COVID-19
អន្តរជាតិ
COVID-19៖ បារាំង អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ ឆ្លង​ជាង​១០០០​ករណី​រៀងៗ​ខ្លួន​
10, Mar 2020 , 10:19 pm        
រូបភាព
​បារាំង អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ បាន​រកឃើញ​ករណី​COVID-19 ជា​បន្តបន្ទាប់​ដែល​ធ្វើ​ឲ្យ​តួលេខ​ឆ្លង​របស់​ប្រទេស​ទាំង​៣ ឡើង​យ៉ាងគំហុក​។ ក្នុងចំណោម​ប្រទេស​ទាំង​៣​នេះ បារាំង​មាន​តួលេខ​COVID-19 ច្រើនជាងគេ ពោល​គឺមាន​ចំនួន​លើសពី​១៤០០​ករណី បន្ទាប់មក​អេ​ស្ប៉ា​ញ​មាន​ជាង ១២០០​ករណី និង​អាល្លឺម៉ង់​មាន​ជាង ១២០០​ករណី​ដូចគ្នា​។

 
​បន្ទាប់ពី​អ៊ីតាលី បារាំង បាន​រកឃើញ​COVID-19 ច្រើនជាងគេ​នៅ​ទ្វីបអឺរ៉ុប​។ នា​ថ្ងៃទី​៩ ខែមីនា បារាំង​បាន​រកឃើញ ២០៣​ករណី និង​ស្លាប់ ១១​ករណី​ឯណោះ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​បារាំង​រកឃើញ​ករណី​COVID-19 សរុប​ចំនួន ១៤១២​ករណី​។ ក្នុង​ចំនួន​ជាង​១​ពាន់​នេះ មាន​អ្នកស្លាប់ ៣០​ករណី និង​អ្នកជា​សះស្បើយ ១២​ករណី​។ 
 
​បន្ទាប់ពី​បារាំង COVID-19 នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ក៏បាន​កើន​តួលេខ​យ៉ាងគំហុក​ផងដែរ​។ បើ​ធៀប​ទៅនឹង​បារាំង​ក្នុង​ថ្ងៃទី​៩ ខែមីនា​ដដែល អេ​ស្ប៉ា​ញ​បាន​កើនឡើង​ករណី​COVID-19 យ៉ាងគំហុក និង​ច្រើនជាង​បារាំង​ពីរដង​។ បើតាម​សារព័ត៌មាន BNO Tracking Coronavirus អេ​ស្ប៉ា​ញ បាន​រកឃើញ​រហូតដល់​ទៅ ៥៥៨​ករណី និង​ស្លាប់​១៣ ឯណោះ​។ សរុប​រួម អេ​ស្ប៉ា​ញ​បាន​រកឃើញ ១២៣៥​ករណី ស្លាប់ ៣១​ករណី និង​ជាសះស្បើយ​៣២​ករណី​។ 
 
​ក្រៅពី​បារាំង និង​អេ​ស្ប៉ា​ញ នៅ​អាល្លឺម៉ង់​ឯណោះ​វិញ ក៏​កំពុង​កើនឡើង​អ្នក​ឆ្លង​ផងដែរ​។ ក្នុង​ថ្ងៃ​ដដែល អាល្លឺម៉ង់ បាន​រកឃើញ​ករណី​COVID-19 ថ្មី​រហូតដល់ ១៨៤​ករណី និង​ស្លាប់ ២​ករណី​។ ការណ៍​នេះ បានធ្វើ​ឲ្យ​អាល្លឺម៉ង់​មាន​ករណី​COVID-19​សរុប ១២២៤​ករណី ស្លាប់ ២​ករណី និង​ជាសះស្បើយ ១៨​ករណី​។ 
 
​មួយរយៈ​ចុងក្រោយ​នេះ តំបន់​អឺរ៉ុប បាន​រង​ការវាយប្រហារ​ពី​សំណាក់​COVID-19 យ៉ាងខ្លាំង ជាពិសេស​អ៊ីតាលី​។ ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង នាយករដ្ឋមន្ត្រី​អ៊ីតាលី បាន​រឹតត្បិត​ការធ្វើដំណើរ​នៅ​ទូទាំងប្រទេស លុបចោល​ព្រឹត្តិការណ៍​កីឡា និង​ការជួបជុំ​ទាំងអស់​នៅក្នុង​ប្រទេស​ទាំងមូល​៕   

Tag:
 ​បារាំង​
  អាល្លឺម៉ង់​
  អេ​ស្ប៉ា​ញ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com