COVID-19
អន្តរជាតិ
ករណី​ឆ្លង COVID-19 នៅ​អាមេរិក​ឡើង​លើស​៥០០, អ្នក​ស្លាប់មាន​២២
09, Mar 2020 , 12:02 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅ​សហរដ្ឋអាមេរិក បាន​ឡើង​លើស​៥០០​ហើយ គិត​ត្រឹម​ថ្ងៃទី​៨ ខែមីនា ដោយមាន​អ្នកស្លាប់​សរុប​២២ ។ ប៉ុន្តែ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅតែ​និយាយ​ការពារ​ចំណាត់​របស់​រដ្ឋបាលរ​ប​ស់លោក ពិសេស​សរសើរ​អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន ដែល​ដឹកនាំ​កិច្ចការ​ប្រយុទ្ធប្រឆាំង​វីរុស​មួយ​នេះ​។ វីរុស​នេះ មាន​វត្តមាន​ក្នុង​រដ្ឋ​អាមេរិក​លើស​ពាក់កណ្ដាល​ទៅហើយ​។

 
​គិត​ត្រឹម​ថ្ងៃទី​៨ ខែមីនា សហរដ្ឋអាមេរិក មាន​ករណី​ឆ្លង COVID-19 ចំនួន​៥៤០ និង​អ្នកស្លាប់​២២​នាក់​។ នេះ​បើតាម​ការផ្សាយ​របស់​វេ​ប​សាយ BNO News ដែល​តាមដាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នៅ​ជុំវិញ​ពិភពលោក​។ រដ្ឋ​សហព័ន្ធ​របស់​អាមេរិក​ប្រមាណ​៣០ សុទ្ធតែ​រាយការណ៍​ករណី​ឆ្លង COVID នេះ ខណៈ​រដ្ឋ Oregon ជា​រដ្ឋ​ចុងក្រោយ​គេ​ដែល​ប្រកាស​ភាពអាសន្ន ខណៈ​ប្រជាជន​ជាង​៦០​លាន​នាក់ កំពុងស្ថិត​ក្រោម​ស្ថានភាព​អាសន្ន​។​
 
​ទោះជា​យ៉ាងណា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅតែ​សរសើរ​ចំណាត់​របស់​រដ្ឋាភិបាល​លោក​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​វីរុស​នេះ​។ លោក ត្រាំ ថែមទាំង​ចោទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ​ដែល​ចេញ​ព័ត៌មាន​រិះគន់​រដ្ឋបាល​របស់លោក​ទៀតផង​។ នៅលើ​បណ្ដាញ​សង្គម Twitter មេដឹកនាំ​អាមេរិក​រូបនេះ​លើកឡើងថា រដ្ឋាភិបាល​មាន​ចំណាត់ការ​រួមគ្នា និង​ផែនការ​ដ៏​ល្អប្រសើរ​ដើម្បី​ប្រយុទ្ធប្រឆាំង​កូ​រ៉ូ​ណា​វីរុស​នេះ​ដូចជា​ការបិទ​ព្រំដែន​នៅតាម​តំបន់​ខ្លះ​ជាដើម​។​
 
«​អនុ​ប្រធានាធិបតី កំពុងធ្វើការ​ងារ​បាន​យ៉ាង​ល្អ​។ សារព័ត៌មាន Fake News កំពុង​ធ្វើ​រឿង​គ្រប់យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​យើង​មើលទៅ​ដូចជា​អាក្រក់​។​» នេះ​ជា​សំណេរ​ថែមទៀត​របស់លោក ត្រាំ ដែល​ចង់​សំដៅ​ដល់​អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន ដែល​លោក​តែងតាំង​ឲ្យ​ដឹកនាំ​កិច្ចការ​ប្រយុទ្ធប្រឆាំង COVID-19 ដោយផ្ទាល់​។ 
 
​ជាមួយ​ករណី​ឆ្លង​កើន​រហ័ស​បែប​នោះ សូម្បីតែ​សមាជិក​ព្រឹទ្ធសភា​អាមេរិក ក៏ត្រូវ​ប្រយ័ត្ន​ដែរ​។ លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​រដ្ឋ Texas បានដាក់​ខ្លួនឯង​ដោយឡែក​១៤​ថ្ងៃ បន្ទាប់ពី​បាន​ចាប់ដៃ​អ្នកចូលរួម​ក្នុង​សន្និសីទ​មួយ​ដែល​ក្រោយមក​ត្រូវបាន​រកឃើញថា មាន​ឆ្លង COVID-19 ។ លោក ត្រាំ និង​លោក ផេ​ន ក៏មាន​មុខ​ក្នុង​សន្និសីទ​ដែល​រៀបចំ​កាលពី​ខែកុម្ភៈ​ផងដែរ​។ 
 
​រឿង​ឈឺក្បាល​មួយទៀត​សម្រាប់​អាមេរិក គឺ​ករណី​ឆ្លង​លើ​នាវា Grand Princess ។ ក្នុងចំណោម​អ្នកដំណើរ​ជាង​៣៥០០​នាក់ អ្នកដំណើរ​ចំនួន​២១ ត្រូវបាន​រកឃើញថា មាន​ផ្ទុក COVID-19 ។ នាវា​កម្សាន្ត​នេះ នឹងត្រូវ​ចូល​ចត​នៅ Oakland នៃ​រដ្ឋ​កាលីហ្វ័រ​នៅ​ញ៉ា​។ អ្នកដំណើរ​ទាំងអស់ នឹងត្រូវ​ពិនិត្យ​សុខភាព ដោយ​អ្នក​មិនមាន​រោគសញ្ញា នឹងត្រូវ​យកទៅដាក់​ដោយ​ឡែក​១៤​ថ្ងៃ ឯ​អ្នក​បញ្ហា បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​។ ឯ​ជនជាតិ​កាណាដា នឹងត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​កាណាដា​វិញ​៕

Tag:
 COVID-19
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com