 ៤​ករណី​ទៀត​ដែល​ឆ្លង​មកពី​អ៊ីតាលី​និង​អ៊ីរ៉ង់​
05, Mar 2020 , 5:03 pm        
រូបភាព
ប្រជាជនថៃពាក់ម៉ា់ស់ការពារ នាទីក្រុងបាងកក, រូបភាព៖ Reuters
ប្រជាជនថៃពាក់ម៉ា់ស់ការពារ នាទីក្រុងបាងកក, រូបភាព៖ Reuters
​នា​ថ្ងៃទី​៥ ខែមីនា ក្រសួងសុខាភិបាល​ថៃ​បញ្ជាក់​ពី​ករណី​ឆ្លង COVID-19 ចំនួន​៤​ករណី​បន្ថែមទៀត​។ ករណី​ថ្មី​ទាំង​៤ ចុងក្រោយ​នេះ គឺ​ឆ្លង​មកពី​អ៊ីតាលី និង​អ៊ីរ៉ង់​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ថៃ​រកឃើញ​អ្នក​ឆ្លង COVID-19 សរុប​ចំនួន ៤៧​ករណី​។


 
​បន្ទាប់ពី​សិង្ហ​បុរី និង​ម៉ាឡេស៊ី ថៃ​គឺជា​ប្រទេស​ទី​៣ ដែល​បាន​រកឃើញ​អ្នក​ឆ្លង​COVID-19 ច្រើនជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រហូតដល់​៤៧​ករណី បន្ទាប់ពី​រកឃើញ​អ្នក​ឆ្លង​ចំនួន ៤​ករណី​បន្ថែមទៀត​នៅ​ថ្ងៃទី​៥ ខែមីនា​។ បើតាម​ការអះអាង​រប​ស់​ក្រសួងសុខាភិបាល​ថៃ ករណី​៤ ចុងក្រោយ គឺ​ឆ្លង​មកពី​អ៊ីតាលី ២​ករណី និង​អ៊ីរ៉ង់​ចំនួន​២​ករណី​។ ក្នុងនោះ​មាន ១​ករណី​គឺជា​ជនជាតិ​អ៊ីតាលី ១​ករណី​ជនជាតិ​ចិន និង​២​ករណី​ជា​ជនជាតិ​ថៃ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Bangkok Post​។​
 
​លោក  Suwannachai Wattanayingcharoenchai ប្រធាន​នាយកដ្ឋាន​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង បាន​បញ្ជាក់ថា អ្នកជំងឺ​ករណី​ទី​៤៤ គឺជា​ជនជាតិ​អ៊ីតាលី វ័យ​២៩​ឆ្នាំ ដែល​បាន​មកដល់​ថៃ នា​ថ្ងៃទី​១ មីនា ដោយ​ឆ្លងកាត់​អាកាសយានដ្ឋាន​ថៃ ដោយ​គ្មាន​រោគសញ្ញា​អ្វី​ទាំងអស់​។ នៅ​ថ្ងៃ​បន្ទាប់ ជនបរទេស​រូបនេះ បាន​ទៅ​មន្ទីរពេទ្យ​ឯកជន​មួយ ដើម្បី​ព្យាបាល​ជំងឺ​ក្អក និង​គ្រុនក្តៅ ប៉ុន្តែ​ត្រូវគេ​បញ្ជូនទៅ​មន្ទីរពេទ្យ Chon Buri ក្នុង​ខេត្ត Chon Buri ដែលជា​កន្លែង​គេ​រកឃើញថា​មាន​ផ្ទុក COVID-19​។​
 
​សម្រាប់​ករណី​ទី​៤៥ គឺជា​បុរស​ជនជាតិ​ថៃ វ័យ​៤២​ឆ្នាំ ដែល​បានធ្វើ​ដំណើរ​មកពី​អ៊ីតាលី ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស នា​មន្ទីរពេទ្យ Chon Buri ដែរ​។ ប៉ុន្តែ​ករណីនេះ មិនមាន​ទំនាក់ទំនង​ជាមួយ​ករ​ណី​ទី​៤៤ នោះទេ​។ 
 
​ចំណែក​ពីរ​ករណី​ចុងក្រោយ គឺ​ឆ្លង COVID-19 មកពី​អ៊ីរ៉ង់​។ ក្នុងករណី​ទី​៤៦ គឺជា​និស្សិត​ចិន​វ័យ ២២​ឆ្នាំ ដែល​បាន​ត្រលប់​ពី​អ៊ីរ៉ង់ និង​បាន​មកដល់​អាកាសយានដ្ឋាន Suvarnabhumi នា​ថ្ងៃទី​១ ខែមីនា ដើម្បី​រង់ចាំ​ជើងហោះហើរ​ទៅ​ចិន​។ និស្សិត​រូបនេះ មាន​រោគសញ្ញា​ក្អក និង​ហៀរ​សំបោរ មុនពេល​អាជ្ញាធរ​សុខាភិបាល​ថៃ​យកទៅ​ពិ​និត្យនៅ​វិទ្យាស្ថាន​ជំងឺឆ្លង Bamrasnaradura ក្នុង​ខេត្ត Nonthaburi ។​
 
​ករណី​ចុងក្រោយ គឺជា​និស្សិត​ថៃ វ័យ​២០​ឆ្នាំ ដែល​បាន​ត្រលប់​មកពី​អ៊ីរ៉ង់​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ​។ យុវជន​រូបនេះ បាន​ទៅ​មន្ទីរពេទ្យ​មួយកន្លែង​ក្នុង​ខេត្ត Nakhon Si Thammarat នា​ថ្ងៃទី​២ ខែមីនា បន្ទាប់ពី​មាន​រោគសញ្ញា​ហៀរ​សំបោរ និង​គ្រុនក្តៅ និង​ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក កូ​រ៉ូ​ណាវី​រុស​។ 
 
​សូមបញ្ជាក់ថា បើទោះបីជា​ថៃ បាន​រកឃើញ COVID-19 រហូតដល់ ៤៧​ករណី​ក៏ពិតមែន ប៉ុន្តែ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ក៏បាន​ព្យាបាល​អ្នកជំងឺ​ឲ្យ​ជាសះស្បើយ​បាន​រហូតដល់​ទៅ ៣១​ករណី​ឯណោះ ខណៈពេល​អ្នកស្លាប់​មាន​តែ ១​ករណី​ប៉ុណ្ណោះ​៕ 

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com