ជាតិ
បទយកការណ៍ / បទសម្ភាសន៍
Project R គម្រោង​អប់រំ​សិស្សានុសិស្ស​ឱ្យ​យល់​ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​សំរាម​ប្លា​ស្ទិ​ក​
08, Mar 2020 , 8:59 pm        
រូបភាព
Project R គម្រោងអប់រំសិស្សានុសិស្សឱ្យយល់ពីផលប៉ះពាល់ធ្ងន់ធ្ងរនៃសំរាមប្លាស្ទិក
Project R គម្រោងអប់រំសិស្សានុសិស្សឱ្យយល់ពីផលប៉ះពាល់ធ្ងន់ធ្ងរនៃសំរាមប្លាស្ទិក
​សៀមរាប​៖ អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា បាន​បង្កើត​គម្រោង​មួយ​ឈ្មោះ Project R ដែល​ចុះ​អប់រំ​ដល់​សិស្សានុសិស្ស​នៅតាម​សាលារៀន​ក្នុង​ខេត្តសៀមរាប​ពី​បញ្ហា​ប្លា​ស្ទិ​ក​។



គោលការណ៍​សំខាន់​ក្នុង​គម្រោង​នេះ គឺ​បដិសេធ​រាល់​ការប្រើប្រាស់​សម្ភារ​ធ្វើ​ពី​ប្លា​ស្ទិ​ក កាត់បន្ថយ និង​ការកែច្នៃ​ឡើងវិញ​ជាដើម​។ នៅ​ចុងខែ កុម្ភៈ​កន្លងទៅ គម្រោង​នេះ​បាន​ចុះ​អប់រំ​ដល់​សិស្ស​នៃ​អនុវិទ្យាល័យ​ចុង​ឃ្នៀ​ស ដែលមាន​ភូមិសាស្ដ្រ​ជាប់​បឹង​ទន្លេសាប​។ គម្រោង​នេះ រួមចំណែក​ឱ្យ​សហគមន៍​នៅ​ទីនោះ​យល់​ពី​បញ្ហា​ប្លា​ស្ទិ​ក និង​ឈប់​ចោល​សំរាម​ក្នុង​បឹង​ទន្លេសាប ដែល​នឹង​ផ្តល់​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ជីវៈចម្រុះ​នៅ​ទីនោះ​។​
 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖
 
 
​គម្រោង Project R មកពី​ពាក្យ​ពេញ​ថា Refuse, Reduce, Reuse, Recycle ដែល​មានន័យថា បដិសេធ កាត់បន្ថយ ប្រើប្រាស់​ឡើងវិញ និង​ការច្នៃ​ឡើងវិញ​។ សារ​ទាំង​៤​នេះ ជា​ស្នួល​សំខាន់​នៃ​ការអនុវត្ត​គម្រោង អ ដែល​បង្កើតឡើង​ដោយ​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​។​
 
​នៅ​ថ្ងៃទី​២៩ កុម្ភៈ អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា​បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​គម្រោង អ ដែល​ស្ថិតនៅ​តំបន់​ភូមិ​ចុង​ឃ្នៀ​ស សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​-​ខេត្តសៀមរាប​។ ពិធី​នេះ​មានការ​ចូលរួម​ពី​មន្ត្រី​ក្រសួងបរិស្ថាន ក្រសួង​អប់រំ យុវជន និង​កីឡា រួម​និង​អង្គការ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​។ មុន​ចាប់ផ្តើម​ពិធី​ជា​ផ្លូវការ គណៈប្រតិភូ​បាន​ចូលរួម​មើល​សកម្មភាព​បង្រៀន​តាម​ថ្នាក់រៀន ដើម្បី​ដឹង​ពី​ដំណើរការ​នៃ​កម្មវិធី​បង្រៀន ដែល​បង្រៀន​ដោយ​យុវជន​ស្ម័គ្រចិត្ត​របស់​អង្គការ​។​
 
​យុវ​សិស្ស លី​ហ៊​ត រៀន​ថ្នាក់​ទី​៩ នៃ​អនុវិទ្យាល័យ​ចុង​ឃ្នៀ​ស បាន​ចូលរួម​វគ្គ​សិក្សាអប់រំ​ពី​បរិស្ថាន​នេះ​មួយរយៈ​ហើយ និង​បាន​យល់ដឹង​ពី​ផលប៉ះពាល់​បរិស្ថាន​បាន​ច្រើន​។ លី​ហ៊​ត អាយុ​១៤​ឆ្នាំ​បាន​សម្ដែង​អារម្មណ៍​ហួសចិត្ត​ជាខ្លាំង​ពេល​ឃើញ​ទង្វើ​របស់​អ្នកភូមិ​ដែល​តែង​ចោល​សំរាម​ផ្ដេសផ្ដាស និង​ប្រើប្រាស់​ប្លា​ស្ទិ​កនូវ​បរិមាណ​ច្រើន​មិន​ខ្វល់​ពី​ផលប៉ះពាល់​ដល់​បរិស្ថាន ក៏ដូចជា​ប្រព័ន្ធ​ជីវៈចម្រុះ​ក្នុង​ទឹក​។​


 
​ចំណែក​យុវ​សិស្ស រដ្ឋា វិញ​ក៏​យល់ដឹង​ពី​បញ្ហា​ផលប៉ះពាល់​នៃ​សំរាម​ប្លា​ស្ទិ​ក​ច្រើន​ដែរ​។ យុវតី​រៀន​ថ្នាក់​ទី​៩​រូបនេះ សង្កេតឃើញថា ការរស់នៅ​ក្នុងសង្គម​សព្វថ្ងៃ​មានការ​ប្រើប្រាស់​សម្ភារ​ផលិត​ពី​ប្លា​ស្ទិ​ក​ច្រើន​មាន​ទាំង​ដប​ទឹក ប្រអប់​ដាក់​បាយ​ជាដើម ដែល​ធ្វើឱ្យ​កំណើន​ប្លា​ស្ទិ​ក​កាន់តែ​ច្រើនឡើង​។ រដ្ឋា បន្ថែមថា ការ​វេច​ខ្ចប់​អាហារ​ដោយ​សម្ភារ​ធ្វើ​ពី​បា្ល​ស្ទិ​ក ផ្តល់នូវ​ផលប៉ះពាល់​ដល់​សុខភាព​ជាខ្លាំង ដូចជា​បង្ក​ជា​ជំងឺមហារីក​ជាដើម​។​
 
​ក្រោយពី​ទទួល​ការអប់រំ​ផ្នែក​បរិ​ស្ថា​នាពី​គម្រោង អ បាន​មួយរយៈ​មក សិស្សានុសិស្ស​នៅ​អនុវិទ្យាល័យ​ចុង​ឃ្នៀ​សបាន​ផ្តា​ល់​ប្ដូរ​ឥរិយាបថ និង​យល់​កាន់តែច្បាស់​ពី​ផលប៉ះពាល់​នៃ​សំរាម​ប្លា​ស្ទិ​ក​។ យុវ​សិស្ស លី​ហ៊​ត​៖« ខ្ញុំ​ប្រាប់​គ្រួសារ​ខ្ញុំ​ពី​ផលប៉ះពាល់​ទាំងនេះ បើ​បោះ​សំរាម​ចូល​ទឹក ត្រី​ស្មាន​សំរាម​ជា​អាហារ​ក៏​ស៊ី​សំរាម​ចូលក្នុង​ពោះ ពេល​សំរាម​ចូលក្នុង​ពោះ​ត្រី​វា​នឹង​បំបែក​ជា​តូចៗ​ធ្វើឱ្យ​ត្រី​ឈឺ ហើយ​បន្ទាប់មក​មនុស្ស​ហូប​ត្រី​នោះ​វិញ​...​គ្រួសារ​ខ្ញុំ​គាត់​ឈប់​ប្រើ​ប្លា​ស្ទិ​ក​ហើយ គឺ​គាត់​វេច​ខ្ចប់​អាហារ​ដោយ​ប្រើ​ស្លឹក​ឈូក​...»​។​
 
​ចំណែក​យុវ​សិស្ស រដ្ឋា វិញ ក៏​កាត់បន្ថយ ឬ​លែង​ប្រើ​ប្លា​ស្ទិ​ក​ដែរ​។ រដ្ឋា​ព្យាយាម​កាត់បន្ថយ​ប្លា​ស្ទិ​ក​តាមរយៈ​ការប្រើ​ស្រាក់​ដាក់​បាយ និង​វេច​ខ្ចប់​ដោយ​ស្លឹក​ឈូក​ជាដើម​ពេល​មក​សាលារៀន​។ ក្នុងនោះ រដ្ឋា យល់​យ៉ាងច្បាស់​ពី​សំបក​ដប​ទឹក​ប្លា​ស្ទិ​ក ក្រៅពី​អស់​លុយ​ច្រើន​ក្នុងនោះ​សំបក​ដប​ទាំងនោះ ក៏​ជា​មហន្តរាយ​ធំ​ផងដែរ​ក្នុងការ​បំពុលបរិស្ថាន​។ រដ្ឋា មាន​ដប​ទឹក​អាលុយមីញ៉ូម​ដែល​អាចដាក់​ទឹក​ច្រើនដង និង​ទុក​ទឹក​ក្ដៅ​ត្រជាក់​បានយូរ​សម្រាប់​ដា​ក់​ទឹក​មក​សាលារៀន​។ រដ្ឋា​ប្រាប់ថា នាង​ចង់បាន​សុខភាព​ខ្លួនឯង​និង​គ្រួសារ​បានល្អ មិន​ចង់ឱ្យមាន​ជំងឺ​ដែល​បង្កឡើង​ដោយសារ​ធាតុគីមី​ក្នុង​ថង់​ប្លា​ស្ទិ​ក​នោះទេ​។​
 
​កញ្ញា ស៊ី​និ​ត យុវជន​ស្ម័គ្រចិត្ត​របស់​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា លើកឡើងថា​គម្រោង អ គឺ​ផ្តោតលើ​ចំណុច​សំខាន់ៗ​៤ រួមមាន​បដិសេធ កាត់បន្ថយ ការប្រើប្រាស់​ឡើងវិញ និង​ការ​ការកែច្នៃ​ឡើងវិញ​។ ស៊ី​និ​ត ប្រាប់ថា មាន​មេរៀន​ចំនួន​៨ ក្នុង​ការចុះ​បង្រៀន​តាម​សាលា​គោលដៅ​ក្នុង​ខេត្តសៀមរាប រួមមាន​អនុវិទ្យាល័យ​ចុង​ឃ្នៀ​ស​ជាដើម ក្នុង​បំណង​ឱ្យ​សាលា​ទាំងនោះ​ជា​សាលា​ដែល​មិន​ប្រើ​ប្លា​ស្ទិ​ក​។​


 
​សម្រាប់​ការចុះ​អប់រំ​ដល់​សាលារៀន​នៅជាប់​បឹង​ទន្លេសាប គឺ​កាន់​តែមាន​សារសំខាន់ ដ្បិតថា​សហគមន៍​នៅទីនេះ​ទាមទារ​ឱ្យមាន​ការយល់ដឹង​កាន់តែច្រើន​ពី​បញ្ហា​ប្លា​ស្ទិ​ក ព្រោះ​ជា​តំបន់​ទេសចរណ៍ ហើយ​ការប្រើប្រាស់​និង​បោះ​សំរាម​ក្នុង​បឹង​ទន្លេសាប គឺ​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើទឹក ក៏ដូចជា​បំផ្លាញ​ប្រព័ន្ធ​ជីវៈចម្រុះ​ក្នុង​ទឹក​ផងដែរ​។​
 
​មួយរយៈ​បន្ទាប់ពី​ចុះ​បង្រៀន​បញ្ហា​បរិស្ថាន​ដល់​សិស្ស​នៅ​តំបន់​ចុង​ឃ្នៀ​ស ស៊ី​និ​ត កត់​ស​ម្កាល់​ឃើញថា​សិស្ស​នៅទីនេះ​មានការ​តាំងចិត្ត​ខ្ពស់ និង​មាន​ស្មារតី​ចង់​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។​«​ថ្ងៃ​ដំបូង​គាត់​កាន់​ប្លា​ស្ទិ​ក​ស្ទើរ​គ្រប់​ដៃ ទាំង​ដប​ទឹក ថង់​ទឹកអំពៅ​...​សម្រាប់​ការ​មក​បង្រៀន​ថ្ងៃទី​២ ឃើញថា​កាត់បន្ថយ​បាន​ច្រើន​មែនទែន មានការ​តាំងចិត្ត​ខ្លាំង​មែនទែន​ក្នុងការ​កាត់បន្ថយ​ប្លា​ស្ទិ​ក​នេះ​»​។ ស៊ី​និ​ត បន្ថែម​។​
 
​ខ្ញុំ​នាម​ជា​គ្រូបង្រៀន​ផ្នែក​បរិស្ថាន​មួយរូប ស៊ី​និ​ត សប្បាយចិត្ត​ជាខ្លាំង​ដែល​រួមចំណែក​អប់រំ​កុមារ​ឱ្យ​យល់ដឹង​ពី​គ្រោះថ្នាក់​នៃ​ប្លា​ស្ទិ​ក​។ ស៊ី​និ​ត​ចង់ឃើញ​សាលារៀន​ទាំងអស់ ក៏ដូចជា​សិស្ស​រៀន​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ដឹង​ពី​ផលប៉ះពាល់ និង​ចែករំលែក​ចំណេះដឹង​ទាំងនោះ​ទៅកាន់​គ្រួសារ​ពួកគេ ធ្វើយ៉ាងណា​ឱ្យ​សហគមន៍​ពួកគេ​គ្មាន​ប្លា​ស្ទិ​ក និង​អាច​ទាក់ទាញ​ទេសចរ​ឱ្យ​កាន់តែច្រើន​។​
 
​លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នៅពេល​នោះដែរ បានឱ្យដឹងថា បឹង​ទន្លេសាប​ជា​បឹង​ដ៏​ធំ និង​ជា​ប្រភព​ផ្គត់ផ្គង់​ត្រី​សម្រាប់​ប្រជាជន​កម្ពុជា​។ លោក ភក្ដ្រា បាន​ចោទ​ជា​សំណួរ​ទៅកាន់​កូនសិស្ស​នៅ​អនុវិទ្យាល័យ​ចុង​ឃ្នៀ​ស ថា​តើ​ពេល​ត្រី​ស៊ី​ប្លា​ស្ទិ​ក ហើយ​មនុស្ស​ហូប​ត្រី​ទាំងនោះ នឹង​ទៅជា​យ៉ាងណា​។ លោក ភក្ដ្រា ឆ្លើយ​ខ្លួនឯង​ថា ច្បាស់​ណាស់​មនុស្ស​ពិតជា​ហូប​ភាគល្អិត​នៃ​ប្លា​ស្ទិ​ក​ចូលក្នុង​ខ្លួន​ជាក់​ជាមិនខាន​។ ដូច្នេះ​ដើម្បី​កាត់បន្ថយ​បញ្ហា​នេះ គឺ​មិនត្រូវ​បោះចោល​សំរាម​ចូល​ទន្លេសាប​ទេ​៕















Tag:
 សំរាម​
  ប្លា​ស្ទិ​ក​
  ទន្លេសាប​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com