COVID-19
អន្តរជាតិ
ថៃ​និង​ម៉ាឡេស៊ី ហាម​នាវា​កម្សាន្ត​មួយគ្រឿង​ចូល​ចត ព្រោះ​បារម្ភ COVID-19
08, Mar 2020 , 2:56 pm        
រូបភាព
នាវាកម្សាន្ត Costa Fortuna ។រូបភាព AFP
នាវាកម្សាន្ត Costa Fortuna ។រូបភាព AFP
​ប្រទេស​ថៃ និង​ម៉ាឡេស៊ី បាន​ហាម​នាវា​កម្សាន្ត​មួយគ្រឿង​ចូល​ចត​នៅ​កំពង់ផែ​របស់ខ្លួន ដោយសារ​ការបារម្ភ​ពី​ការ​រាលដាល​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ថ្មី (COVID-19) ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ប្រទេស​ទាំងពីរ​។ ក្នុងចំណោម​អ្នក​ដំណ​រលើ​នាវា​នេះ ក៏មាន​ជនជាតិ​អ៊ីតាលី​៦៤​នាក់​ផងដែរ​។

 
​នាវា​កម្សាន្ត Costa Fortuna ត្រូវបាន​អាជ្ញាធរ​ថៃ ហាម​ចូល​ចត​កាលពី​ថ្ងៃទី​៦ ខែមីនា​កន្លងទៅ បើទោះជា​ម្ចាស់​នាវា​អះអាងថា មិនមាន​ករណី​សង្ស័យ​ពាក់ព័ន្ធ​ការឆ្លង COVID-19 ក្ដី​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ សព្វថ្ងៃ ថៃ អនុវត្ត​វិធានការ​ទុក​ដោយឡែក​១៤​ថ្ងៃ​សម្រាប់​អ្នក​ពី​អ៊ីតាលី​។ 
 
​ក្រោយ​ត្រូវបាន​ថៃ​បដិសេធ នាវា​នេះ ក៏​ធ្វើដំណើរ​ទៅកាន់​ម៉ាឡេស៊ី​។ ការព្យាយាម​ចូល​ចត​នៅ​កំពង់ផែ​ក្នុង​ងរ​ដ្ឋ Penang ក៏ត្រូវ​បាន​បដិសេធ​ទៀត​។ នេះ​បើតាម​សម្ដី​លោក Phee Boon Poh ដែល​ប្រាប់ AFP នៅ​ថ្ងៃទី​៨ ខែមីនា​។ ការសម្រេចចិត្ត​នេះ ធ្វើឡើង​តាម​ការសម្រេចចិត្ត​រប​ស់​រដ្ឋាភិបាល​គួ​ឡា​ឡាំ​ពួ​ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការចូល​ចត​របស់​នាវា​កម្សាន្ត​គ្រប់​ប្រភេទ​។ បើតាម​លោក Phee នាវា​នេះ​បាន​បន្តដំណើ​ទៅកាន់​សិង្ហ​បុរី​។​
 
​ស្ថានភាព Costa Fortuna ស្រដៀង​គ្នា​នឹង​នាវា MS Westerdam ដែល​ត្រូវបាន​ប្រទេស និង​កោះ​ចំនួន​៦ បដិសេធ​មិន​ឲ្យ​ចូល​ចត ទោះបី​មានការ​អះអាង​ពី​ម្ចាស់​នាវា​ថា គ្មាន​មេរោគ​ក្ដី​។ ចុងក្រោយ Westerdam ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​កម្ពុជា​។ 
 
​សូមបញ្ជាក់ថា ករណី​ឆ្លង COVID-19 នៅ​ជុំវិញ​ពិភពលោក​បាន​ឡើង​លើស​មួយ​សែន​ករណី ខណៈ​អ្នក​ស្លាប់មាន​ប្រមាណ​៣៥០០​នាក់​ផងដែរ​៕  

Tag:
 ថៃ​
  ម៉ាឡេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com