COVID-19
អន្តរជាតិ
ហ្វីលីពីន​រកឃើញ​ពលរដ្ឋ​២​ករណី មាន​ផ្ទុក COVID-19 បន្ទាប់ពី​ស្ងាត់​មួយរយៈ​
06, Mar 2020 , 2:34 pm        
រូបភាព
រូបភាព៖ DOH Philippines, twitter
រូបភាព៖ DOH Philippines, twitter
នា​ថ្ងៃទី​៦ ខែមីនា ហ្វីលីពីន បាន​រកឃើញ​អ្នក​ឆ្លង COVID-19 ពីរ​ករណី​បន្ថែមទៀត បន្ទាប់ពី​ស្ងាត់​មួយរយៈ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ហ្វីលីពីន រកឃើញ​ករណី​ឆ្លង​សរុប​មាន​ចំនួន ៥​ករណី​។ ក្នុងចំណោម ៥​ករណីនេះ មាន​អ្នកស្លាប់​ម្នាក់ និង​អ្នកជា​សះស្បើយ ២​នាក់​។



​បន្ទាប់ពី​ស្ងាត់​មួយរយៈ ហ្វីលីពីន បាន​រកឃើញ ២​ករណី​បន្ថែមទៀត​។ ករណី​ទី​៤ គឺជា​បុរស​ជនជាតិ​ហ្វីលីពីន ដែលមាន​អាយុ ៤៨​ឆ្នាំ​។ តាមរយៈ​ការធ្វើ​សន្និសីទកាសែត ក្រសួងសុខាភិបាល​ហ្វីលីពីន បាន​អះអាងថា បុរស​វ័យ ៤៨​ឆ្នាំ​រូបនេះ ធ្លាប់មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ជប៉ុន និង​បានចេញ​រោគសញ្ញា​នៅ​ថ្ងៃទី​៣ ខែមីនា​។ រហូតដល់​ថ្ងៃទី​៥ ខែមីនា សំណាក​របស់​ជនជាតិ​ហ្វីលីពីន​រូបនេះ ត្រូវបាន​គេ​ពិនិត្យ​រកឃើញថា មាន​ផ្ទុក COVID-19 ។

ចំណែក​ករណី​ទី​៥ វិញ ក៏​ជា​ជនជាតិ​ហ្វីលីពីន​ផងដែរ ដែលមាន​វ័យ ៦២​ឆ្នាំ ។ បន្ទាប់ពី​ចេញ​រោគសញ្ញា​ដូចជា​ក្អក បុរស​ចំណាស់​រូបនេះ បាន​ទៅ​មន្ទីរពេទ្យ​មួយកន្លែង​ក្នុង​ក្រុង​ម៉ានីល នា​ថ្ងៃទី​១ ខែមីនា​។ សង្ស័យថា​ពី​ស្ថានភាព​ជំងឺ សំណាក​របស់​បុរស​រូប​នេះ ត្រូវបាន​គេ​យកទៅ​ពិ​និត្យនៅ​ថ្ងៃទី​៤ ខែមីនា និង​ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​COVID-19 នៅ​ថ្ងៃទី​៥ ខែមីនា​។ យ៉ាងណាក៏ដោយ នាយកដ្ឋាន​សុខាភិបាល​ហ្វីលីពីន បាន​អះអាងថា ករណី​ឆ្លង​ចុងក្រោយ​នេះ គេ​មិនបាន​រកឃើញ​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ឡើយ​។

សូមបញ្ជាក់ថា ក្នុងចំណោម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ មានតែ​ឡាវ និង​មី​យ៉ាន់​ម៉ា តែប៉ុណ្ណោះ ដែល​មិនទាន់​រកឃើញ COVID-19 នៅក្នុង​ប្រទេស ខណៈពេល​សិង្ហ​បុរី គឺជា​ប្រទេស​ដែល​បាន​រកឃើញ COVID-19 ច្រើនជាងគេ ពោលគឺ​មាន​ករណី​សរុប​រហូតដល់​ទៅ ១១៧​ករណី​ឯណោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com