អន្តរជាតិ
UN ដង្ហោយរកជំនួយ ជាង៨០០ លានដុល្លារដើម្បីទ្រទ្រង់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា
× ខណៈដែលប្រជាជននៃបណ្តាប្រទេសជាច្រើន កំពុងតែទទួលរងការគំរាមកំហែងពីវីរុស COVID-19នោះ ជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលកំពុងស្នាក់នៅជំរំបង់ក្លាដែស ក៏ដង្ហោយរកជំនួយសម្រាប់ការផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេផងដែរ។ តាមផែនការ អង្គការសហប្រជាជាតិ ត្រូវការជំនួយរហូតដល់ជាង ៨០០ លានដុល្លារ ដើម្បីសង្គ្រោះអាយុជីវិតជនភៀសខ្លួនទាំងនេះ។
ភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការដៃគូ កំពុងតែអំពាវនាវរកជំនួយប្រមាណ ៨៧៧ លានដុល្លារ ដើម្បីបំពេញតម្រូវការចាំបាច់របស់ជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស ខណៈគណៈកម្មាធិការសម្រាប់ជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) រិះគន់មីយ៉ាន់ម៉ា ដែលមិនបានបំពេញការទទួលខុសត្រូវគ្រប់គ្រាន់សម្រាប់ការវិលត្រលប់របស់ជនភៀសខ្លួន។
តាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times ប្រធាន UNHCR លោក Filippo Grandi បានថ្លែងថា ពិភពលោកត្រូវតែសង្គ្រោះរ៉ូហ៊ីងយ៉ា និងជ្រោមជ្រែងរដ្ឋាភិបាលបង់ក្លាដែស ដែលនៅតែបន្តផ្តល់ទីជម្រកដល់ជនភៀសខ្លួន។ ប្រធានរូបនេះ បានអះអាងថា តម្រូវការប្រមាណ ៨០០ លាននេះ នឹងត្រូវចំណាយលើអាហារ ទីជម្រក ទឹកស្អាត ការអប់រំ និងការថែទាំសុខភាពរបស់ជនភៀសខ្លួន។
តាមលោក Grandi ក្រុមជនភៀសខ្លួនដែលបច្ចុប្បន្ន មានរហូតដល់ជាងមួយលាននាក់ហើយនោះ ពិតជាចង់វិលត្រលប់ទៅទីកន្លែងកំណើតរបស់ពួកគេនៅមីយ៉ាន់ម៉ាណាស់ ក៏ប៉ុន្តែពួកគេ នៅតែមានការភ័យខ្លាច តាមរយៈគោលនយោបាយរើសអើង និងហិង្សារបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។ លោក អះអាងថា បច្ចុប្បន្ន ដំណោះស្រាយ ស្ថិតនៅលើមីយ៉ាន់ម៉ា ក្នុងការធានាឲ្យបាននូវសិទ្ធិ សេរីភាព និងភាពជាប្រជាជនស្របច្បាប់ ។
គួរជម្រាបថា នេះ ជាឆ្នាំទីបីហើយ ដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមកពីមីយ៉ាន់ម៉ាដោយសារតែការផ្ទុះឡើងបញ្ហាអសន្តិសុខក្នុងឆ្នាំ២០១៧ បន្តរកជំនួយពីសហគមន៍អន្តរជាតិ ដើម្បីសង្គ្រោះអាយុជីវិត និងការរស់នៅរបស់ពួកគេ។ បច្ចុប្បន្ន បន្ថែមពីការបន្ទោសពីភាពយឺតយ៉ាវនៃការដោះស្រាយបញ្ហាជូនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា មីយ៉ាន់ម៉ា ក៏កំពុងប្រឈមនឹងវិធានការពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) របស់អង្គការសហប្រជាជាតិផងដែរ៕
Tag:
រ៉ូហ៊ីងយ៉ា
មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com