ជាតិ
សង្គមជាតិ
កម្ពុជាត្រៀម៣០លានដុល្លារ សម្រាប់ចំណាយលើបញ្ហាកូវីដ-១៩ រូបភាពពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ
× ភ្នំពេញ៖ កម្ពុជា ត្រៀមថវិកា៣០លានដុល្លារ តាមរយៈក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដោយសហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីបន្តរៀបចំឧបករណ៍តាមដាន ត្រួតពិនិត្យ និងរៀបចំទីកន្លែងសម្រាប់ព្យាបាលវីរុសកូវីដ-១៩ (COVID-19 ) ត្រឹមរយៈពេល៦ខែទៅមុខ គឺចាប់ពីខែមីនា រហូតដល់ខែសីហា។
ក្រសួងសុខាភិបាល កំពុងតែសហការជាមួយនឹងបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមរយៈការរៀបចំផែនការយុទ្ធសាស្ត្រអំពី វិធានការឆ្លើយតបជាបន្ទាន់ ចុះផ្សព្វផ្សាយ និង អប់រំពលរដ្ឋឲ្យការពារសុខភាព ដើម្បីទប់ស្កាត់វីរុសកូវីដ-១៩។
តាមរយៈថវិកា៣០លានដុល្លារនោះ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នឹងសហការជាមួយក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ ទៅលើការបង្កើតប្រព័ន្ធការពារ និងឧបករណ៍តាមដាន។ ជាពិសេស បន្តពង្រឹង និងបង្កើនសមត្ថភាពផ្នែកគ្រូពេទ្យ សម្ភារពេទ្យ រៀបចំឧបករណ៍ស្កេនកម្កៅ ប្រព័ន្ធគ្រប់គ្រង និងភ្នាក់ងារចាំទទួលព័ត៌មាន ព្រមទាំងពង្រឹងកិច្ចសហការជាមួយនឹងអង្គការសុខភាពពិភពលោក។ នេះបើតាមការផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។
គិតត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ វីរុសកូវីដ-១៩ បានរាលដាលដល់៨០ប្រទេសហើយ ដែលបានសម្លាប់មនុស្សចំនួន៣២៨៥នាក់ ក្នុងនោះមានអ្នកឆ្លងកើនដល់ជាង៩៥០០០នាក់។ មនុស្សចំនួនជាង៥៣០០០នាក់បានជាសះស្បើយ៕
Tag:
COVID-19
ថវិកា
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com