អន្តរជាតិ
កូរ៉េខាងជើង បាញ់​កាំជ្រួច​៣​គ្រាប់​ទៀត​នៅ​ព្រឹក​ថ្ងៃទី​៩ ខែមីនា​នេះ
09, Mar 2020 , 8:52 am        
រូបភាព
គ្រាប់រ៉ុក្កែតបាញ់ដោយយោធាកូរ៉េខាងជើងក្នុងសមយុទ្ធថ្ងៃទី២ ខែមីនា។ រូបភាព KCNA
គ្រាប់រ៉ុក្កែតបាញ់ដោយយោធាកូរ៉េខាងជើងក្នុងសមយុទ្ធថ្ងៃទី២ ខែមីនា។ រូបភាព KCNA
​កូរ៉េខាងជើង នៅ​ថ្ងៃទី​៩ ខែមីនា បាន​បាញ់​កាំជ្រួច​បី​គ្រាប់​សំដៅ​សមុទ្រ​ខាងកើត ដែលជា​ការបាញ់​លើក​ទី​ពីរ​ក្នុង​ឆ្នាំ​២០២០ នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​យោធា​កូរ៉េខាងត្បូង​។ មិនទាន់មាន​ការបញ្ជា​ក់​ពី​ប្រភេទ​នៃ​កាំជ្រួច​នេះឡើយ​។​

 
​បើតាម​សេនាធិការ​ចម្រុះ​កងទ័ព​កូរ៉េខាងត្បូង កាំជ្រួច​ចំនួន​៣ ត្រូវបាន​បាញ់​ឆ្លង​សមុទ្រ​ចេញពី​តំបន់ Sondok ក្នុង​ខេត្ត South Hamgyong ។ ពេលនេះ យោធា​កូរ៉េខាងត្បូង កំពុង​តាមដាន​សកម្មភាព​កូរ៉េខាងជើង ក្រែងលោ​មានការ​បាញ់​បន្ថែមទៀត ក៏ដូចជា​ការត្រៀមខ្លួន​ប្រយុទ្ធ​ផងដែរ​។​
 
​នេះ​ជា​លើក​ទី​ពីរ​សម្រាប់​ឆ្នាំ​២០២០ ដែល​កូរ៉េខាងជើង​ត្រូវបាន​មើលឃើញថា បានចាប់ផ្ដើម​សកម្មភាព​របស់ខ្លួន​ឡើងវិញ​។ កាលពី​សប្ដាហ៍​មុន ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA ផ្សាយ​ថា មេដឹកនាំ​កំពូល គីម ជុង​អ៊ុន បាន​ដឹកនាំ​ការធ្វើ​សមយុទ្ធ​បាញ់កាំភ្លើង​ធំ​ចម្ងាយ​ឆ្ងាយ​។​
 
​សូមបញ្ជាក់ថា Sondok ជាទី​តាំង​បាញ់​រ៉ុក្កែត​ចម្រុះ​ធុន​ធំ​របស់​កូរ៉េខាងជើង ដែល​សាកល្បង​នៅ​ទីនោះ​ជា​លើកដំបូង​កាលពី​ខែសីហា ឆ្នាំ​២០១៩ ។ មកទល់ពេលនេះ កូរ៉េខាងជើង ធ្វើតេស្ត​អាវុធ​មួយ​នេះ​៥​ដង​ហើយ​។ ការបាញ់​នៅ​ថ្ងៃទី​៩ ខែមីនា អាចជា​ការសាកល្បងរ​បស់​កូរ៉េខាងជើង ដើម្បី​កាត់បន្ថយ​គម្លាត​បាញ់រ​វាង​គ្រាប់​នីមួយៗ​៕ 

Tag:
 កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com