COVID-19
អន្តរជាតិ
អ្នកស្លាប់​ដោយសារ COVID-19 ឡើងដល់​៣៦០០​នាក់ និង​រាលដាល​ជិត​១០០​ប្រទេស​
08, Mar 2020 , 11:19 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ: រួបរួម
​តួលេខ​អ្នកស្លាប់​ដោយសារ​កូ​រ៉ូ​ណាវី​រុស ឡើងដល់​៣៦០០​នាក់ ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ ទី​៨ ខែមីនា នេះ​។ ករណី​ឆ្លង​បាន​រាលដាល​ដល់​ជិត​១០០​ប្រទេស​នៅលើ​ពិភពលោក ដោយមាន​សរុប​ជាង​១០​ម៉ឺន​៦​ពាន់​ករណី ហើយ​ជាង​៦​ម៉ឺន​ករណី ក៏​ត្រូវបាន​ព្យាបាល​សះស្បើយ​ផងដែរ​។​



​ចិន​មាន​ករណី​ស្លាប់​២៧​នាក់​បន្ថែមទៀត ដោយ​ស្ថិតនៅក្នុង​ខេត្ត​ហ៊ូ​ប៉ី ប៉ុណ្ណោះ​។ បច្ចុប្បន្ន​ចិន មាន​អ្នកជំងឺ​ជាង​៨​ម៉ឺន​នាក់ ស្លាប់​៣១០០​នាក់ និង​សះស្បើយ​ជាង​៥៧០០០​នាក់​។ កូរ៉េខាងត្បូង មាន​ករណី​ឆ្លង​លំដាប់​ទី​២ បន្ទាប់ពី​ចិន តែ​ចំនួន​អ្នកស្លាប់​តិចជាង​អ៊ីតាលី និង​អ៊ីរ៉ង់​។​

​កូរ៉េខាងត្បូង​មាន​អ្នក​ឆ្លង​ជាង​៧១០០​នាក់ (​ស្លាប់​៥០​នាក់​), អ៊ីតាលី​ឆ្លង​ជិត​៥៩០០​នាក់ (​ស្លាប់​២៣៣​នាក់​), អ៊ីរ៉ង់​ឆ្លង​ជាង​៥៨០០​នាក់ (​ស្លាប់​១៤៥​នាក់​), បារាំង​ឆ្លង​៩៤៩​នាក់ (​ស្លាប់​១៦​នាក់​), អាល្លឺម៉ង់​ឆ្លង​៨០០​នាក់ អេ​ស្ប៉ា​ញ​ឆ្លង​៥២៥​នាក់ (​ស្លាប់​១០​នាក់​)​។​

​ជប៉ុន​ឆ្លង​៤៦១​នាក់ (​ស្លាប់​៦​នាក់​) រីឯ​នាវា Diamond Princess ឆ្លង​៦៩៦​នាក់ (​ស្លាប់​៦​នាក់​)​។ សហរដ្ឋអាមេរិក ឆ្លង​៤៤២​នាក់ (​ស្លាប់​១៩​នាក់​) ស្វី​ស ឆ្លង​២៦៨​នាក់ (​ស្លាប់​១​នាក់​) ចក្រភព​អង់គ្លេស​ឆ្លង​២០៩​នាក់ (​ស្លាប់​២​នាក់​) ហូ​ឡង់​ឆ្លង​១៨៨​នាក់ (​ស្លាប់​១​នាក់​) អូស្ត្រាលី​ឆ្លង​៧៧​នាក់ (​ស្លាប់​៣​នាក់​), អ៊ីរ៉ាក់ ឆ្លង​៥៤​នាក់ (​ស្លាប់​៤​នាក់​), ថៃ​ឆ្លង​៥០​នាក់ (​ស្លាប់​១​នាក់​)​។​

​បែលហ្ស៊ិក ស៊ុយអែត ន័​រវេ​ស សិង្ហ​បុរី ម៉ាឡេស៊ី បា​រ៉ែ​ន អូទ្រីស ក្រិ​ក កូ​វ៉ែត កាណាដា អ៊ី​ស្លង់ អេ​ហ្ស៊ី​ប អេ​មី​រ៉ា​ត​អារ៉ាប់​រួម ឥណ្ឌា លី​បង់ ដា​ណឺ​ម៉ាក សាធារណរដ្ឋ​ឆែក អ៊ីស្រាអែល ព័រ​ទុយ​ហ្គា​ល់ វៀតណាម អាល់​ហ្សេ​រី ប្រេ​ស៊ី​ល ហ្វាំ​ង​ឡង់ អៀរ​ឡង់ ប៉ា​ឡេ​ស្ទី​ន អូ​ម៉​ង់ រុស្ស៊ី អេ​ក្វា​ឌ័​រ ហ្ស៊​ក​ហ្ស៊ី រូ​ម៉ា​នី ក្រូ​អាស៊ី កាតា ស្លូ​វេ​នី និង​អេ​ស្តូ​នី ដែលមាន​ពី​ជាង​១០ ទៅ​ជាង​១០០​ករណី មិនទាន់មាន​អ្នកស្លាប់​ឡើយ​។​

​អា​ហ្ស​ង់​ទីន ជា​ប្រទេស​ឡាទីន​ដំបូង​ដែលមាន​ករណី​ស្លាប់ រីឯ​ករណី​ស្លាប់​ផ្សេងទៀត​មាននៅ​សាំង​ម៉ា​រ៉ាំ​ង និង​ហ្វីលីពីន​។ ជាមួយគ្នានេះ កម្ពុជា​ទើប​រកឃើញ​ករណី​១​ថ្មី​ទៀត​នៅ​ខេត្តសៀមរាប​៕


© រក្សាសិទ្ធិដោយ thmeythmey.com