អន្តរជាតិ
វៀតណាម អះអាង​ពី​ការធានា​សុវត្ថិភាព និង​សុខភាព​សម្រាប់​ប្រតិភូ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ខែមេសា​ខាងមុខ​
08, Mar 2020 , 8:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ:
​ស្របពេល​ពិភពលោក ក៏ដូចជា​តំបន់ កំពុងតែ​ជួប​វិបត្តិ​នៃ​ការរីក​រាល​នៃ​វីរុស COVID-19 មន្ត្រីជាន់ខ្ពស់​អាស៊ាន បាន​មានការ​ជួបជុំ​មួយ​ក្នុង​ខេត្ត​ដា​ណា​ង របស់​វៀតណាម ដែល​ដឹកនាំ​ដោយ​ប្រធាន​អាស៊ាន​វិលជុំ​វៀតណាម ដើម្បី​បន្ត​រៀបចំ​ផែនការអភិវឌ្ឍន៍ និង​កសាង​តំបន់​។ សមាជិក​អាស៊ាន​ទាំងអស់ បាន​វាយតម្លៃ​ខ្ពស់​ពី​ការរៀបចំ និង​គំនិត​ផ្តួចផ្តើម​ថ្មី​របស់​វៀតណាម ក្នុងនាម​ជា​ប្រធាន​វិលជុំ​ប្រចាំឆ្នាំ​។​

 
​អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក Nguyen Quoc Dung នៅ​ថ្ងៃ​៦ មីនា បាន​ឲ្យ​ដឹងថា វៀតណាម បានរៀបចំ​ផែនការ​ជា​ជំហានៗ និង​គោលដៅ​ជាច្រើន​សម្រាប់​ប្រទេស​សមាជិក​ទាំងអស់​រប​ស់អា​ស៊ាន​ក្នុង​ការកសាង​សហគមន៍​អាស៊ាន និង​ចក្ខុវិស័យ ២០២៥ និង​ក្រោយ​២០២៥ ដែល​វៀតណាម ជឿជាក់ថា នឹង​អាច​ទទួលយកបាន​ពី​គ្រប់​បណ្តា​សមាជិក​ទាំងអស់​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Vietnam News​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល ក្នុង​កិច្ចសម្ភាសន៍​ក្រៅ​នៃ​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​អាស៊ាន លោក​អនុរដ្ឋមន្ត្រី Dung ថ្លែងថា វៀតណាម នឹង​បង្ហាញ​ការនាំ​មុខ​ក្នុង​ការកសាង​គំនិត​ផ្តួចផ្តើម ក៏ដូចជា​សំណើ​ពាក់ព័ន្ធ​ដើម្បី​លើកកម្ពស់​សហគមន៍​អាស៊ាន​ក្នុងចំណោម​បណ្តា​សមាជិក​ទាំងអស់​។ លោក​អនុរដ្ឋមន្ត្រី បាន​អះអាងថា គំនិត​ផ្តួចផ្តើម​នេះ ក៏​ទទួលបាន​ការគាំទ្រ​ពី​សមាជិក​អាស៊ាន​ជា​បន្តបន្ទាប់​ផងដែរ​។​
 
​នាឱកាស​ដដែល​នោះ លោក បាន​គូសបញ្ជាក់​ផងដែរ​ថា វៀតណាម ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​គ្រោង​នឹង​ប្រារព្ធ​នៅ​ថ្ងៃ​៨-៩ មេសា ខាងមុខ​ដ៏​ខ្លី​នេះ​។ ខណៈ​ពិភពលោក និង​តំបន់​កំពុងតែ​មានការ​បារម្ភ​ខ្លាំង​ពី​វីរុស​ថ្មី COVID-19​ផង​នោះ លោក បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​ថា​៖ សូមកុំ​បារម្ភ វៀតណាម បាន​មានកា​រៀបចំ​ជាស្រេច​សម្រាប់​ធានា​សុវត្ថិភាព និង​សុខភាព​អ្នកចូលរួម​ទាំងអស់ នៃ​កិច្ចប្រជុំ​។​
 
​ជុំវិញ COVID-19 នេះដែរ លោក Ade Padmo Sarwono មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​ឥណ្ឌូណេស៊ី ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ដដែល​នេះ ក៏បាន​បង្ហាញ​ពី​ជំនឿ​ចិត្ត​លើ​វិធាន​ទប់ស្កាត់​វីរុស​របស់​រដ្ឋាភិបាល​វៀតណាម ដែល​បានធ្វើ​ឲ្យ​លោក មាន​អារម្មណ៍​សុវត្ថិភាព ក្នុងអំឡុងពេល​ចូលរួម​កិច្ចប្រជុំ​ក្នុង​ខេត្ត ដា​ណា​ង​នេះ​។​
​គួរ​ជម្រាប​ថា វៀតណាម គឺជា​ប្រធាន​វិលជុំ​អាស៊ាន​សម្រាប់​ឆ្នាំ​២០២០​នេះ​។ ការធ្វើជា​ម្ចាស់​អាស៊ាន​ស្របពេល ដែលមាន​ការរីក​រាល​ដាល​នៃ​វីរុស COVID-19 គឺជា​បន្ទុក​ធ្ងន់​មួយ​សម្រាប់​វៀតណាម ដ្បិត​កិច្ចប្រជុំ​នេះ នឹងត្រូវ​មានការ​ចូល​រួម​ពី​បណ្តា​ប្រតិភូ​ជាច្រើនរូប ដែល​មិន​ត្រឹមតែ​មកពី​ប្រទេស​អាស៊ាន​នោះទេ​។ ប្រតិភូ​មកពី​អាស៊ី​បូព៌ា និង​អឺរ៉ុប ជាដើម​នោះ ក៏​នឹង​វត្តមាន​ផងដែរ​៕  

Tag:
 វៀត​ណា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com