ជាតិ
ក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការផ្លូវច្បាប់ បើរកឃើញអាជីវករណា ដំឡើងថ្លៃទំនិញហួសហេតុ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម (រូបពីក្រសួងពាណិជ្ជកម្ម)
× ភ្នំពេញ៖ ក្រោយមានករណីឆ្លងជំងឺកូវីដ (COVID-19) លើបុរសខ្មែរម្នាក់ នៅខេត្តសៀមរាប ប្រជាជនខ្មែរមួយចំនួន នាំគ្នាទិញទំនិញ យកទៅស្កុកទុក ដែលធ្វើឲ្យអាជីវករខ្លះ ឆ្លៀតឱកាសដំឡើងថ្លៃទំនិញ ដោយរួមទាំងម៉ាស់ និងទឹកសម្អាតដៃផងដែរ។ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីអំពាវនាវឲ្យអាជីវករ និងម្ចាស់ហាងលក់ទំនិញទាំងអស់ ឲ្យលក់ទំនិញទៅតាមតម្លៃធម្មតា។
តាមរយៈសេចក្ដីអំពាវនាវ ក្រសួងពាណិជ្ជកម្ម បានសរសើរ ក៏ដូចជាលើកទឹកចិត្តដល់អាជីវករ ម្ចាស់ហាងទំនិញ ដែលមិនដំឡើងថ្លៃទំនិញ។ ទន្ទឹមនេះ ក្រសួង អះអាងថា បរិមាណអង្ករ និងស្រូវ អាចធានាដល់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេសទៀតផង។ ក្រសួង បានស្នើឲ្យប្រជាពលរដ្ឋ រក្សាភាពនឹងន និងមិនត្រូវជ្រួលច្របល់ឡើយ ហើយម្ចាស់ទំនិញទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គី កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញ។
សេចក្តីអំពាវនាវ ដែលចេញនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានសរសេរថា ក្រសួងពាណិជ្ជកម្ម កំពុងសហការជាមួយបណ្ដាស្ថាប័ននានា ក្នុងការចាត់វិធានការ ដើម្បីសម្របសម្រួលលើការផ្គត់ផ្គង់គ្រឿងឧបភោគនិងបរិភោគចាំបាច់ ក្នុងការបម្រើជីវភាពប្រជាជនផងដែរ។ សេចក្តីអំពាវនាវនោះ បានបញ្ជាក់ថា៖«ក្រសួងពាណិជ្ជកម្ម នឹងចាត់មន្ត្រីជំនាញ ឲ្យសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវនិងត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ព្រមទាំងដាក់ចេញនូវវិធានការផ្លូវច្បាប់ ក្នុងករណីរកឃើញជនខិលខូច ដែលឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃ កេងចំណេញជ្រុលហួសហេតុ»។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា កន្លងមក មន្ត្រីជំនាញ ធ្លាប់បានចុះណែនាំលើការដំឡើងថ្លៃទំនិញ ពិសេសខេត្តសៀមរាប។ លោក លើកឡើងថា បើពលរដ្ឋបានជួបបញ្ហាដំឡើងថ្លៃទំនិញ អាចទាក់ទងទៅខាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីណែនាំ ក៏ដូចជាចាត់វិធានការទៅតាមច្បាប់ផងដែរ៕
Tag:
ក្រសួងពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com