ជាតិ
សង្គមជាតិ
អភិបាលខេត្ត ត្រៀម​រៀបចំ​រចនាសម្ព័ន្ធ​នានា និង​បើក​យុទ្ធនា​សម្អាត​ស្ទឹង​សៀមរាប ដើម្បី​ទាក់ទាញ​ទេសចរ​
10, Mar 2020 , 7:19 pm        
រូបភាព
រូប លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​ ដែល​កំពុង​តែធ្វើកិច្ច​ប្រជុំជាមួយនឹងមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក និងវិស័យឯកជនទាក់ទងនឹង​ការទប់ស្កាត់ជំងឺកូវីដ-១៩ និងរក​ដំណោះស្រាយ​ជុំវិញ​ការធ្លាក់ចុះនៃ​ភ្ញៀវទេសចរនៅ​ខេត្ត​សៀមរាប​
រូប លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​ ដែល​កំពុង​តែធ្វើកិច្ច​ប្រជុំជាមួយនឹងមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក និងវិស័យឯកជនទាក់ទងនឹង​ការទប់ស្កាត់ជំងឺកូវីដ-១៩ និងរក​ដំណោះស្រាយ​ជុំវិញ​ការធ្លាក់ចុះនៃ​ភ្ញៀវទេសចរនៅ​ខេត្ត​សៀមរាប​
ដោយ:
​ភ្នំពេញ​៖ នៅ​ឆ្នាំ​២០១៩ ខេត្តសៀមរាប បាន​ថមថយ​ភ្ញៀវទេសចរ​ម្តង​រួចមកហើយ ដែល​បានធ្វើ​ឲ្យ​អ្នករកស៊ី ម​គ្គុ​ទេ​សគ៍​ទេសចរ ភោជនីយដ្ឋាន ផ្ទះសំណាក់ អ្នករត់​តាក់ស៊ី ម៉ូតូ​កង់​បី​ខ្លះ ត្រូវ​ខាតបង់ និង​គ្មាន​ប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។ ទន្ទឹមនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​រាលដាល​ដល់​ខេត្តសៀមរាប​លើ​បុរស​ជនជាតិខ្មែរ​វ័យ​៣៨​ឆ្នាំ​ម្នាក់ កាលពី​ថ្ងៃទី​៧ ខែមីនា គឺ​រឹតតែ​ឲ្យ​ខេត្ត​នេះ ធ្លាក់ចុះ​ភ្ញៀវទេសចរ​ជាង​មុន​ទៅទៀត​។ 

 
​ដើមឡើយ ដើម្បី​ស្រោចស្រង់​ភ្ញៀវទេសចរ​ទៅ​ទស្សនា និង​កម្សាន្ត​លេង​នៅ​ខេត្តសៀមរាប​ឲ្យ​កាន់តែច្រើន​ឡើងវិញ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​សហការ​ជាមួយនឹង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំខេត្ត​សៀមរាប គ្រោង​នឹង​រៀបចំ​ព្រឹ​ត្ត​ការណ៍​សៀមរាប​ស​ង្ក្រា​ន​តាម​ការណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ​។ ប៉ុន្តែ​ក្រោយពី​មាន​ករណី​អ្នក​ផ្ទុក​កូ​វីដ​-១៩ លើ​បុរស​ខ្មែរ​ម្នា​ក់នៅ​សៀមរាប​មក  ព្រឹត្តិការណ៍​សៀមរាប​ស​ង្ក្រា​ន​នេះ ត្រូវបាន​លុបចោល​វិញ ហើយ​រដ្ឋាភិបាល ព្រមទាំង​បិទ​សាលា​រដ្ឋ និង​ឯកជន ចាប់ពី​ថ្នាក់​មតេយ្យ ដល់​ថា្នក់​ឧ​ត្ត​ម​សិក្សា​សរុប​១១០​សាលា​ក្នុង​ទី​រួម​ខេត្ត ដើម្បី​ការពារ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ 
 
​ក្រោយ​មួយថ្ងៃ​នៃ​ការ​ប្រកាសថា​មាន​ជំងឺ​កូ​វីដ​-១៩ ឆ្លង​ដល់​បុរស​ជនជាតិខ្មែរ លោក ទៀ សីហា បាន​បើក​ការប្រជុំ​មួយ​ដើម្បី​ណែនាំ​ឲ្យ​ពលរដ្ឋ​កុំ​ឲ្យ​មាន​ភាពភ័យខ្លាច ដោយ​រួមគ្នា​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ជានិច្ច​។ កិច្ចប្រជុំ​នេះ ក៏មាន​គោលបំណង​រក​ដំណោះស្រាយ​ដល់​បណ្តា​ក្រុមហ៊ុន សហគ្រាស និង និយោជិត ដែល​ប្រឈម​នឹង​ខាតបង់ និង​បាត់បង់​ការងារ​ផងដែរ​។ 
 
​បន្ទាប់ពី​កិច្ចប្រជុំ​ចប់ លោក ទៀ សីហា បានផ្តល់​កិច្ច​សម្ភាស​ឲ្យ​អ្នកសារព័ត៌មាន ដោយ​លោក​បញ្ជាក់ថា ដ្បិត​លុបចោល​នូវ​ព្រឹត្តិការ​ណ៍ស​ង្ក្រា​ន​ពិតមែន តែ​លោក​ក៏​គ្រោង​រៀបចំ​ព្រឹ​ត្ត​ការណ៍​ផ្សេងៗ ដូចជា បន្ត​បើក​យុទ្ធនាការ​សៀមរាប​ផ្ទះ​ខ្ញុំ ដោយ​សហការ​ជាមួយនឹង​អាជ្ញាធរ យុវជន មន្ត្រី និង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រៀបចំ​សម្អាត​សាលារៀន ទីប្រជុំជន​មួយចំនួន និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ​។ ជាពិសេស​ត្រៀម​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ស្តារ និង សម្អាត​ស្ទឹង​សៀមរាប និង​ជំរុញ​ឲ្យ​មាន​អត្តសញ្ញាណ​ម្ហូបអាហារ​ក្នុងស្រុក ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។ ម្យ៉ាងទៀត នឹង​រក​ដំណោះស្រាយ​ជូន​អាជីវករ ម្ចាស់​សហគ្រាស​ផ្សេងៗ​ផងដែរ​។​
 
​លោក ទៀ សីហា ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​៩ ខែមីនា ដូច្នេះ​ថា​៖«​យើង​បាន​ជួប​ជាមួយនឹង​ប្រតិករ ម្ចាស់​សហគ្រាស​មួយចំនួន​រួចមកហើយ​។ យើង​បាន​ស្វែងយល់​ពី​ផល​លំបាក​របស់​ពួកគាត់ ជាពិសេស​ចំណូល​ពី​វិស័យ​ទេសចរណ៍ គឺមាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង​។ ឥឡូវនេះ​យើង​កំពុងតែ​ធ្វើយ៉ាងណា​ឲ្យ​គាត់​មាន​ចំណូល​ខ្លះ និង​សហការ​ឲ្យ​រដ្ឋបាលខេត្ត  វិស័យ​ឯកជន និង​ម្ចាស់​ធនាគារ ដើម្បី​ពន្យារ​ការបង់ពន្ធ​សម្រាប់​ពួកគេ​។ ខ្ញុំ​គិតថា​ក្នុងពេល​ឆាប់ៗ​នេះ យើង​នឹងមាន​ដំណោះស្រាយ​ជូន​គាត់​»​។ 
 
​អភិបាលខេត្ត យល់ថា នៅតែមាន​ពលរដ្ឋ​ខ្លះ ប្រឈម​នឹង​ការខ្វះខាត​ថវិកា​សម្រាប់​បង់ថ្លៃ​ទឹក និង​បង់ថ្លៃ​ភ្លើង​។ លោក បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​កំពុងតែ​សិក្សា ព្រោះ​ប្រព័ន្ធ​ទាំងអស់នេះ ត្រូវការ​យន្តការ​ច្បាស់​លាស់ ព្រោះ​អាច​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​។ ឥឡូវនេះ​យើង​កំពុងតែ​សិក្សា​ជាមួយ​អ្នកជំនាញ ទាំង​ថ្នាក់ជាតិ​ហើយ​»​។ 
 
​បើតាម​លោក ទៀ សីហា សម្រាប់​អ្នក​ដែល​លក់ដូរ​សម្ភារ ចំណីអាហារ អ្នករត់​កង់​បី និង​ម្ចាស់​សណ្ឋាគារ​នានា នៅ​ខេត្តសៀមរាប ពុំមែន​សុទ្ធតែ​ប្រឈម​នឹង​បាត់បង់​ចំណូល​ទាំងអស់​នោះទេ តែ​ក៏មាន​អ្នក​ដែល​អាច​រក​ចំ​ណួ​ល​បាន​ពី​ភ្ញៀវទេសចរ​ដែល​មកពី​ប្រទេស​អ៊ឺរ៉ុប និង​អាមេរិក​ខ្លះ​ផងដែរ​។ លោក ថ្លែង​ដូច្នេះ​ថា​៖«​មិនមែន​បាត់​សូន្យ​តែម្តង​ទេ គឺមាន​ភ្ញៀវ​ខ្លះ គ្រាន់តែ​តិចជាង​មុន​។ ខ្ញុំ​ស​ង្ឈឹ​ម​ថា​ក្នុងពេល​ឆាប់ៗ​នេះ ទាំង​ពលរដ្ឋ និង​អ្នក​ផ្សព្វផ្សាយ ត្រូវតែ​ចេះ​ជួយ​គ្នា​ផ្សព្វផ្សាយ​នូវ​អ្វីដែល​ពិត​ក្នុង​ខេត្តសៀមរាប​»​។    
 
​ជាមួយគ្នានេះដែរ អភិបាលខេត្ត​រូបនេះ ក៏​បន្ត​កិច្ចសហការ​ជាមួយនឹង​ក្រសួងសុខាភិបាល ដើម្បី​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។ លោក និយាយថា​៖«​ខ្ញុំ​គិតថា​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​រួមគ្នា​សម្អាត​។ ខ្ញុំ​ស​ង្ឈឹ​ម​ថា នៅ​រយៈពេល​ដ៏​ខ្លី និង​មាន​ភ្ញៀវ​ជាតិ អន្តរជាតិ នឹង​ត្រឡប់មក​ខេត្តសៀមរាប​របស់​យើង​វិញ​»៕

Tag:
 សៀមរាប​ស​ង្ក្រា​ន​
 ​កូ​វីដ​-១៩
 ​ភ្ញៀវទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com