អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​៖«​លទ្ធផល​តេស្ត​របស់​ក្រុមគ្រួសារ​បុរស​ខ្មែរ​ផ្ទុក​កូ​វីដ​-១៩ គឺ​អវិជ្ជមាន​ទាំង​៣​នាក់​»
COVID-19
ជាតិ
អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​៖«​លទ្ធផល​តេស្ត​របស់​ក្រុមគ្រួសារ​បុរស​ខ្មែរ​ផ្ទុក​កូ​វីដ​-១៩ គឺ​អវិជ្ជមាន​ទាំង​៣​នាក់​»
08, Mar 2020 , 3:43 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមគ្រួសារ​បុរស​ជនជាតិខ្មែរ​អាយុ​៣៨​ឆ្នាំ ចំនួន​៣​នាក់ ដែល​សង្ស័យ​ឆ្លង​កូ​វីដ​-១៩ បានធ្វើ​តេស្ត អវិជ្ជមាន នៅ​រសៀល​ថ្ងៃទី ៨ មីនា​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌី​ន​។​


 
​អ្នកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​៖ «​នៅ​រសៀល​ម៉ោង​២​រសៀល​នេះ យើង​ទទួលបាន​ព័ត៌មាន​លទ្ធផល​តេស្ត​ពី​ក្រុមគ្រួសារ​បុរស​ជនជាតិខ្មែរ​អាយុ​៣៨​ឆ្នាំ គឺ​លទ្ធផល​អវិជ្ជមាន​ទាំង​៣​នាក់​។ មកដល់​ម៉ោង​នេះ ពួកគាត់ មិនមាន​ឆ្លង​វីរុស​កូ​វីដ​-១៩​នោះទេ​»​។ 
 
​បើតាម​អ្នកនាំពាក្យ​រូបនេះ បន្ទាប់ពី​លទ្ធផល​តេស្ត​អវិជ្ជមាន អ្នក​ទាំង​៣ ត្រូវ​បន្ត​តាមដាន​រយៈពេល ១៤​ថ្ងៃ​បន្តទៀត នៅក្នុង​បន្ទប់​ដាច់ដោយឡែក នា​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។ ទាក់ទង​នឹង​ការស្វែងរក​អ្នក​ប៉ះពាល់​បុរស​វ័យ​៣៨​ឆ្នាំ ដែល​ផ្ទុក​កូ​វីដ​-១៩ អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បញ្ជាក់ថា ក្រុមការងារ​កំពុង​បន្ត​ការស្វែងរក និង​កំពុងធ្វើការ​លើ​រឿងនេះ​។ 
 
​ជាមួយគ្នានេះ អ្នកនាំពាក្យ​រូបនេះ ក៏បាន​ច្រានចោល​ព័ត៌មាន​ក្លែងក្លាយ ដែល​ចែកចាយ​ពាក់ព័ន្ធ​នឹង​បុរស​ផ្ទុក​កូ​វីដ​-១៩ រត់​ចេញពី​មន្ទីរពេទ្យ​ផងដែរ​។ អ្នកស្រី ឱ វណ្ណឌី​ន អះអាងថា​៖ «​បច្ចុប្បន្ននេះ បុរស​ផ្ទុក​កូ​វីដ​១៩ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ក្រុមគ្រូពេទ្យ​»​។ អ្នកស្រី ឱ វណ្ណឌី​ន ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ជឿ​លើ​ព័ត៌មាន​ប្រឌិត នៅលើ​បណ្ដាញ​សង្គម​ផងដែរ​៕ 

Tag:
 កូ​វីដ​១៩
  សុខភាព​
  សុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com