COVID-19
អន្តរជាតិ
ប្រធានាធិបតី​ព័រ​ទុយ​ហ្គា​ល់ ត្រូវដាក់​នៅ​ដោយឡែក​២​សប្ដាហ៍ ក្រោយ​ជួប​និស្សិត​ដែល​ផ្ទុក COVID-19
09, Mar 2020 , 3:54 pm        
រូបភាព
ប្រធានាធិបតីព័រទុយហ្គាល់ Marcelo Rebelo de Sousa នឹងត្រូវស្ថិតដោយឡែក (ចត្តាឡីស័ក) រយៈពេលពីរសប្ដាហ៍។ រូបភាព AFP
ប្រធានាធិបតីព័រទុយហ្គាល់ Marcelo Rebelo de Sousa នឹងត្រូវស្ថិតដោយឡែក (ចត្តាឡីស័ក) រយៈពេលពីរសប្ដាហ៍។ រូបភាព AFP
​ប្រធានាធិបតី​ព័រ​ទុយ​ហ្គា​ល់ Marcelo Rebelo de Sousa នឹងត្រូវ​ស្ថិត​ដោយឡែក (​ច​ត្តា​ឡី​ស័ក​) រយៈពេល​ពីរ​សប្ដាហ៍​។ នេះ​បើតាម​ការប្រកាស​របស់​វេ​ប​សាយ​ប្រធានាធិបតី​ព័រ​ទុយ​ហ្គា​ល់​នៅ​ថ្ងៃទី​៨ ខែមីនា​។ វិធានការ​នេះ ត្រូវអនុវត្ត​បន្ទាប់ពី​លោក Rebelo de Sousa បាន​ជួប​ជាមួយ​និស្សិត​មួយក្រុម ដែលមាន​សមាជិក​ម្នាក់​ត្រូវបាន​រកឃើញថា មាន​ផ្ទុក COVID-19 ។

 
​លោក Marcelo Rebelo de Sousa វ័យ​៧១​ឆ្នាំ បាន​ជួប​ជាមួយ​និស្សិត​មកពី​តំបន់​ភាគ​ខាងជើង​ព័រ​ទុយ​ហ្គា​ល់ ហើយ​បាន​ថតរូប​ជាមួយ​ពួកគេ​ក្នុង​កម្មវិធី​មួយ​កាលពី​ថ្ងៃទី​៣ ខែមីនា​កន្លងទៅ​។ នៅ​ថ្ងៃទី​៨ ខែមីនា សិស្ស​ម្នាក់​ក្នុងចំណោម​នេះ ត្រូវបាន​ប្រកាសថា មាន​ផ្ទុក COVID-19 ហើយ​សាលារៀន​របស់គេ ក៏ត្រូវ​បាន​បិទ​ផងដែរ​។ លោក​ប្រធានាធិបតី ក៏​ទទួលយក​សំណើ​របស់​មន្ត្រី​សុខាភិបាល​ក្នុងការ​ដាក់​ច​ត្តា​ឡី​ស័ក​ខ្លួន​១៤​ថ្ងៃ​នៅ​និវេសនដ្ឋាន​ឯកជន​របស់លោក​។​
 
«​ដោយបាន​ស្ដាប់​យោបល់​មន្ត្រី​សុខាភិបាល ប្រធានាធិបតី​នៃ​សាធារណរដ្ឋ ទោះបីជា​គ្មាន​រោគសញ្ញា​ណាមួយ​ក្ដី សម្រេចចិត្ត​លុបចោល​កម្មវិធី​ទាំងអស់​អំឡុងពេល​ពីរ​សប្ដាហ៍​បន្ទាប់​។​» នេះ​ជាការ​ប្រកាស​លើ​វេ​ប​សាយ​ប្រធានាធិបតី​ព័រ​ទុយ​ហ្គា​ល់​នៅ​ថ្ងៃទី​៨ ខែមីនា​។ ការប្រកាស​ព័ត៌មាន​បន្តថា បច្ចុប្បន្ន ពលរដ្ឋ​ព័រ​ទុយ​ហ្គា​ល់​បាន​បញ្ចេញ​សកម្ម​ភាពល្អ​ជាច្រើន ដូចនេះ​លោក​ប្រធានាធិបតី​ក៏​ធ្វើជា​គំរូ​ទប់ស្កាត់​ការ​រាលដាល​សម្រាប់​ប្រជាជន​ដែរ​។ 
 
​សូមបញ្ជាក់ថា តួលេខ​ឆ្លង COVID-19 នៅ​ព័រ​ទុយ​ហ្គា​ល់​មាន​ចំនួន​៣០​ករណី បន្ទាប់ពី​រកឃើញ​ថែម​ចំនួន​៩​ករណី​នៅ​ថ្ងៃទី​៨ ខែមីនា​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។ ករណី​ឆ្លង​នេះ គឺ​ភាគច្រើន​មាន​ប្រភពពី​អ៊ីតាលី​ដែលជា​ប្រទេស​រង​ការវាយប្រហារ​ធ្ងន់ធ្ងរ​ជាងគេ​នៅ​អឺរ៉ុប​។​
 
​ដោយឡែក​ប្រទេស​អេ​ស្ប៉ា​ញ អ្នកជិតខាង​តែមួយគត់​របស់​ព័រ​ទុយ​ហ្គា​ល់ ក៏បាន​រាយការណ៍​ពី​ការកើនឡើង​ករណី​ឆ្លង COVID-19 ដែរ​។ តួលេខ​ឆ្លង​សរុប​នៅ​ប្រទេស​នេះ មាន​ចំនួន​៦៧៤​ករណី និង​ស្លាប់​១៧​នាក់​៕ 

Tag:
 COVID-19
  ព័រ​ទុយ​ហ្គា​ល់​
  Marcelo Rebelo de Sousa
© រក្សាសិទ្ធិដោយ thmeythmey.com