COVID-19
អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី៖ សត្រូវធំបំផុតពេលនេះមិនមែន COVID-19ទេ តែភាពភ័យខ្លាច ព័ត៌មានមិនពិត និងការបារម្ភហួសហេតុ
× រដ្ឋាភិបាលឥណ្ឌូណេស៊ី បានស្នើឲ្យប្រជាជនកុំមានការព្រួយបារម្ភ និងខ្វាយខ្វល់ហួសហេតុពេកពាក់ព័ន្ធនឹងការរីករាលដាលនៃវីរុស COVID-19 ដ្បិតប្រជាជនមានលទ្ធភាពអាចការពារ និងទប់ស្កាត់បានតាមរយៈការអនាម័យខ្លួនជាប្រចាំ។ ឥណ្ឌូណេស៊ី ក៏ចង់ឃើញប្រជាជនរបស់ខ្លួន មានភាពចាស់ទុំក្នុងការទទួលព័ត៌មានផ្សេងៗ ជាពិសេសនោះការបែងចែកព័ត៌មានពិត និងមិនពិត។
លោកប្រធានាធិបតី ចូកូ វីដូដូ នៅថ្ងៃ៧ មីនា បានចេញផ្សាយឃ្លីបវីឌីអូខ្លីផ្លូវការមួយ ដើម្បីជាសារក្រើនរម្លឹក និងបញ្ជាក់បន្ថែមពីបញ្ហាវិវត្តន៍ថ្មីចុងក្រោយរបស់វីរុសថ្មី COVID-19 ក៏ដូចជាចំណាត់ការរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ពោលគឺរដ្ឋាភិបាល មិនព្រងើយកន្តើយលើបញ្ហានេះឡើយ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Post លោកប្រធានាធិបតី ក្នុងឃ្លីបវីឌីអូរយៈពេល១នាទីនោះ បានសង្កត់ធ្ងន់ថា សត្រូវដ៏ធំបំផុតរបស់ឥណ្ឌូណេស៊ីបច្ចុប្បន្ន មិនមែនជាវីរុសកូរ៉ូណា ឬCOVID-19 នោះទេ ក៏ប៉ុន្តែភាពភ័យខ្លាច បារម្ភ និងទោរទន់ជ្រុល ក៏ដូចជាការផ្សព្វផ្សាយពាក្យចចាមអារាម និងព័ត៌មានមិនពិតនោះទេ ទើបជាបញ្ហាពិតប្រាកដ។
ក្នុងសារដដែលនោះ លោកប្រធានាធិបតី បានពន្យល់ពីលទ្ធភាពដែលអាចឆ្លងវីរុស COVID-19 ដែលលោក មើលឃើញថា មិនមានអត្រាខ្ពស់ពេកឡើយ ប្រសិនបើប្រជាជន ចេះអនាម័យខ្លួននោះ។
រឿងដែលមិនគួរឲ្យព្រួយបារម្ភផងដែរនោះ លោកប្រធានាធិបតី បានអះអាងថា រដ្ឋាភិបាល បានមានការយកចិត្តទុកដាក់ខ្លាំងលើបញ្ហាសុខភាពរបស់ប្រជាជន ដោយកន្លងមកនេះ រដ្ឋាភិបាល បានបំពាក់ម៉ាស៊ីនវាស់កំដៅទាំងនៅព្រលានយន្តហោះ និងកំពង់ផែ និងសម្ភារៈស្តង់ដារអន្តរជាតិនៅតាមមន្ទីរពេទ្យដើម្បីគាំពារអ្នកជំងឺទៀតផង។
គួរជម្រាបផងដែរថា គិតត្រឹមថ្ងៃ៧ មីនា ឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍នោះ មានពលរដ្ឋឆ្លងវីរុស COVID-19 បួនករណីហើយ ដែលអ្នកទាំងបួននេះ បានឆ្លងមកពីការប្រាស្រ័យទាក់ទងជាមួយនឹងស្ត្រីជនជាតិជប៉ុន ដែលមានផ្ទុកវីរុសនេះ។ បច្ចុប្បន្នពួកគេ ត្រូវបានដាក់ឲ្យនៅព្យាបាលក្នុងស្ថានភាពប្រក្រតីនោះទេ៕
Tag:
ឥណ្ឌូណេស៊ី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com