COVID-19
អន្តរជាតិ
COVID-19៖ អ្នក​ឆ្លង​មាន​ជាង​៩៨០០០​នាក់ និង​ស្លាប់​ជិត​៣៤០០​នាក់​
06, Mar 2020 , 10:31 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ: រួបរួម
​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19) ឡើង​ជាង​៩៨ ០០០​នាក់ និង​ស្លាប់​ជិត​៣ ៤០០​នាក់​ហើយ​បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែមីនា នេះ​។ អត្រា​នៅ​ចិន បន្ត​ថយចុះ ខណៈ​បណ្តា​ប្រទេស​ផ្សេងទៀត មាន​កំណើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​។​

 
​បើ​ប្រៀបធៀប​កាលពី​ម្សិលមិញ ចិន​ទាំងមូល​មាន​ករណី​ស្លាប់​កើន​៣០​នាក់ ក្នុងនោះ​២៩​នាក់​នៅ​ខេត្ត​ហ៊ូ​ប៉ី ខណៈ​ករណី​ឆ្លង​កើន​ជាង​១៤០​ករណី​។ ក្នុងចំណោម​អ្នកស្លាប់​ជិត​៣៤០០​នាក់ មាន​ជាង​៣០០០​នាក់​នៅ​ចិន ជាពិសេស​ខេត្ត​ហ៊ូ​ប៉ី និង​ជាង​៣៤០​នាក់​នៅក្រៅ​ប្រទេស​ចិន ដោយ​អ៊ីតាលី មាន​១៤៨​នាក់ អ៊ីរ៉ង់​១០៨​នាក់ កូរ៉េខាងត្បូង​៤២​នាក់ សហរដ្ឋអាមេរិក​១២​នាក់ និង​បណ្តា​ប្រទេស​ផ្សេងទៀត​។​
 
​ចំពោះ​ករណី​ឆ្លង ក្រៅពី​ចិន​ដែលមាន​ជាង​៨០០០០​ករណី ប្រទេស​បន្ទាប់​រួមមាន កូរ៉េខាងត្បូង​ជិត​៦៣០០​ករណី អ៊ីតាលី​ជិត​៣៩០០​ករណី អ៊ីរ៉ង់​ជាង​៣៥០០​ករណី នាវា Diamond Princess ថយ​មក ៦៩៦​ករណី ជប៉ុន​៣៥០​ករណី ខណៈ​បារាំង អាល្លឺម៉ង់ អេ​ស្ប៉ា​ញ សហរដ្ឋអាមេរិក សិង្ហ​បុរី និង​ចក្រភព​អង់គ្លេស ដែលមាន​ចន្លោះ​ពី​ជាង​១០០ ទៅ​ជាង​៤០០​ករណី​។​
 
​ជាមួយគ្នានេះ អ្នកជំងឺ​ជាង​៥៥០០០​នាក់​ហើយ​ដែល​បាន​សះស្បើយ ក្នុងនោះ​ជិត​១៥០០​នាក់​នៅក្រៅ​ប្រទេស​ចិន​៕

© រក្សាសិទ្ធិដោយ thmeythmey.com