Chelsea បិទ​ទីតាំង​ហ្វឹកហាត់ ក្រោយ​កីឡាករ​ខ្លួន តេស្ត​វិជ្ជមាន COVID-19
COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea បិទ​ទីតាំង​ហ្វឹកហាត់ ក្រោយ​កីឡាករ​ខ្លួន តេស្ត​វិជ្ជមាន COVID-19
13, Mar 2020 , 10:33 am        
រូបភាព
Callum Hudson-Odoi ខ្សែប្រយុទ្ធ​វ័យក្មេង​របស់ Chelsea មាន​លទ្ធផល​តេស្ត​វិជ្ជមាន​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (COVID-19)​។ នេះ​បើតាម​ការប្រកាស​របស់​ក្លិប​តាមរយៈ​វេ​ប​សាយ​ផ្លូវការ​របស់ខ្លួន​។ សមាជិក​ក្រុម រួមទាំង​បុគ្គលិក​តោ​ខៀវ ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ Odoi ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ស្របតាម​គោលការណ៍​វេជ្ជសាស្ត្រ​។


 
Hudson-Odoi បានចេញ​រោគសញ្ញា​ស្រដៀង​នឹង​ជំងឺ​ផ្តាសាយ​កម្រិត​ស្រាល កាលពី​ថ្ងៃទី​៩ ខែមីនា ហើយ​មិនបាន​ទៅ​កន្លែង​ហ្វឹកហាត់​ចាប់តាំងពី​ពេល​នោះមក ដើម្បី​ជាការ​ប្រុងប្រយ័ត្ន​។ ការធ្វើ​តេស្ត​របស់​ខ្សែប្រយុទ្ធ​វ័យ​១៩​ឆ្នាំ ត្រូវបាន​រកឃើញថា​មាន COVID-19 នៅ​ថ្ងៃទី​១៣ ខែមីនា​នេះ ហើយ​បន្ត​ដាក់​ច​ត្តា​ឡី​ស័ក​ចាប់ពីពេលនេះ​ទៅ​។ Odoi មាន​ស្ថានភាព​សុខ​ភាពល្អ​ធម្មតា នឹង​រំពឹង​ត្រឡប់​ចូល​ហ្វឹកហាត់​វិញ​បាន​ឆាប់ៗ​នេះ​។​
 
​ការឆ្លង​របស់ Hudson-Odoi អាច​នឹង​ប៉ះពាល់​ដល់​សមាជិក​ក្រុម ព្រមទាំង​ក្រុម​គ្រូបង្វឹក និង​បុគ្គលិក​មួយចំនួន​ដែលមាន​ទំនាក់ទំនង​ជាមួយ​គេ​ផងដែរ​។ រហូតមកដល់​ពេលនេះ ទីតាំង​មជ្ឈមណ្ឌល​ហ្វឹកហាត់ និង​អគារ​របស់ Chelsea ត្រូវបាន​បិទទ្វារ​ហើយ លើកលែងតែ​កីឡដ្ឋាន Stamford Bridge ដែល​នៅ​ដំណើរការ​ធម្មតា​។​
 
«​យើង​នឹង​បន្ត​គោរព​តាម​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល និង​សុខភាព​សាធារណៈ​ទាក់ទង​ទីតាំង និង​បុគ្គលិក​របស់​យើង ហើយ​យើង​នឹង​ពិភាក្សា​អំពី​ជំហាន​បន្ទាប់​ទាក់ទង​នឹង​ការប្រកួត Premier League នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា​តើ​ត្រូវ​ពន្យារពេល ឬ​បន្ត​។ យើង​នឹង​ជូន​ព័ត៌មាន​បន្ថែមទៀត​ដែល​ចាំបាច់​តាមរយៈ​វេ​ប​សាយ​របស់​ក្លិប​»​។ នេះ​ជា​សំណេរ​ក្នុង​សេចក្តីប្រកាស​របស់​ក្លិប Chelsea​។​
 
​ក្រៅពី Hudson-Odoi អ្នកចាត់ការ​ទូទៅ​កាំភ្លើង​ធំ Arsenal លោក Mikel Arteta ក៏មាន​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​រ៉ូ​ណាវី​រុស​ដូចគ្នា​។ Arsenal និង Chelsea សុទ្ធ​តែមាន​មូលដ្ឋាន​នៅ​ក្រុង​ឡុង​ដ៍​ដូចគ្នា​។​
 
​ស្របពេល​គ្នា​នេះដែរ ក្របខណ្ឌ Premier League បាន​កោះហៅ​ក្លិប​ជា​សមាជិក​ទាំង​២០​ដើម្បី​ប្រជុំគ្នា ជុំវិញ​ករណី COVID-19 នេះ ថា​តើ​គួរ​ផ្អាក​ការប្រកួត ឬក៏​បន្ត​ធម្មតា នឹង​ដឹង​នៅ​ថ្ងៃទី​១៣ ខែមីនា​នេះហើយ​៕

Tag:
 COVID-19
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com