បាត់ដំបង៖ អ្នកគ្រូជប៉ុន ណាហ្គាយ៉ា គេកូ (Nagaya Keiko) ដែលមានឈ្មោះជាខ្មែរថា «ចន្ថាវី» គឺជាស្ម័គ្រចិត្តរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ អ្នកគ្រូវ័យ៣០ឆ្នាំរូបនេះ បង្រៀននៅសាលាបឋមសិក្សាអនុវត្តន៍ ក្នុងខេត្តបាត់ដំបង។ មានកូនសិស្សក្នុងបន្ទុកប្រមាណ៣០០នាក់ ដែលរាប់ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី ៦ អ្នកគ្រូដ៏ស្រស់ស្អាតម្នាក់នេះ បង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ អប់រំកាយ ហើយពិសេសនោះគឺ តន្ត្រី ដែលផ្ដោតលើការលេងព្យាណូ តែម្ដង។
រៀបរាប់ប្រាប់អ្នកសារព័ត៌មាន អំឡុងទស្សនកិច្ចមួយដែលរៀបចំឡើងទីភ្នាក់ងារ JICA ក្នុងសប្តាហ៍នេះ អ្នកគ្រូ និយាយជាភាសាខ្មែរទាំងរដាក់រដុបថា៖«ខ្ញុំដឹងអំពីប្រវត្តិសាស្ត្រខ្មែរ ហើយខ្ញុំមានអារម្មណ៍ ពិបាកចិត្ត ប៉ុន្តែជនជាតិខ្មែរតែងតែញញឹម ហើយមានចិត្តល្អ»។
ទោះទំព័រប្រវត្តិសាស្ត្រជូរចត់របស់កម្ពុជា លែងជាបញ្ហាចោទបន្តទៀតហើយ កម្ពុជានៅប្រឈមបញ្ហាផ្សេងទៀត ដែលជាការបណ្ដុះបណ្ដាលធនធានមនុស្ស។ ត្រង់នេះ អ្នកគ្រូជនជាតិជប៉ុនរូបនេះ និយាយដូច្នេះថា៖«ក្មេងៗរបស់កម្ពុជាចង់រៀនសូត្រ។ បញ្ហាដែលកម្ពុជាជួបប្រទះនោះគឺថា កម្ពុជាមានសាលា តែខ្វះគ្រូបង្រៀន»។
សកម្មភាពអ្នកគ្រូជប៉ុនបង្រៀនសិស្សលេងឧបករណ៍ភ្លេង ព្យាណូ
ដោយធ្លាប់មានបទពិសោធ៍ធ្វើជាគ្រូបង្រៀននៅប្រទេសជប៉ុន និងមានទឹកចិត្តចង់ជួយកម្ពុជា អ្នកគ្រូ គេកូ សង្កត់ធ្ងន់ថា កត្ដាទាំងនេះហើយធ្វើឲ្យអ្នកគ្រូស្ម័គ្រចិត្តចូលបង្រៀននៅសាលាបឋមសិក្សអនុវត្តន៍ក្នុងខេត្តបាត់ដំបូងនេះ។
ចោទសួរពីការលំបាកនៅពេលបង្រៀន អ្នកគ្រូសម្បុរសនិងភ្នែកតូចៗរូបនេះ និយាយដូច្នេះថា៖« (សើចបន្ដិចមុននឹងនិយាយ) ចាស! ពិបាក ប៉ុន្តែខ្ញុំចូលចិត្តបង្រៀនកូនៗក្មេង ហើយសប្បាយរីករាយ»។
បើតាមអ្នកគ្រូ ណាហ្គាយ៉ា គេកូ ការចូលបង្រៀនដោយស្ម័គ្រចិត្តរបស់អ្នកគ្រូនៅសាលាបឋមនេះ បានចាប់ផ្ដើមតាំងពីខែធ្នូ ឆ្នាំ២០១៩មកម្ល៉េះ ហើយគ្រោងបញ្ចប់នាខែសីហា ឆ្នាំ២០២០នេះ។ យ៉ាងណាមិញ អ្នកគ្រូបាន ប្ដេជ្ញាត្រលប់មកបងៀនដោយស្ម័គ្រចិត្តប្រទេសកម្ពុជា ព្រោះអ្នកគ្រូចាប់ចិត្តស្រលាញ់ប្រទេសដែលមានប្រជាជនរួសរាយ និងចិត្តទូលំទូលាយនេះ។
និយាយដល់ការបង្រៀនប្រចាំថ្ងៃរបស់អ្នកគ្រូវិញ អ្នកគ្រូ គេកូ បង្រៀនមួយថ្ងៃ ៨ ម៉ោង ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ចំណែក ការធ្វើដំណើរប្រចាំថ្ងែរបស់អ្នកគ្រូវិញ គឺធ្វើឡើងដោយការជិះកង់ ហើយរយៈចម្ងាយពីផ្ទះទៅសាលាបឋមនេះ គឺមានចម្ងាយ៤គីឡូម៉ែត្រ។
សូមបញ្ជាក់ថា ប្រទេស កម្ពុជា ដែលមានប្រជាជនសរុបប្រមាណ ១៦លាននាក់ (២០១៧) ជាប់ចំណាត់ថ្នាក់ជាប្រទេសមានប្រជាជនរួសរាយរាក់ទាក់បំផុតលំដាប់ទី ៤ លើពិភពលោក ។ នេះបើតាមការស្ទង់មតិកាលពីឆ្នាំ២០១៨ របស់វេបសាយ InterNations.com ។ បើតាមស្ទង់មតិដដែល ព័រទុយហ្គាល់ ឈរលំដាប់លេខ១ តាមពីក្រោយដោយ កោះតៃវ៉ាន់ និងម៉ិកស៊ិក៕