ទ័ពបង្កើតគណៈកម្មការគ្រប់គ្រងនិងទ្រទ្រង់ នឹងទទួលបានថវិកា៣០ម៉ឺនដុល្លារក្នុង១ឆ្នាំ ដើម្បីបន្តនិរន្តរភាព
កីឡាជាតិ
ជាតិ
ទ័ពបង្កើតគណៈកម្មការគ្រប់គ្រងនិងទ្រទ្រង់ នឹងទទួលបានថវិកា៣០ម៉ឺនដុល្លារក្នុង១ឆ្នាំ ដើម្បីបន្តនិរន្តរភាព
09, Mar 2020 , 11:22 pm        
រូបភាព
ក្លិបបាល់ទាត់ក្រសួងការពារជាតិ(ទ័ព)ដែលទើបប្តូរឈ្មោះទៅជាសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបង្កើតគណៈកម្មការគ្រប់គ្រងនិងទ្រទ្រង់ ដើម្បីរក្សានិរន្តរភាពនិងការអភិវឌ្ឍ។ លោក សុប៉ាឆៃ វីរៈពូជុង អគ្គនាយកស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ត្រូវបានតែងតាំងឲ្យធ្វើជាប្រធានគណៈកម្មការ និងប្រកាសផ្តល់ថវិកា៣០ម៉ឺនដុល្លារក្នុង១ឆ្នាំដល់សមគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ លោក ខូវ ឆាយ អគ្គលេខាធិការសមាគមរំពឹងថា សមាគមបាល់ទាត់របស់ខ្លួននឹងកាន់តែមានភាពរីកចំរើនកាន់តែខ្លាំង ក្រោយទទួលការជួយជ្រោមជ្រែងនេះ។



សមាគមន៍កីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទកាលពីថ្ងៃទី៦ ខែមីនា បានបង្កើតគណៈកម្មការថ្មីមួយមានឈ្មោះថា«គណៈកម្មការគ្រប់គ្រង់និងទ្រទ្រង់»។ គណៈកម្មការនេះមានតួនាទីដឹកនាំ គ្រប់គ្រង និងដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗ ដើម្បីធានាដល់ការអភិវឌ្ឍ និងរក្សាស្ថេរភាពរបស់សមាគម។ ការអភិវឌ្ឍធនធានគ្រូបង្វឹក និងកីឡាករ ដើម្បីឈានទៅប្រជែងដណ្តើមជើងឯកថ្នាក់ជាតិនិងអន្តរជាតិ ក៏ជាបន្ទុករបស់គណៈកម្មការនេះដែរ។

លោក ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលត្រូវបានអញ្ជើញឲ្យធ្វើជាអធិបតីក្នុងពិធីប្រកាសបង្កើតគណៈកម្មការគ្រប់គ្រងនិងទ្រទ្រង់ និងការចុះហត្ថលេខាភាពជាដៃគូរវាងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ជាមួយក្លិបកីឡាបាល់ទាត់ទ័ពបានលើកឡើងពីគោលបំណង និងអត្ថប្រយោជន៍របស់គណៈកម្មការដែលទើបបង្កើតថ្មី។

អតីតអភិបាលខេត្តសៀមរាបរូបនេះបង្ហាញពីគោលបំណងយ៉ាងដូច្នេះថា៖«ការបង្កើតគណៈកម្មការគ្រប់គ្រងនិងទ្រទ្រង់សមាគមកីឡាកងយោធពលខេមរភូមិន្ទ គឺដើម្បីធានានិរន្ដរភាពរបស់សមាគម តាមរយៈការពង្រឹងការអភិវឌ្ឍ និងបណ្ដុះបណ្ដាលធនធានកីឡាករល្អៗឲ្យបានច្រើន ដើម្បីប្រកួតប្រជែង ជាមួយបណ្ដាក្លិបផ្សេងៗក្នុងលីគ ក៏ដូចជាពានសម្ដេចតេជោ ហ៊ុន សែន»។

តាមរយៈលិខិតរបស់សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានសម្រេចតែងតាំងលោក សុប៉ាឆៃ វីរៈពូជុង អគ្គនាយកស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ជាប្រធានគណៈកម្មការគ្រប់គ្រងនិងទ្រទ្រង់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ នៅមុខថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ លោក សុប៉ាឆៃ បានបង្ហាញការតាំងចិត្ត និងប្តេជ្ញាខ្ពស់ក្នុងការរួមចំណែកអភិវឌ្ឍសមាគមកីឡាបាល់ទាត់របស់កងទ័ពមួយនេះ។

បុរសជនជាតិថៃរូបនេះប្តេជ្ញាថា លោកនឹងខិតខំប្រឹងប្រែងជួយអភិវឌ្ឍន៍សមាគមកីឡាបាល់ទាត់កងទ័ពឲ្យកាន់តែមានភាពរីកចំរើនក្នុងន័យមិនត្រឹមតែប្រកួតប្រជែងក្នុងថ្នាក់ជាតិប៉ុណ្ណោះទេ តែក្នុងថ្នាក់អន្តរជាតិ។ ទន្ទឹមនឹងការប្តេជ្ញា លោក ក៏បានប្រកាសផ្តល់ថវិកា៣០ម៉ឺនដុល្លារក្នុង១ឆ្នាំរយៈពេល១០ឆ្នាំ ដើម្បីទ្រទ្រង់ដល់ដំណើររបស់សមាគមនេះផងដែរ។

លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទមានជំនឿថា តាមរយៈការជួយជ្រោមជ្រែងពីលោក សុប៉ាឆៃ វីរៈពូជុង នឹងជួយសមាគមកីឡាបាល់ទាត់របស់លោកកាន់តែមានភាពរីកចម្រើនថែមទៀត។ លើសពីនេះ លោក រំពឹងថា សមាគមនេះនឹងអាចឈានទៅប្រកួតប្រជែងលើឆាកអន្តរជាតិក្នុងពេលឆាប់ៗខាងមុខនេះ។

បើតាមលោក ខូវ ឆាយ ថវិកាដែលជាជំនួយរបស់លោក សុប៉ាឆៃ សមាគមលោក នឹងយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍធនធានកីឡាករ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ជាពិសេសកីឡដ្ឋានស្តាតចាស់ ដែលគ្រោងផ្លាស់ប្តូរស្មៅទាំងស្រុង និងបំពាក់គ្រឿងបរិក្ខាមួយចំនួន ដែលបម្រើការប្រកួតនិងសម្រាប់អ្នកគាំទ្រ។ តែយ៉ាងណាលោក ខូវ ឆាយ អះអាងថា ទោះថវិកានេះជាចំណែកមួយដ៏ធំក៏ដោយ តែវាមិនទាន់អាចឆ្លើយតបនឹងការចំណាយរបស់ក្លិបនោះទេ។ ក្នុងមួយឆ្នាំៗសមាគមរបស់លោក អាចចំណាយថវិកាលើសពី៥០ម៉ឺនដុល្លារ៕

Tag:
 សុប៉ាឆៃ វីរៈពូជុង
  សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ
© រក្សាសិទ្ធិដោយ thmeythmey.com