អត្ថបទ៖ ស៊ីធី
វីរនារី Miesha Tate អតីតម្ចាស់ខ្សែក្រវាត់ UFC women’s bantamweight Champion និងបច្ចុប្បន្នជាអនុប្រធាន ONE Championship រួមដំណើរជាមួយម្ចាស់ខ្សែក្រវាត់ ONE Heavyweight World Champion កីឡាករ Brandon Vera បានធ្វើទស្សនកិច្ចមូលដ្ឋានកងទ័ពអាមេរិក នៅមូលដ្ឋានទ័ពអាកាស Andersen ឬ Andersen Air Force Base នាកោះហ្គាម (Guam)។
ទស្សនកិច្ចនេះបានកើតឡើង បន្ទាប់ពីមានការសម្របសម្រួលពីអង្គភាព United Service Organizations (USO) ដែលអនុញ្ញាតឲ្យអនុប្រធាន ONE និងតារាឆ្នើម ចូលរួមក្នុងសកម្មភាពជាច្រើននៅទីនោះ ជាមួយសមាជិករបស់ USO និង ទាហាន។
ទាំង Tate និង Vera ត្រូវបានគេទទួលស្គាល់ថា ជាទូតសុច្ឆន្ទៈក្នុងពិភពកីឡាគុនចម្រុះ និង តែងតែចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ។ «ដំណើរទស្សនកិច្ចនេះ ពិតជាពិសេសណាស់។ យើងស្រលាញ់ការធ្វើសកម្មភាពរួមគ្នា ជាមួយកងទ័ព។ វាពិតជាល្អមែនទែន ពេលបានឃើញមុខពួកគេ ទោះបីមិនបានស្នាក់នៅយូរ។ ហើយពួកគេបានលះបង់អ្វីគ្រប់យ៉ាងក្នុងជីវិត។ ខ្ញុំបានទៅមើលនាវាមុជទឹក ដែលធ្វើឲ្យខ្ញុំរំភើប។ ខ្ញុំពិតជាសម្ដែងការគោរពដល់ពួកគេ។ ពួកគេបានស្នាក់នៅទីនោះ ដើម្បីការពារប្រទេសជាតិ។ វាពិតជារឿងអស្ចារ្យ»។ Tate បានថ្លែងបែបនេះ។
អ្នកទាំងពីរ បានធ្វើដំណើរទៅមូលដ្ឋានទ័ពអាកាស និងមូលដ្ឋានទ័ពជើងទឹកនៅ Andersen ហើយក៏បានជួបទាហាន និងបុគ្គលិកជាច្រើន បានថតរូបជុំគ្នា ញុំាអាហាររួមគ្នា និងទៅលេងឆ្នេរសមុទ្រជុំគ្នាទៀតផង។
Tate គូសបញ្ជាក់ថា ៖«វាជាលើកទី១របស់ខ្ញុំ នៅកោះហ្គាម។ ដូច្នេះវាជាបទពិសោធន៍ថ្មី។ ខ្ញុំស្រលាញ់ទស្សនកិច្ចនេះ។ ខ្ញុំចង់ត្រលប់ទៅវិញម្ដងទៀត។ ខ្ញុំស្រលាញ់ការជួបកងទ័ព និងបង្ហាញការគោរពដល់ពួកគេ អស់ពីបេះដូង។ សូមអរគុណគ្រប់យ៉ាង សម្រាប់ការទទួលរាក់ទាក់។ នោះជាថ្ងៃដ៏មានន័យបំផុត។ ពួកគេមានឆន្ទៈលះបង់គ្រប់យ៉ាង ដើម្បីប្រទេសជាតិនិង រស់នៅដោយពេញចិត្តនៅទីនោះ»។
ចំណែក Vera បានរំលឹកអំពីរឿងពីអតីតកាលថា រូបគេបានរស់នៅកោះហ្គាមរយៈពេល៤ឆ្នាំ ហើយ មូលដ្ឋានកងទ័ពអាមេរិកនេះ គឺដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន។
ម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក Vera បានសង្កត់ធ្ងន់៖«ខ្ញុំមិនចង់និយាយអ្វីច្រើនទេ តែខ្ញុំបានរស់នៅទីនេះ៤ឆ្នាំ។ បើសិនអ្នកដឹងរឿងនេះ អ្នកច្បាស់ជាយំមិនខានព្រោះវាជាក្ដីស្រលាញ់ និងគ្រួសារ និង ទំនាក់ទំនង រួមទាំងការជួយគ្នាទៀតផង»។
Vera ក៏ធ្លាប់បម្រើកងទ័ពអាកាសអាមេរិក ពីឆ្នាំ ១៩៩៧ ដល់ ១៩៩៩ ផងដែរ។ បន្ទាប់មក បុរសវ័យ៤២ឆ្នាំរូបនេះ ក៏បានចូលរួមក្រុមកីឡាចំបាប់មួយ និងហ្វឹកហាត់នៅមជ្ឈមណ្ឌលអូឡាំពិករបស់អាមេរិក នារដ្ឋ Colorado។ ប៉ុន្មានឆ្នាំក្រោយមក រូបគេបង្ហាញខ្លួនក្នុងពិភពគុនចម្រុះ និងកសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺ ដល់សព្វថ្ងៃ។
គួរដឹងថានា ពេលបច្ចុប្បន្ន Vera កូនកាត់អាមេរិក-ហ្វីលីពីន គឺជាម្ចាស់ខ្សែក្រវាត់ ONE Heavyweight World Title និងគ្រងខ្សែក្រវាត់មួយនេះ បានយូរជាងគេសម្រាប់ស្ថាប័ន ONE Championship៕