មន្ត្រីជំនាញសុខាភិបាល៖ សៀមរាបមិនទាន់មានករណីឆ្លង COVID-19 ក្នុងសហគមន៍ឡើយ
COVID-19
ជាតិ
មន្ត្រីជំនាញសុខាភិបាល៖ សៀមរាបមិនទាន់មានករណីឆ្លង COVID-19 ក្នុងសហគមន៍ឡើយ
11, Mar 2020 , 6:12 pm        
រូបភាព
អ្នកស្រី ឱន វណ្ណឌីន អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល  ក្នុងកម្មវិធីសារព័ត៌មានដែលនិយាយអំពីCOVID-19 និងព័ត៌មានក្លែងក្លាយ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០
អ្នកស្រី ឱន វណ្ណឌីន អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល ក្នុងកម្មវិធីសារព័ត៌មានដែលនិយាយអំពីCOVID-19 និងព័ត៌មានក្លែងក្លាយ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១១ ខែមីនា  ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងមេរោគ COVID-19 ចំនួន៣ករណី។ ក្នុងចំណោមទាំង៣ករណីនេះ មាន១ករណីបានកើតឡើងលើបុរសជនជាតិខ្មែរវ័យ៣៨ឆ្នាំម្នាក់នៅក្នុងខេត្តសៀមរាប ប៉ុន្តែករណីឆ្លងមេរោគCOVID-19នេះ មិនទាន់មានឆ្លងដល់ពលរដ្ឋណាម្នាក់នៅក្នុងសហគមន៍ណាមួយឡើយ។ នេះជាការអះអាងរបស់អ្នកស្រី ឱ វណ្ណឌីន ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល ក្នុងកម្មវិធីសារព័ត៌មានដែលនិយាយអំពីCOVID-19 និងព័ត៌មានក្លែងក្លាយ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១១មីនា ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា។



អត្ថបទទាក់ទង
 

អ្នកស្រី ឱ វណ្ណឌីន បានលើកឡើងថា ក្នុងចំណោម៣ករណីដែលកម្ពុជាប្រកាសរកឃើញមេរោគCOVID-19 មាន២ករណីដែលអ្នកជំងឺនាំមេរោគCOVID-19 ពីបណ្តាប្រទេសនានាដែលខ្លួនបានធ្វើដំណើរឆ្លងកាត់ចូលមកកម្ពុជា។ រីឯករណី១ទៀត ដែលរកឃើញCOVID-19លើពលរដ្ឋខ្មែរវ័យ៣៨ឆ្នាំនោះ គឺជាការឆ្លងពីជនជាតិជប៉ុនម្នាក់ដែលបានធ្វើដំណើរឆ្លងកាត់ប្រទេសនានា ហើយចូលមកបំពេញការងាររបស់ខ្លួននៅខេត្តសៀមរាប។ បច្ចុប្បន្នជនជាតិខ្មែរដែលមានផ្ទុកមេរោគ COVID-19 ត្រូវបានក្រុមគ្រូពេទ្យ រក្សាទុកនៅកន្លែងដាច់ដោយឡែកមួយនៅខេត្តសៀមរាប ដើម្បីកុំឱ្យឆ្លងដល់អ្នកដទៃ និងដើម្បីតាមដាន-ព្យាបាលនូវជំងឺរលាកសួតប្រភេទថ្មីដែលបង្កឡើងដោយមេរោគ COVID-19នេះ។

អ្នកមានប្រសាន៍ថា៖«នៅខេត្តសៀមរាបនេះ មិនទាន់មានករណីឆ្លង (មេរោគCOVID-19) នៅក្នុងសហគមន៍នៅឡើយទេ។ មានន័យថា មិនទាន់មានការចម្លង (មេរោគCOVID-19) ពីបុរសជនជាតិខ្មែរនេះ ចូលទៅចម្លងក្នុងសហគមន៍នៅឡើយទេ»។

អ្នកស្រីបន្តថា៖«យើង មើលសូម្បីតែប្រពន្ធ បងថ្លៃ-ប្អូនថ្លៃ និងប្អូនគាត់ អត់មានឆ្លងមេរោគ COVID-19 ហ្នឹងផង។ យើងបានធ្វើតេស្តអ្នកទាំងនោះរួចហើយ គឺអវិជ្ជាមាន។ ដោយឡែក អ្នកទាំងបីនាក់ទៀត ដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុនដែលកើតCOVID-19 ក្រៅពីបុរសខ្មែរម្នាក់ហ្នឹង យើងក៏ធ្វើតេស្តរួចហើយ លទ្ធផលចេញមកក៏អវិជ្ជមាន ហើយយើងនឹងបន្តធ្វើតេស្តបន្តៗទៀតនៃអ្នកទាំងនោះ»។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានពន្យល់ថា ការឆ្លងមេរោគ COVID-19 ក្នុងសហគមន៍ គឺជាការឆ្លងមេរោគពីបុរសខ្មែរមាន COVID-19 (ក្រុមខ) ដែលឆ្លងពីជនជាតិជប៉ុន (ក្រុមក) ហើយបុរសជនជាតិខ្មែរនោះ បានចម្លងមេរោគដល់ក្រុមគ្រួសារ (ក្រុមគ)  ហើយក្រុមគ្រួសារនោះ បានបន្តឆ្លងដល់មិត្តភក្តិនានាដែលរស់នៅក្នុងសហគមន៍ជាមួយ។ ការឆ្លងមេរោគបែបនេះ បានគេហៅថាការឆ្លងមេរោគក្នុងសហគមន៍។ បច្ចុប្បន្ននេះ នៅសៀមរាបមិនទាន់ការឆ្លងបែបនេះនៅឡើយ។

សូមរម្លឹកថា ករណីដំបូងនៃមេរោគ COVID-19 នៅកម្ពុជា ត្រូវបានរកឃើញកាលពីថ្ងៃទី២៧ ខែមករា លើទេសចរចិនវ័យ៦០ឆ្នាំម្នាក់មកពីក្រុងវូហាន ខេត្តហ៊ូប៉ី ដែលបានទៅដល់ខេត្តព្រះសីហនុ ជាមួយក្រុមគ្រួសារកាលពីថ្ងៃទី២៣ ខែមករា។ ប៉ុន្តែនៅថ្ងៃទី១០ ខែកុម្ភៈ អ្នកជំងឺនោះ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងត្រឡប់ទៅប្រទេសកំណើតវិញ ក្រោយត្រូវបានព្យាបាលឲ្យជាសះស្បើយ។ ដោយឡែកករណីទី២ ត្រូវបានរកឃើញនៅថ្ងៃទី៧មីនា លើបុរសជនជាតិខ្មែរវ័យ៣៨ឆ្នាំ រស់នៅខេត្តសៀមរាប និងករណីទី៣ កម្ពុជាទើបរកឃើញលើភ្ញៀវទេសចរស្ត្រីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំ នៅខេត្តកំពង់ចាម កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០៕ 

Tag:
 COVID-19
  ជំងឺរលាកសួត
  សហគមន៍
  ឱន វណ្ណឌីន
© រក្សាសិទ្ធិដោយ thmeythmey.com