ជាតិ
សម្ដេច ស ខេង ហាមពលរដ្ឋជួលដីនៅតាមព្រំដែន ដែលនាំឱ្យប៉ះពាល់ដល់បូរណភាពទឹកដី
× ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហាមពលរដ្ឋជួលដីនៅតាមព្រំដែនឱ្យវៀតណាម ដែលនាំឱ្យមានទំនាស់គ្នាឡើយ។ បម្រាមជាថ្មីរបស់សម្ដេច ស ខេង ធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១២ មីនានេះ។
«កុំឱ្យមានទម្លាប់ជួល(ដីស្រែ)ហ្នឹង កុំឱ្យសោះ! អាហ្នឹងចាត់ទុកអ្នកណា ឬប្រជាជនណា ដែលជួលហ្នឹង ខុសច្បាប់»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានបន្ថែមថា ការទប់ស្កាត់ការជួលដីនៅតាមព្រំដែននេះ គឺជាផ្នែកដ៏ធំមួយនៃការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
មូលហេតុដែលសម្ដេច ស ខេង ហាមពលរដ្ឋមិនឱ្យជួលដីនៅតាមព្រំដែន ក៏បញ្ចៀសការឈ្លានពាន ហើយបង្កើតជាទំនាស់ជាដើម។ ប្រមុខក្រសួងមហាផ្ទៃ បាននិយាយដូច្នេះថា៖«តាមរយៈ(ការជួលដី)ហ្នឹង (គេ)រំកិលធ្វើស្រែ ធ្វើភ្លឺតិចតួចៗ ធ្វើផ្ទះសម្បែងតិចតួចៗ យូរៗទៅរបស់អញ ហើយឈ្លោះគ្នាទៀត ។ អ៊ីចឹងហើយបានជាកុំឱ្យមានទម្លាប់ជួលហ្នឹង កុំឱ្យសោះ»។
សូមស្ដាប់សំឡេងសម្ដេច ស ខេង៖
សម្ដេច ស ខេង ក៏បញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់សកម្មភាពពលរដ្ឋជួលដីឱ្យវៀតណាមផងដែរ តាមរយៈការពន្យល់ពួកគេពីហានិភ័យនៅថ្ងៃអនាគត។
កាលពីថ្ងៃទី៥ តុលា ឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជា-វៀតណាម បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែម ដែលទទួលស្គាល់បង្គោលព្រំដែន ដែលភាគីទាំងពីរ បានបោះរួចរាល់ចំនួន ៨៤ភាគរយ។ ចំណែកសល់១៦ភាគរយទៀត ភាគីទាំងពីរបន្តពិភាក្សា និងដោះស្រាយបន្តទៀត។ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម ៕
Tag:
ស ខេង
ព្រំដែន
វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com